ជប៉ុន៖​លោក​ស្ហ៊ីនហ្សូ អាបេ​មាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការ​ផ្តើម​មហិច្ឆតា​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​

នៅថ្ងៃចន្ទ ទី១១ កក្កដានេះ លោកនាយករដ្ឋមន្រ្តីជប៉ុនស្ហ៊ីនហ្សូ អាបេបានបញ្ជាក់ថា លោកមានបំណងផ្តើមកិច្ចចរចាជាមួយគណបក្សផ្សេងស្តីពីគម្រោងកំណែទម្រង់លើរដ្ឋធម្មនុញ្ញសន្តិភាពនិយម។ ការថ្លែងរបស់លោកអាបេត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីគណបក្សសេរីប្រជាធិបតេយ្យរបស់លោក និងគណបក្សដៃគូក្នុងរដ្ឋាភិបាលបានទទួលជោគជ័យដោយទទួលបានសំឡេងភាគច្រើនលើសលុបនៅក្នុងការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃអាទិត្យ ទី១០ កក្កដា។ គួររម្លឹកជូនថា រដ្ឋធម្មនុញ្ញជប៉ុនបច្ចុប្បន្នបានហាមជប៉ុនមិនឲ្យបញ្ជូនទ័ពទៅចូលរួមនៅក្នុងប្រតិបត្តិការយោធាជាមួយប្រទេសផ្សេងក្នុងតំបន់ និងក្នុងពិភពលោកទេ ពោលបានត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះ។

អ្វីៗបានចាប់ផ្តើមកាលពី ៧០ឆ្នាំមុន ពោលនៅថ្ងៃទី១៥ សីហា ឆ្នំា ១៩៤៥ ដែលជប៉ុនបានចាញ់សង្រ្គាមលោកលើកទី២ ប្រឈមមុខនឹងសហរដ្ឋអាមេរិក។ កាលណោះ អាមេរិកក្នុងនាមជាអ្នកឈ្នះសង្រ្គាមបានចាប់បង្ខំជប៉ុនឲ្យបង្កើតរដ្ឋធម្មនុញ្ញមួយដែលដាក់កំហិតឲ្យជប៉ុនមានកម្លាំងទ័ពសម្រាប់តែការពារខ្លួន ពោលមិនចូលរួមជាមួយកម្លំាងទ័ពអន្តរជាតិនៅក្នុងតំបន់ ឬមួយនៅក្នុងពិភពលោក។ នយោបាយបង្ខិតបង្ខំរបស់រដ្ឋបាលអាមេរិកំាងលើរដ្ឋាភិបាលជប៉ុនជំនាន់នោះគឺដើម្បីរារំាង និងទប់ស្កាត់ទីក្រុងតូក្យូកុំឲ្យធ្វើការអភិវឌ្ឍន៍កម្លំាងយោធារបស់ខ្លួន ពិសេសទប់កុំឲ្យជប៉ុនវិលត្រឡប់ទៅរកនយោបាយយោធានិយម និងនយោបាយវាតទីនិយមដូចមុនសម័យសង្រ្គាមលោកលើកទី២ ជាថ្មីឡើងវិញ។

សូមរម្លឹកជូនថា នៅមុនចាញ់សង្រ្គាមលោកលើកទី២ កងទព័ជប៉ុនបានចូលទៅវាតទីសឹងតែមួយទ្វីបអាស៊ីទំាងមូល តំាងពីបណ្តាប្រទេសជាប់ព្រំដែនខ្លួន រហូតដល់បណ្តាប្រទេសឆ្ងាយពីព្រំដែនខ្លួន។ តែ ៧០ឆ្នាំក្រោយវត្តមានរដ្ឋធម្មនុញ្ញសន្តិភាពនិយមមក លោកនាយករដ្ឋមន្រ្តីជប៉ុនស្ហ៊ីនហ្សូ អាបេដែលជាអ្នកជាតិនិយមម្នាក់បានយល់ឃើញថា វាល្មមដល់ពេលដែលជប៉ុនត្រូវពិនិត្យ ពិចារណាឡើងវិញលើរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោកសព្វថ្ងៃដែលខុសគ្នាឆ្ងាយនឹងស្ថានការណ៍កាលពី ៧០ឆ្នាំមុន។

