​ចូរ​ស្វែងយល់​អំពី អាហារ​ប៉ូវ​ខួរក្បាល​ក្មេង​

​ចូរ​ស្វែងយល់​អំពី អាហារ​ប៉ូវ​ខួរក្បាល​ក្មេង​


​ចូរ​ស្វែងយល់​អំពី អាហារ​ប៉ូវ​ខួរក្បាល​ក្មេង​

​ការផ្តល់​ឲ្យ​កូន នូវ​អាហារ​ត្រឹមត្រូវ ក្នុងដំណាក់កាល​គេ​កំពុងតែ​លូតលាស់ គឺជា​រឿង​សំខាន់​សម្រាប់​ការរីកចម្រើន​គ្រប់យ៉ាង​របស់​គេ ព្រមទាំង​ខួរក្បាល​ផងដែរ​។ មែន​ហើយ អ្នក​ពិត​ជា​ចង់​ជួយ​ឲ្យ​រាងកាយ​គេ​ធំធាត់​លឿន ដើម្បី​ឆាប់​ទៅ​រៀន និង​អាច​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​បាន ប៉ុន្តែ ខួរក្បាល​ពួកគេ ក៏​ត្រូវការ​ជីវជាតិ​ត្រឹមត្រូវ ដើម្បី​ធ្វើការ​បាន​ល្អ​ដែរ​។ សម្រាប់​ឪពុកម្តាយ ដែល​កំពុងតែ​ឆ្ងល់​ថា​តើ អាហារ​អ្វីដែល​ល្អ​បំផុត សម្រាប់​ការលូតលាស់​ខួរក្បាល​ល្អ​នោះ ចូរ​ស្វែងយល់​ជាមួយ​ខ្ញុំ ដូចខាងក្រោម​នេះ ៖

​ស៊ុត​
​ស៊ុតមាន​សារធាតុ ខូលីន​ខ្ពស់​ដែល​ដើរ​តួនាទី​មួយ ក្នុង​ការលូតលាស់​កោសិកា​មេ សម្រាប់​ការចងចាំ ដែល​ស្ថិត​ក្នុង​ខួរក្បាល​ដ៏​ជ្រៅ​។ រឿង​ដ៏​សាមញ្ញ​នោះ​គឺថា កាលណា​មាន​កោសិកា​នេះ​កាន់តែ​ច្រើន ក្នុង​ខួរក្បាល ការចងចាំ​នឹង​កាន់តែ​ល្អ​។ អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​ស៊ុត ជា​អាហារ​ពេលព្រឹក ដើម្បី​បង្កើន​ការចងចាំ​ផង និង​ឆ្អែត​បានយូរ​ផង​។

​បន្លែ​ពណ៌​បៃតង​
​អាហារ​ប៉ូវ​ខួរក្បាល​មួយ​ផ្សេងទៀត ដែល​គួរ​ផ្តល់​ឲ្យ​កូន​ដែរនោះ គឺ​បន្លែ​ពណ៌​បៃតង​។ បន្លែ​ប្រភេទ​នេះ​ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ បញ្ហា​ភ្លេចភ្លាំង​បាន​ច្រើន​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ផ្ទុក​ទៅដោយ​ជីវជាតិ​សំខាន់ៗ ព្រមទាំង​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​ជួយ​ដល់​ការលូតលាស់ កោសិកា​ខួរក្បាល​ទៀត​។

​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ តែ​សម្បូរ​វីតាមីន D ប្រូតេអ៊ីន និង​ផូស្វ័រ​
​ចូរ​ព្យាយាម​ឲ្យ​កូន​អ្នក ញ៉ាំ​ទឹកដោះគោ​ប្រភេទ​នេះ​ឲ្យបាន​ច្រើន​។ ជាតិ​កាល់ស្យូម ក៏​សំខាន់​ដែរ ព្រោះ​វា​ជួយ​ដល់​ការផលិត​អាំង​ស៊ុយ​លីន ដែល​ជា​ហេតុផល​មួយ​ថា វា​មាន​សារៈសំខាន់ ក្នុង​ការបញ្ចូល​ទឹកដោះគោ ទៅ​ក្នុង​របប​អាហារ​របស់​ក្មេង​។ ចំពោះ​ករណី​មិន​អាច​ញ៉ាំ​ជាតិ​ឡាក់​តូ​សបាន អាច​ជា​បញ្ហា​មួយ សម្រាប់​ក្មេង​មួយចំនួន​ដែរ ព្រោះ​ពួកគេ​មិន​អាច​ញ៉ាំ​ទឹកដោះគោ​បាន ដូច្នេះ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ស្វែងរក​វិធីសាស្ត្រ​ផ្សេង​ជំនួស​វិញ​។

​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​
​នេះ​ជា​អាហារ​មួយ​ប្រភេទ​ទៀត ដែល​អ្នក​គួរតែ​បញ្ចូល​វា ទៅ​ក្នុង​របប​អាហារ​ក្មេង​ដែរ​។ អូ​មេហ្គាបី​នេះ​ត្រូវបាន​គេ​រក​ឃើញ​ក្នុង​សាច់ត្រី ដែល​វា​អាច​ជួយ​ការពារ​ខួរក្បាល ពី​ការ​ភ្លេច​ភ្លាំង​។ ត្រី​ដែល​សម្បូរ​សារធាតុ​នេះ មានដូចជា ត្រី​សា​ឌី​ន ធូ​ណា និង​សាល​ម៉ុង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។