​អាការៈ​ញឹកញាប់ នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​ស្ត្រី​

​អាការៈ​ញឹកញាប់ នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​ស្ត្រី​


​អាការៈ​ញឹកញាប់ នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​ស្ត្រី​

​បើសិន​ជា​អ្នក​កំពុងតែ​មាន ការឈឺចាប់​ក្នុងពេល​នោម ឬ​ឈឺ​ជាប់​នៅ​ជុំវិញ​ទ្វារមាស​នោះ វា​គួរតែ​ដល់​ពេល​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ហើយ​។ យក​ល្អ គួរតែ​ទទួលយក​ការព្យាបាល ដើម្បី​កុំឲ្យ​មេរោគ​បង្ក​ជំងឺ​នោះ អាច​រាលដាល​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​។ អាការៈ​ញឹកញាប់​បំផុត ដែល​អាច​គិត​ថា ជា​ការបង្ក​រោគ​នៅ​ទ្វារមាស​ស្ត្រី មានដូចជា ៖

​រមាស់​
​ស្ត្រី​ភាគច្រើន​ប្រាប់ថា ពួកគេ​មាន​ការ​រមាស់​នៅ​តំបន់​ទ្វារមាស ដែល​ជា​សញ្ញា​ដំបូង នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​តែម្តង​។ ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​ការ​រមាស់​ខ្លាំង ហើយ​មិន​អាច​គេង​យប់​បាន ដោយសារតែ​ត្រូវ​អេះរមាស់​រហូត​។ ករណី​នេះ​ភាគច្រើន បង្កឡើង​ដោយ​ការបង្ក​រោគ​ផ្សិត​។

​ឈឺ​ពេល​នោម​
​ថ្វី​បើ​មនុស្ស​ភាគច្រើន​ជឿថា ការឈឺចាប់​ក្នុងពេល​នោម គឺជា​សញ្ញា​របស់​ការបង្ក​រោគ នៅ​ផ្លូវទឹក​ម៉ូត​ក៏ដោយ ក៏​ករណី​ខ្លះ វា​អាច​ជា​អាការៈ​នៃ​ការបង្ករោគ​នៅ​ទ្វា​រមាស​ដែរ​។ ដូច្នេះ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ល្អ​ជាង​គ្រូពេទ្យ​ធម្មតា​។

​ហូរ​ទឹករំអិល​តាម​ទ្វារមាស​
​មិន​ខ្វល់​ថា​ទឹករំអិល​នោះ​ពណ៌​អី  មាន​ក្លិន ឬ​អត់​ទេ វា​នៅតែ​ជា​អាការៈ របស់​ការបង្ក​រោគ​នៅ​ទ្វារមាស​ទាំងអស់​។ ពណ៌​របស់​ទឹករំអិល​ចេញពី​ទ្វារមាស អាច​ប្រែប្រួល​ដូចជា ពណ៌​ប្រេះ ស លឿង ឬ​បៃតង ឬ​អាច​ទៅ​ជា​ពណ៌​ស​ខាប់​ដែរ​។ ចំពោះ​បរិមាណ​របស់​វា​វិញ អាស្រ័យ​ទៅតាម​ដំណាក់កាល នៃ​វដ្ត​អ័រម៉ូន និង​អាច​បញ្ជាក់​អំពី ភាព​ធ្ងន់ធ្ងរ​នៃ​ការបង្ក​រោគ​ដែរ​។

​អារម្មណ៍​ក្រ​ហាៗ​នៅក្នុង​ទ្វារមាស​
​មែន​ហើយ វា​ក៏​អាច​ជា​សញ្ញា​ដ៏​ញឹកញាប់​មួយ នៃ​ការបង្ក​រោគ​នៅ​ទ្វារមាស​ដែរ ហើយ​ក៏​ងាយ​នឹង​បង្ក​ភាព​គ្មាន​ផា​សុកភាព ក្នុងពេល​រួម​ភេទ​ទៀត​។ យ៉ាងណាមិញ បើសិនជា​ការបង្ក​រោគ​រាលដាល ទៅ​តំបន់​អាង​ត្រគាក ឬ​ស្បូន​វិញ ការឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម និង​ទ្វារមាស នឹង​មាន​កាន់តែច្រើន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។