ពឹងលើកម្លាំងអ្នកដទៃមិនដូចពឹងលើកម្លាំងខ្លួនឯង

លោកស្ហ៊ីនហ្សូ អាបេធ្លាប់បានបង្ហើបឲ្យដឹងពីបំណងចង់ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញសព្វថ្ងៃតាំងពីពេលដែលលោកបានវិលមកកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុនជាថ្មីនាដំណាច់ខែធ្នូ ឆ្នំា ២០១២។ ដូច្នេះអ្វីដែលលោកស្ហ៊ីនហ្សូ អាបេបានបញ្ជាក់ជាថ្មីពេលនេះ ពិតជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ។ លោកស្ហ៊ីនហ្សូ អាបេតែងតែរម្លឹកម្តងជាពីរដងអំពីមូលហេតុដែលលោកចង់ធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមបច្ចុប្បន្ន។ មូលហេតុសំខាន់ គឺជប៉ុនត្រូវការបោះជំហានទៅមុខ និងប្រឹងប្រែងកសាងប្រទេសរបស់ខ្លួនដោយខ្លួនឯងឲ្យសក្តិសមទៅនឹងស្ថានការណ៍ពិភពលោកនៃសតវត្សទី២១។

អ្វីដែលលោកស្ហីនហ្សូ អាបេចង់បាននោះ គឺការប្តូរលក្ខន្តិកកងទ័ពជប៉ុន ពីកងកម្លាំងការពារខ្លួនមកជាកងទ័ពជាតិពេញលក្ខណៈដូចប្រទេសផ្សេងក្នុងលោក។ សូមជម្រាបជូនថា អាមេរិកដែលជាអ្នកបង្ខំជប៉ុនឲ្យបំពាក់រដ្ឋធម្មនុញ្ញសន្តិភាពនិយមបានសុខចិត្តជួយការពារជប៉ុននៅចំពោះគ្រប់ការគំរាមកំហែងពីខាងក្រៅ។ បច្ចុប្បន្ននេះ មានទាហានអាមេរិកចំនួន ៣៨ ០០០នាក់កំពុងឈរជើងក្នុងទឹកដីជប៉ុន។ តែបើទោះបីមានអាមេរិកជួយការពារក៏ដោយ ក៏ជប៉ុនកំពុងបារម្ភខ្លាំងពីការគំរាមរបស់កូរ៉េខាងជើង និងចិន ពិសេសចិនដែលជប៉ុនកំពុងមានជម្លោះដណ្តើមទីប្រជុំកោះសេនកាគុ។

ជប៉ុនពិតជាយល់មិនច្រឡំទេថា បើថ្ងៃណាមួយចិនប្រើកម្លាំងបាយវ៉ៃខ្លួនក្នុងរឿងជម្លោះទីប្រជុំកោះសេនកាគុមែន អាមេរិកក៏មិនល្ងង់ទៅវ៉ៃចិនឆៅៗឡើយ ព្រោះអាមេរិកក៏ត្រូវគិតផលប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនមានជាមួយចិនដែរ។ ម្យ៉ាងទៀត ជប៉ុនហាក់ដូចជាបានដឹងខ្លួនថា បើខ្លួនបានរងការវាយប្រហារដោយគ្រាប់មីស៊ីល ឬនុយក្លេអ៊ែរពីកូរ៉េខាងជើងនៅថ្ងៃណាមួយនោះ តើអាមេរិកអាចនឹងការពារជប៉ុនបាន ១០០% ឬអត់។ លោកស្ហ៊ីនហ្សូ អាបេដែលគេស្គាល់ថាជាអ្នកជាតិនិយមបានយល់ច្បាស់ណាស់ថា ការពឹងពាក់លើអ្នកដទៃ វាមិនស្រួល និងមិនអាចជឿទុកចិត្តដូចពឹងលើខ្លួនឯងទេ។

