​តិច​និច​ថែរក្សា​សន្លាក់ ឲ្យ​កាន់តែ​រឹងមាំ​បែប​ធម្មជាតិ​

​តិច​និច​ថែរក្សា​សន្លាក់ ឲ្យ​កាន់តែ​រឹងមាំ​បែប​ធម្មជាតិ​


​តិច​និច​ថែរក្សា​សន្លាក់ ឲ្យ​កាន់តែ​រឹងមាំ​បែប​ធម្មជាតិ​

​មាន​បញ្ហា​មួយ​ដែល​កើតឡើង ចំពោះ​សន្លាក់​មនុស្ស ហើយ​ការសិក្សា​បាន​រក​ឃើញ​ដែរ​ថា ប្រជាជន​ប្រមាណ ៧០ លាន​អ្នក នឹង​អាច​រង​បញ្ហា​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ក្នុង​ឆ្នាំ ២០៣០​។ ដូច្នេះហើយ ការថែរក្សា​សន្លាក់ឲ្យ​កាន់តែ​រឹងមាំ គឺជា​រឿង​សំខាន់ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ទេ តែ​ក៏​បង្កើន​ភាព​បត់បែន​បាន​យ៉ាង​ល្អ​ផងដែរ​នៅពេល​អាយុ​កាន់តែច្រើន​។ កាលណា​សន្លាក់​រឹងមាំ មានន័យ​ថា ការ​ធ្វើ​ចលនា​របស់​អ្នក​កាន់តែ​ល្អ ដូចជា ការបត់បែន​ខ្លួន ការរត់ និង​ការលេង​ជាមួយ​ចៅ ក៏​ស្រួល​ដែរ​។

​តិច​និច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​សន្លាក់ តាម​បែប​ធម្មជាតិ មានដូចជា ៖
​បង្កើន​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​
​កាល់​ស្យូម មាន​ទំនាក់ទំនង​ផ្ទាល់ នឹង​ឆ្អឹង​ដ៏​រឹងមាំ និង​សុខភាព​ល្អ​។ ដូច្នេះ យក​ល្អ អ្នក​ត្រូវ​តែ​ទទួលបាន​ជីវជាតិ​មួយ​នេះ ១.០០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ រហូតដល់​អាយុ ៥១ ឆ្នាំ​។ ក្រោយមក អ្នកត្រូវការ​វា​ប្រហែល ១២០០​មី​លី​ក្រាម​ដើម្បី​រក្សា​លំនឹង​កំហាប់​ឆ្អឹង​នៅ​ពេល​អ្នក​កាន់តែ​ចាស់​។ ក្រៅ​ពី​ការ​ញ៉ាំ​ថ្នាំ​បំប៉ន អ្នក​នៅ​តែ​អាច​ទទួលបាន​ជាតិ​កាល់ស្យូម ពី​ប្រភព​ធម្មជាតិ​បានដែរ ដូចជា បន្លែ​ពណ៌​បៃតង ឬ​ផ្លែ​អាល​ម៉ុន​។

​ត្រី​សម្បូរ​ខ្លាញ់​
​ការ​ឈឺសន្លាក់ មិនមែន​កើតឡើង​ដោយ​ឯងៗ ពី​ការ​មាន​របួស​ឡើយ តែ​ក៏​ដោយសារ​តែ​ជាការ​រលាក​ក្នុង​សន្លាក់​ដែរ​។ ដូច្នេះ ដើម្បី​បំបាត់​ការឈឺចាប់ គឺ​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​។ វិធីសាស្ត្រ​ដ៏​ល្អ​មួយ ក្នុង​ការបង្ការ​ការ​រ​លា​ក គឺ​ប្រើ​ថ្នាំ​បំប៉ន​ខ្លាញ់​ត្រី ដើម្បី​បង្កើន​អាស៊ីត​ខ្លាញ់​ល្អៗ​ក្នុង​ខ្លួន​។ អ្នកត្រូវការ​ខ្លាញ់​ប្រភេទ​នេះ ១.២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​ដែល​លេបថ្នាំ​ខ្លាញ់ត្រី​រាល់ថ្ងៃ ឃើញថា​មិន​មាន​អា​ការៈឈឺ​សន្លាក់​អ្វី​ទៀតឡើយ នៅ​រយៈពេល ៤ ខែក្រោយ​។

​សម្រក​ទម្ងន់​
​តើ​អ្វី​ទៅ​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ជួយ​ពង្រឹង​ដល់​សុខភាព​សន្លាក់​អ្នក​? នោះ​គឺ​ការ​សម្រក​ទម្ងន់​។ សន្លាក់​អាច​នឹងរង​ការឈឺចាប់ ដោយសារ​តែ​ធាត់​ពេក ជាពិសេស​សន្លាក់​ជង្គង់ និង​កែងជើង​តែម្តង​។ នៅ​ពេល​អ្នក​សម្រក​ទម្ងន់ វា​នឹង​កាត់បន្ថយ​សម្ពាធ​នៅលើ​សន្លាក់ ហើយក៏​មិន​អាច​ប្រឈម​ខ្លាំង នឹង​ការ​ឈឺសន្លាក់​អ្វី​ទៀត​ផង​ដែរ​។

​ចាប់ផ្តើម​ហាត់ប្រាណ​
​គ្មាន​អ្វី​ជា​ដំណោះស្រាយ ក្នុង​ការពង្រឹង​សុខភាព​សន្លាក់ឲ្យ​បានល្អ ជាង​ការ​ហាត់ប្រាណ​ឡើយ​។ មែន​ហើយ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព គឺជា​រឿង​សំខាន់ ប៉ុន្តែ បើសិនជា​មិន​ហាត់ប្រាណ​ទេ ឆ្អឹង និង​សាច់ដុំ​នឹង​មិន​មាន​ភាពរឹងមាំ​ឡើយ​។ ទោះបីជា​អ្នក​ធ្លាប់​ឈឺសន្លាក់​ក៏ដោយ ក៏​ការ​ហាត់ប្រាណ អាច​ជួយ​បំពាត់​ការឈឺចាប់​បាន​ដែរ​៕

​ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។