ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សិល្បករ​មួយ​រូប​ដែល​មាន​ឥទ្ធិពល​ក្នុង​រង្វង់​សិល្បៈ​កូរ៉េ​ក៏​ដូច​ជា​អាស៊ី​តែ​តារា​ចម្រៀង​ត្របក​ភ្នែក​មួយ​ជាន់ Rain មិន​ដែល​បំភ្លេច​ឡើយ​នូវ​ទុក្ខ​សោក​វេទនា​កាល​ពី​ក្មេង​របស់​ខ្លួន។

 

ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

Rain កាល​នៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ

 

នៅ​ប្រទេស​កូរ៉េ កេរ្តិ៍​ឈ្មោះ​របស់​តារា​ចម្រៀង Rain គឺ​គ្មាន​អ្នក​ណា​មិន​ស្គាល់​នោះ​ទេ។ រីឯ​លើ​វិថី​ស្នេហា​វិញ លោក​ក៏​ទទួល​ជោគជ័យ​មិន​ធម្មតា​ដែរ​នៅ​ពេល​មាន​មិត្ត​ស្រី​ជា​កំពូល​តារា​សម្ដែង Kim Tae Hee។ បើ​ទោះ​បី​ជា​ជោគជ័យ​យ៉ាង​ណា​ក៏​ដោយ តែ​ម្ចាស់​បទ “La Song” មិន​ដែល​បំភ្លេច​ទេ​នូវ​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​កាល​ពី​ក្មេង​របស់​ខ្លួន។

 

Rain ដែល​មាន​ឈ្មោះ​ពិត​ថា Jung Ji Hoon នោះ​ធ្លាប់​ចែក​រំលែក​ពី​ជីវភាព​កម្សត់កម្រ​របស់​គ្រួសារ​លោក។ ក្រោយ​ពេល​គ្រួសារ​​ក្ស័យធន​ព្រោះ​រក​ស៊ី​ឡុងចុង​រួច​មក ម្ដាយ​របស់ Rain ដឹង​ថា​ខ្លួន​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ដោយ​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ អ្នក​មាន​គុណ​របស់​តួ​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ក៏​បាន​ចែក​ឋាន​មិន​យូរ​ក្រោយ​មក។ ជីវិត​របស់ Rain ចាប់​ផ្ដើម​ដល់​ផ្លូវ​ទាល់​នៅ​ពេល​យុវជន​រូប​នេះ​ត្រូវ​ដើរ​រក​ការងារ​ធ្វើ​បណ្ដើរ​និង​រៀន​បណ្ដើរ​ដើម្បី​ចិញ្ចឹម​ជីវិត។

 

ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

Rain និង Kim Tae Hee

 

“នៅ​ពេល​នោះ សូម្បី​តែ​ទឹក​សុទ្ធ​ក៏​ខ្ញុំ​គ្មាន​ផឹក​ផង។ ខ្ញុំ​ត្រូវ​ផឹក​ទឹក​ដែល​បាន​ដាំ​ទុក​ចោល​សល់​ពី​ច្រើន​ថ្ងៃ​មុន។ តើ​មាន​អ្នក​យល់​អារម្មណ៍​ដែល​ផឹក​ទឹក​មាន​ខ្សាច់​នៅ​ក្នុង​នោះ​ដែរ​ទេ? ខ្ញុំ​ចាំ​អារម្មណ៍​នោះ​ច្បាស់​ណាស់”។ Rain នឹក​ឡើង​វិញ។ ដោយ​សារ​តែ​ស្រលាញ់​វិស័យ​ចម្រៀង Rain ចាប់​ផ្ដើម​សុំ​គេ​ចូល​រៀន​រាំ​និង​ច្រៀង​តាម​ក្លឹប​នានា។ “ខ្ញុំ​ស្នេហា​វិស័យ​ចម្រៀង ហើយ​ខ្ញុំ​គិត​ថា​នោះ​ក៏​ជា​វិធី​ដែល​អាច​ជួយ​ខ្ញុំ​រក​លុយ​ផង​ដែរ”។

 

គួរ​សោក​ស្ដាយ Rain មិន​ត្រូវ​បាន​ផលិតកម្ម​ណា​ទទួល​បណ្ដុះបណ្ដាល​ទាំង​អស់។ ក្រុមហ៊ុន​ជិត​២០​បាន​បដិសេធ​តារា​កើត​ឆ្នាំ ១៩៨២ ដោយ​លើក​មូលហេតុ​ថា៖ “ទម្រង់​មុខ​មិន​ត្រូវ​តាម​ស្តង់ដារ ត្របក​ភ្នែក​តែ​មួយ​ជាន់” បើ​ទោះ​បី​ជា​ពួក​គេ​ពេញ​ចិត្ត​នឹង​សមត្ថភាព​រាំ​របស់ Rain ក៏​ដោយ។

 

“នោះ​គឺ​ជា​ពេល​វេលា​ដែល​យ៉ាប់យ៉ឺន​បំផុត​នៅ​ពេល​គ្រួសារ​ខ្ញុំ​ត្រូវ​គេ​ស្អប់​ខ្ពើម​ហើយ​ខ្ញុំ​ត្រូវ​គេ​រើស​អើង​ព្រោះ​រូប​សម្បត្តិ។ ខ្ញុំ​ធ្លាប់​គិត​ចង់​ទៅ​វះកាត់​កែ​សម្ផស្ស​ដែរ​តែ​គ្មាន​លទ្ធភាព”។ Rain រៀបរាប់។ យ៉ាងណាក្ដី ភ័ព្វ​សំណាង​បាន​មក​ដល់​ជាមួយ Rain នៅ​ពេល​លោក​ចូល​ប្រលង​ក្នុង​កម្មវិធី​សាក​សំឡេង​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផលិតកម្ម JYP។ បន្ទាប់​មក លោក​ត្រូវ​បាន​តារា​ចម្រៀង Park Jin Young ចាប់​អារម្មណ៍។ “ខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​រាំ​ឲ្យ​តារា​ចម្រៀង​របស់​ផលិតកម្ម JYP។ នោះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ”។ ឆ្នាំ ២០០២ Rain បង្ហាញ​មុខ​ជា​លើក​ទី​១​ជាមួយ​អាល់ប៊ុម Bad Guy និង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស។ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា ផលិតកម្ម​ទាំង​ឡាយ​ដែល​បាន​បដិសេធ​លោក​កាល​ពី​មុន​គឺ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ដែល​ធ្វើ​ឲ្យ​របូត​ទេពកោសល្យ​មួយ​ដូច​នេះ៕

 

ខ្សែ​ជីវិត​ជូរចត់​និង​ត្រូវ​គេ​រើស​អើង​របស់ Rain កាល​ពី​ក្មេង

ចុចអាន៖Rain ​នឹង​មក​ច្រៀង​​​​កម្មវិធី​​ប្រកួត​បវរកញ្ញា​ឯក​វៀតណាម ​​នៅ​វគ្គ​ផ្ដាច់​ព្រាត់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing