យុវជន​ពីររូប​ធ្វើ​រូបយន្ត​បញ្ជា​ដោយ​សញ្ញាណ​ចិត្ត​នៃ​ខួរក្បាល​របស់​មនុស្ស​ និពន្ធដោយ : អូន ឆេង​ប៉រ​ VOA       July-12-2016, 8:00 am         146

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន​ពីររូប​ធ្វើ​រូបយន្ត​បញ្ជា​ដោយ​សញ្ញាណ​ចិត្ត​នៃ​ខួរក្បាល​របស់​មនុស្ស​​ភ្នំពេញ​៖ យុវជន​ពីររូប​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក្នុង​ក្រុងភ្នំពេញ​បាន​ចំណាយពេល​ជាច្រើន​ខែ ច្នៃ​បង្កើត​នូវ​ឧបករណ៍ robot (​រូបយន្ត​)​ដ៏​តូច​ច្រលឹង​។ លក្ខណៈពិសេស​របស់ robot (​រូបយន្ត​)​នេះ​ស្ថិត​នៅត្រង់ថា វា​ទទួលបញ្ជា​ធ្វើ​ចលនា​ដោយ​ប្រើប្រាស់​រលក​សញ្ញាណ​ចិត្ត​នៃ​ខួរក្បាល​របស់​មនុស្ស​។​

​កាលពីដើមឆ្នាំ​២០១៦​នេះ ដើម្បី​ជាការ​ផលិត​គម្រោង​បច្ចេកវិទ្យា​ជា​កិច្ចការ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ខ្លួន​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី និង​ថាមពល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក​អ៊ឹម ដា​រ៉ូ និង​កញ្ញា​ជាតិ មរកត​បាន​ផ្ដួច​ផ្ដើមគំនិត​ចង់​ច្នៃប្រឌិត​ឧបករណ៍​ទំនើប​ណាមួយ​ដែលជា​ប្រយោជន៍​រួមចំណែក​ជួយ​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​។​

​ជា​លទ្ធផល គំនិត​មួយ​បាន​ផុស​ឡើង​រវាង​យុវ​សិស្ស​ទាំងពីរ​រូប​គឺ​ការបង្កើត robot (​រូបយន្ត​)​ដែល​បញ្ជា​ដោយ​ចិត្ត (Mind-controlled Robot) ដែល​អ្នក​ទាំងពីរ​រំពឹងថា​អាច​នឹង​វិ​វ​ឌ្ឍ​ទៅ​បំពាក់​លើ​ឧបករណ៍​ធំៗ ដូចជា​រទេះរុញ​របស់​ជនពិការ​ជាដើម​។​

​ក្រោយពី​បាន​ចំណាយពេល​បី​ខែ​ធ្វើការ​ស្រាវជ្រាវ​ផ្គុំ​ដំឡើង និង​សាកល្បង​អស់​ជាច្រើនលើក​ច្រើនសារ​មក​នោះ និស្សិត​ឆ្នាំ​ទី​៥​ទាំងពីរ​រូប​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ ដ៏​វ័យ​ចំណាស់​នៅ​កម្ពុ​ជាមួយនេះ ផលិត​បាន​ដោយ​ជោគជ័យ​នូវ​ឧបករណ៍​សម្រេច​របស់​ពួកគេ​។​

​ឧបករណ៍ robot (​រូបយន្ត​)​ដែលមាន​ពណ៌​ស្រស់​ឆើត រាង​តូច​ច្រឡឹង ដែល​បង្វិល​ចុះ​បង្វិល​ឡើងទៅ​តាម​ចលនា​ដោយ​កង់​ទាំង​បួន​នេះ មាន​ផ្ទុក​ទៅដោយ​ធាតុ​ល្អិត​ជាច្រើន និង​ស្មុគស្មាញ ដែល​ភ្ជាប់​កម្លាំងចលករ​បន្តបន្ទាប់​គ្នា​។ ឧបករណ៍​នេះ​គឺជា​សមិទ្ធផល​របស់​យុវ​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកទេស​ទាំងពីរ​រូប​ខាងលើ​។​

​ដោយ​មិនចាំបាច់​ត្រូវការ​តេ​ឡេ​បញ្ជា (​ឧបករណ៍​ទូរបញ្ជា​ដោយ​ដៃ​) អ្នកប្រើប្រាស់​គ្រាន់តែ​ត្រូវការ​ឧបករណ៍​បំពាក់​នឹង​ក្បាល ជា​ឧបករណ៍​ដែល​ចាំ​ទទួល​រលក​ហ្វ្រេ​កង់​នៃ​សញ្ញាណ​ពី​ខួរក្បាល និង​ការគិត​របស់​អ្នកប្រើប្រាស់​បញ្ជា​ទៅ robot (​រូបយន្ត​)​ដ៏​វ័យឆ្លាត​នេះ ឲ្យ​ដំណើរការ ប្ដូរ​ចលនា ទៅ​ឆ្វេង ទៅ​ស្ដាំ ឬ​ទៅមុខ ទៅក្រោយ​តាមតែ​ចិត្ត​គេច​ង់​។​

​បន្ទាប់ពី​បានធ្វើការ​សាកល្បង​បង្ហាញ​ពី​របៀប​ដែល robot (​រូបយន្ត​)​ដំណើរការ ក្នុង​សប្ដាហ៍​នេះ​ក្នុង​បរិវេណ​វិទ្យាស្ថាន​របស់​ពួកគេ យុវ​និស្សិត​ទាំងពីរ​រូប​បាន​អង្គុយ​និយាយ​រៀបរាប់​ពី​ដំណើរការ​នៃ​ការស្រាវជ្រាវ​បង្កើត​ថ្មី​នៃ​ឧបករណ៍​ដ៏​វៃឆ្លាត​មួយ​នេះ​។​

​កញ្ញា​ជាតិ មរកត ដែល​បាន​សិក្សា​យ៉ាង​លម្អិត​ទៅលើ​សញ្ញាណ​នៃ​ការបញ្ជូន​រលក​បញ្ជា​ពី​ខួរក្បាល​មនុស្ស និង​ដែលជា​ផ្នែក​មួយ​សំខាន់​នៃ​ឧបករណ៍ robot (​រូបយន្ត​)​នេះ បាន​និយាយថា ការច្នៃ​បង្កើត​ថ្មី​នៃ robot (​រូបយន្ត​)​បញ្ជា​ដោយ​ចិត្ត​នេះ អាច​នឹង​ផ្ដល់​ភាព​កាន់តែ​ប្រសើរ​ឡើងដល់​ជនពិការ ធ្វើដំណើរ​ផ្លាស់​ទី​កាន់​តែមាន​ភាពងាយស្រួល​។​

«​ពួក​ខ្ញុំ​មានគំនិត​ថា មុននឹង​បញ្ចប់​ការសិក្សា គេ​គួរតែមាន​អ្វីដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ក្នុងសង្គម​បាន ម្ល៉ោះហើយ​ទើប​ខ្ញុំ​ទាំងពីរ​នាក់​បាន​មានគំនិត​ធ្វើជា​រទេះរុញ​ដែល​អាចឱ្យ​ជនពិការ​ធ្វើដំណើរ​បាន​ដោយ​ខ្លួនឯងបាន​»​។​

​យុវតី​វ័យ​២២​ឆ្នាំ ដែលមាន​កំណើត​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បន្ថែមថា ការសាកល្បង​ដោយ​ជោគជ័យ​នូវ​ការបញ្ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខួរក្បាល​របស់​មនុស្ស​នេះ​គឺជា​ប្រយោជន៍​សម្រាប់​ផ្នែក​ផ្សេងទៀត​នៃ​ជីវភាព​ប្រចាំថ្ងៃ មិនមែន​សម្រាប់តែ​រទេះ​រុញ​ជនពិការ​ទេ ថែមទាំង​អាចជា​ជំនួយ​ដល់​ការស៊ើបអង្កេត​ក្នុង​វិស័យ​យុត្តិធម៌ និង​ការប្រើប្រាស់​របស់របរ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ទៀតផង​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​កញ្ញា​ជាតិ មរកត​។​

