នី រតនា និយាយ​ពី​ដំណើរ​ទៅ​បរទេស​ ដែល​មិន​ធ្លាប់​បាន​ប៉ង​សោះ​

នី រតនា តារា​ចម្រៀង​ក្នុង​​ ផលិតកម្ម​ហង្សមាស​ថ្លែង​​មក​កាន់ Sabay​ ថា​ រូប​លោក​ពិត​ជា​រំភើប​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង ​លើ​ទឹក​ដី​នៃ​ប្រទេសកូរ៉េ​លើក​ដំបូង​នេះ​ ព្រោះ​កន្លង​មក​មិន​ដែល​ស្រមៃ​ថា ​ខ្លួន​មាន​ឱកាស​ បាន​មក​សម្ដែង​នៅ​ក្រៅ​ប្រទេស​ឡើយ។

 

អតីត​ជយលាភី​កម្មវិធី​លំដាប់​ពិភព​លោក Cambodian Idol រដូវ​កាល​ទី​១​ បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ការ​ចេញ​ទៅ​សម្ដែង​ប្រទេស​កូរ៉េ​លើក​ដំបូង​នេះ ​រួម​ដំណើរ​ជាមួយ​តារា​ស្រី​ប្រុសរួម​ដំបូលមាន​អ្នក​នាង ពេជ្រ សោភា និង ងួន​ ចាន់​ដេវីត​ ដោយ​​អ្នក​ទាំង​អស់​គ្នា​ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​បង​ប្អូន​ខ្មែរ​នៅ​ទីនោះ។

 

នី រតនា និយាយ​ពី​ដំណើរ​ទៅ​បរទេស​ ដែល​មិន​ធ្លាប់​បាន​ប៉ង​សោះ​

 

 ពេជ្រ សោភា នី រតនា ដេវីត អំឡុង​ពេល​នៅ​កូរ៉េ

 

“បាទ​បង​…បងប្អូន​ខ្មែរ​នៅ​ទីនេះ ​ទទួល​​ស្វាគមន៍​សិល្បករ​ខ្មែរ​យើង​យ៉ាង​កក់ក្ដៅ​ ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”។ នី រតនា​ថ្លែង​តាម​ឆាត​មក​កាន់ Sabay។

 

តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ​ បង្ហើប​ថា​ ការ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​នេះ​​លោក​មាន​ ៦​បទ​ដើម្បី​ចែក​ជូន​បងប្អូន​ស្ដាប់​កម្សាន្ត។ ហើយ​ការ​សម្ដែង​នៅ​ក្រៅ​ប្រទេស​លើក​នេះ​ រតនា​ប្រាប់​ថា​មាន​ការ​ Sponser ពី​ ក្រុម​ហ៊ុន​ Theara Salon ក្នុង​នោះ​លោក​​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​ ១៣​ខាង​​មុខ​នេះ​ ក្រោយ​ចាក​ចេញ​ពី​មាតុ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​៩​កក្កដា៕​

 

អត្ថបទ៖ ថា ម៉ាលីដា