មានការងារជាច្រើនដែលត្រូវធ្វើ និងឧបសគ្គជាច្រើនដែលត្រូវឆ្លងកាត់

ឥឡូវនេះ និងក្រោយពីបានទទួលជោគជ័យដោយទទួលបានសំឡេងភាគច្រើនលើសលុបនៅក្នុងការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃអាទិត្យ ទី១០ កក្កដាមក លោកអាបេ រួមជាមួយនឹងគណបក្សដៃគូក្នុងរដ្ឋាភិបាលមានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ តែនៅមានការងារជាច្រើនដែលលោកត្រូវធ្វើ និងមានឧបសគ្គជាច្រើនដែលលោកត្រូវឆ្លងកាត់ មុននឹងឈានដល់គោលដៅ។ កន្លងមក លោកអាបេធ្លាប់បានប្រាប់ឲ្យដឹងថា លោកនឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញឲ្យបានមុនឆ្នាំ ២០២០។

បន្ទាប់ពីបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា គណបក្សសេរីប្រជាធិបតេយ្យរបស់លោកអាបេ រួមជាមួយគណបក្សដៃគូក្នុងរដ្ឋាភិបាលមានសម្លេងគ្រប់គ្រាន់ គឺ២ភាគ៣នៅក្នុងសភា និងព្រឹទ្ធសភាដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ វិសោធនកម្មរដ្ឋធម្មនុញ្ញមិនមែនធ្វើនៅត្រឹមការបោះឆ្នោតនៅក្នុងសភា និងព្រឹទ្ធសភាដោយសម្លេងគាំទ្រ២ភាគ៣ប៉ុណ្ណោះទេ តែក៏នឹងត្រូវឆ្លងការបោះឆ្នោតប្រជាមតិផងដែរ។ លោកអាបេបានបញ្ជាក់នៅថ្ងៃចន្ទ ទី១១ កក្កដានេះថា ការសុំមតិយោបល់របស់ប្រជាជន គឺចាំបាច់ និងសំខាន់ជាងគេ។

ដូច្នេះឃើញថា មានដំណាក់ការជាច្រើនដែលលោកអាបេត្រូវឆ្លងកាត់ ព្រោះចូរកុំភ្លេចថា ទោះបីជា ៧០ឆ្នំាបានកន្លងផុតទៅក៏ដោយ ក៏គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅបន្តបំផុសឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លំាងនៅក្នុងចំណោមអ្នកនយោបាយ ក៏ដូចជាប្រជាជនសាមញ្ញ។ អ្នកខ្លះយល់ថា គឺរដ្ឋធម្មនុញ្ញសន្តិភាពនិយមនេះឯងដែលបានអនុញ្ញាតឲ្យជប៉ុនរស់ក្នុងសុខសនិ្តភាព និងមានការរីកចម្រើនខ្លាំងមកដល់សព្វថ្ងៃ។ តែអ្នកខ្លះទៀតយល់ថា រដ្ឋធម្មនុញ្ញសន្តិភាពនិយមសព្វថ្ងៃជាអន្ទាក់ទាក់ ក ខ្លួនឯងទៅវិញទេ៕

ប្រភពៈ RFI


ជប៉ុន៖​លោក​ស្ហ៊ីនហ្សូ អាបេ​មាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការ​ផ្តើម​មហិច្ឆតា​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​

ចិន​អះអាង​ថា គ្មាន​​ទេ​របៀប​វារៈ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ជំនួប​មេដឹកនាំ​អាស៊ី-អឺរ៉ុប​

ជប៉ុន៖​លោក​ស្ហ៊ីនហ្សូ អាបេ​មាន​សម្លេង​គ្រប់គ្រាន់​ក្នុង​ការ​ផ្តើម​មហិច្ឆតា​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​

គណបក្ស​លោក​ស្ហ៊ីនហ្សូ​អាបេ​ឈ្នះឆ្នោត​នៅ​ព្រឹទ្ធសភា