មាន សូនីតា អួល​ដើម​ក​ពេល​រំលឹក​ដល់​ការ​បែកបាក់​គ្រួសារ

ថ្មី​ៗ​នេះ​តារា​ស្រី​ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ហៅ​ថា “រាជិនី​ក្រមា” បាន​ថ្លែង​ទាំង​អួល​ដើម​ក​នៅ​មុខ​អ្នក​សារព័ត៌មាន​ជាច្រើន ពេល​និយាយ​ដល់​ការ​បែកបាក់​គ្រួសារ​ពេល​កុមារ​ភាព។

 

មាន សូនីតា អួល​ដើម​ក​ពេល​រំលឹក​ដល់​ការ​បែកបាក់​គ្រួសារ

 

វត្តមាន មាន សូនីតា ក្នុង​កម្មវិធី​សន្និសីទ​កាសែត​ស្ដី​ពី​ការ​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឆ្នាំ ២០១៦ កាលពី​ពេល​ថ្មី​ៗនេះ នាង​បាន​រៀបរាប់​ជីវិត​គ្រួសារ​ដែល​ធ្វើឲ្យ​នាង​អួល​ដើម​ក ព្រោះ​ការ​រើ​ផ្ទះ​ច្រើន​​ដង និង​ការ​បែកបាក់​គ្នា​រវាង​ឪពុក​ម្ដាយ​នាង។

 

តួ​ស្រី​ក្នុង​រឿង “ផ្កា​ទីងមោង” បាន​បង្ហើប​ពី​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ថា”ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ចំណាក​ស្រុក​ច្រើន​ដង ដែល​ភាសា​ធម្មតា​ហៅ​ថា​រើ​ផ្ទះ។ តែ​ធាតុ​ពិត​ទៅ ​វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ពេល​អាយុ ២ ឆ្នាំ​ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​សៀមរាប ហើយ​ឆ្នាំ ១៩៩៥ ពេល​ប៉ា​ម៉ាក់​លែងលះ​គ្នា ​ខ្ញុំ​ក៏​បាន​ផ្លាស់​មក​នៅ​កំពង់ចាម​វិញ​រស់នៅ​បែក​ពី​ម្ដាយ​ប្រោះ​គាត់​ត្រូវ​ទៅ​ធ្វើការ​ឆ្ងាយ។”

 

តារា​ស្រី​និយម​ច្នៃ​ក្រមា​ជា​សំលៀកបំពាក់​បាន​បន្ត​ថា​ ក្នុង​ឆ្នាំ ១៩៩៧ ​នាង​បាន​បន្ត​រើ​ផ្ទះ​មក​រស់នៅ​ភ្នំពេញ​បន្ត​ទៀត។ នាង​បាន​​បន្ថែមថា​បទ​ពិសោធន៍​ទាំង​នេះ​ ក៏​ជា​អ្វី​ដែល​ទាក់ទង​​នឹង​ប្រធាន​បទ​ដែល​ចង់​បង្ហាញ​ក្នុង​​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ឆ្នាំ ២០១៦ ដែរ។

 

តារា​ស្រី​វ័យ ២៦ ឆ្នាំ​បាន​បន្ត​ថា​ការ​ជួញ​ដូរ​មនុស្ស​ មាន​ទម្រង់​រូបភាព​ខុស​ៗ​ប្លែក​ពី​គ្នា ហើយ​ការ​ចំណាក​ស្រុក​ឃ្លាត​ពី​គ្រួសារ និង​អ្នក​ដែល​នៅ​ក្នុង​ស្រុក​ រង់ចាំ​គ្រួសារ​ក៏​ជា​រឿង​សំខាន់​ដែរ។

 

មាន សូនីតា អួល​ដើម​ក​ពេល​រំលឹក​ដល់​ការ​បែកបាក់​គ្រួសារ

 

 

ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ នាង​គឺជា​ទូត​សុឆន្ទៈ​របស់ USAID សម្រាប់​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ កម្មវិធី​ប្រកួត​ភាពយន្ត​ខ្លី​ចតុមុខ​ឆ្នាំ​នេះ​ប្រធាន​បទ​និយាយ​ទាក់ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស ហើយ​អង្គការ​ដែល មាន សូនីតា ជា​ទូត​សុឆន្ទៈ​នេះ ​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្នុង​កម្មវិធី៕

 

អត្ថបទ៖ទ្រី រ៉ាវី