​អត្ថប្រយោជន៍ នៃ​ការ​ញ៉ាំ​ទឹក​ការ៉ុត មួយ​កែវ​រាល់ថ្ងៃ​

​អត្ថប្រយោជន៍ នៃ​ការ​ញ៉ាំ​ទឹក​ការ៉ុត មួយ​កែវ​រាល់ថ្ងៃ​


​អត្ថប្រយោជន៍ នៃ​ការ​ញ៉ាំ​ទឹក​ការ៉ុត មួយ​កែវ​រាល់ថ្ងៃ​

​ការ៉ុត មិន​ត្រឹមតែ​ជា​បន្លែ សម្រាប់​ធ្វើ​ជា​ម្ហូប​ញ៉ាំ​ដ៏​ឆ្ងាញ់​ទេ តែ​វា​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់​ដែរ នៅពេល​កិន​ធ្វើ​ជា​ទឹក សម្រាប់​ទទួល​ទាន​។ ទឹក​ការ៉ុត មាន​ប្រយោជន៍​ជា​ពិសេស​ច្រើន​ណាស់ ចំពោះ​សុខភាព​មនុស្ស​យើង​។

​សម្បូរ​វីតាមីន A
​នរណា​ក៏​ធ្លាប់​ដឹង​ដែរ​ថា ការ៉ុត​សម្បូរ​ទៅ​ដោយ​វីតាមីន A​។ តាមពិត​វា​គ្រាន់តែ​ផ្ទុក​ទៅដោយ សារធាតុ​បំពាក់​ពណ៌​មួយ​ឈ្មោះថា Beta Carotene ដែល​អាច​បំ​លែង​ទៅ​ជា​វីតាមីន A ពេល​ចូល​ទៅក្នុង​ខ្លួន​យើង​។ វីតាមីន​នេះ​ល្អ​បំផុត សម្រាប់​សុខភាព​ភ្នែក​។

​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង សារព័ត៌មាន Nutrition and Cancer បានបង្ហាញ​ថា ការ​ញ៉ាំ​ទឹក​ការ៉ុត​រយៈពេល​បី​សប្តាហ៍ នឹង​បង្កើន​ចំនួន​ប្លា​ស្មា Carotenoids និង​កាត់បន្ថយ​សម្ពាធ​អុកស៊ីត​កម្ម​។ យ៉ាងណាមិញ វា​មិន​អាច​កាត់បន្ថយ សារធាតុ​បង្ក​ការ​រលាក​លើ​មនុស្ស​ស្រី ដែល​ធ្លាប់​ព្យាបាល​ជំងឺ​មហារីក​សុដន់​ពីមុនមក​នោះទេ​។

​បន្ថយ​ការ​ខូច DNA លើ​អ្នក​ជក់បារី​
​ការ៉ុត ជា​ប្រភព​នៃ​សារធាតុ Beta Carotene ដ៏​អស្ចារ្យ​មួយ ដែល​អាច​បង្ការ​ការខូចខាត DNA Lymphocytic លើ​អ្នក​ជក់បារី ជាពិសេស​តែ​ម្តង ដូច្នេះ វា​នឹង​ជួយ​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ​។

​ល្អ ចំពោះ​សុខភាព​បេះដូង​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ ក្នុង​សារព័ត៌មាន Nutrition Journal បានបង្ហាញ​ថា ការ​ញ៉ាំ​ទឹក​ការ៉ុត​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ​សម្ពាធ Systolic បាន​។

​ថែរក្សា​ភាពស្រស់ស្អាត​របស់​ស្បែក និង​សក់​
​ទឹក​ការ៉ុត សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ និង​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​កោសិកា ឲ្យ​លូតលាស់​ឡើងវិញ និង​ជួយ​រក្សា​ភាពស្រស់ស្អាត​របស់​សក់ និង​ស្បែក​បែប​ធម្មជាតិ​។

​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
​ទឹក​ការ៉ុត​មួយ​កែវ គឺ​មាន​កាឡូរី​ទាប ហើយ​ជាតិ​ផ្អែម​របស់​វា ក៏​សម្បូរ​ទៅ​ដោយ​ជីវជាតិ​សំខាន់ៗ​ផងដែរ​។ ដូច្នេះ វា​នឹង​ជួយ​ថែរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​បាន​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។