​ការណ៍​ច្នៃប្រឌិត​បង្កើត robot (​រូបយន្ត​)​បញ្ជា​ដោយ​ចិត្ត​នេះ មិនមែនជា​ការរកឃើញ​ដំបូង​លើ​សកលលោក​នោះទេ​។ ការរកឃើញ​និង​បង្កើត​ថ្មី​នេះ​ក៏​ធ្លាប់មាន​ជា​ហូរហែរ​ផងដែរ​នៅតាម​បណ្ដា​ប្រទេស​ដទៃទៀត​។ ក៏ប៉ុន្តែ​លោក​អ៊ឹម ដា​រ៉ូ​បាន​និយាយថា ការខិតខំ​ប្រឹងប្រែងរ​ប​ស់លោក និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហការី​លោក​នេះ​គ្រាន់តែ​ជា​ជំហាន​ចាប់ផ្ដើម​ប៉ុណ្ណោះ​។​

​យុវជន​វ័យ​២៣​ឆ្នាំ ដែលមាន​សម្បុរ​ស្រអែម ទឹកមុខ​ញញឹមញញែម​នេះ បាន​ប្រាប់ VOA ថា ការណ៍​ដែល​រូបគេ​ចាប់អារម្មណ៍​នឹង​សកម្មភាព​ស្រាវជ្រាវ​ផលិត​ឧបករណ៍​ថ្មីៗ​ទំនើបៗ​នេះ​គឺ​ដោយសារតែ​រូបគេ​ឃើញថា បច្ចេកវិទ្យា​លើ​សកលលោក និង​ក្នុង​តំបន់​វិ​វត្ត​កាន់តែ​ទំនើប ដែល​ទាមទារ​ឱ្យមាន​ការស្រាវជ្រាវ​បង្កើត​ថ្មី​កាន់តែច្រើន​។​

«​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់ឱ្យ​តិច​ណូ​ឡូ​ជី​ប្រទេស​កម្ពុជា​យើង​ហ្នឹង ដើរ​ទាន់​ស្រុក​គេ ព្រោះ​បើ​យើង​នៅតែ​ចាំ​គ្នា មើលបំណាំ​គ្នា មិន​ធ្វើការ​ស្រាវជ្រាវ​ទេ យើង​នៅតែ​ចាញ់​គេ​រហូត​។ បើ​យើង​ចង់​ឈ្នះ​គេ យើង​ត្រូវ​ដើរ​ឱ្យទាន់​គេ​សិន​»​។​

​អ្នកស្រាវជ្រាវ​ច្នៃ​បង្កើត​ថ្មី​ដែល​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​បន្ថែមថា រូបគេ​មាន​ម​ហិ​ច្ឆិ​តាច​ង់​បង្កើត​ថ្មី​នូវ​ឧបករណ៍​ទំនើបៗ​ដែល​បម្រើ​ជា​ប្រយោជន៍​មនុស្ស​បន្ថែមទៀត បើសិនជា​លោក​មាន​កម្លាំង​ធនធាន និង​ថវិកា​គ្រប់គ្រាន់​។​

​មួយរយៈ​កាល​ចុង​ក្រោយនេះ រដ្ឋាភិបាល​ខ្មែរ ដែលមាន​ក្រសួង​អប់​រំជា​សេនាធិការ បានដាក់​មុខព្រួញ​លើកទឹកចិត្ត​ដល់​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ជំនាញ​វិទ្យាសាស្ត្រ និង​ការស្រាវជ្រាវ​បង្កើត​ថ្មី តាមរយៈ​កម្មវិធី និង​ការលើកទឹកចិត្ត​ក្នុង​រូបភាព​ផ្សេងៗ ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​តតិយលោក​មួយ​នេះ​កំពុងតែ​វិ​វត្ត​ឈានឡើង​ក្នុង​ល្បឿន​ដ៏​លឿន​រហ័ស​៕