កម្ពុជា​ ​ចូល​លេង​ពាន​ AFF U16 ​ប៉ុន្មាន​ដង​ តាំង​ពី​​បង្កើត​​​​​ដល់​បច្ចុប្បន្ន?

​​ពាន​រង្វាន់ AFF U-16 Championship ​ត្រូវ​បាន​បង្កើត​ឡើង​ចំនួន ១០​​ដង​រួច​​មក​ហើយ​ គិត​ចាប់​ពី​ឆ្នាំ​ ២០០២ មក​ដល់​​បច្ចុប្បន្ន​ ខណៈ​​​ឆ្នាំ​២០១៦ ជា​លើក​ទី​១១ ​ហើយ​ ​ក្រុម​បាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ១៦​ឆ្នាំ​ ធ្លាប់​ចូល​រួម​លេង​ពាន​រង្វាន់​មួយ​នេះ​បាន​ចំនួន ៦​លើក​​ ប៉ុន្តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​​រហូត។

 

កម្ពុជា​ ​ចូល​លេង​ពាន​ AFF U16 ​ប៉ុន្មាន​ដង​ តាំង​ពី​​បង្កើត​​​​​ដល់​បច្ចុប្បន្ន?U-16 កម្ពុជា

កាល​ឆ្នាំ​២០០២ ការ​ប្រកួត​ពាន​​រង្វាន់​​ខាង​លើ​​ប្រទេស​​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​ដែល​កម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​​​ជម្រុះ​តាម​ពូល B។ ​ឆ្នាំ​​​២០០៥ កម្ពុជា​ចូល​រួម​ពាន​រង្វាន់​នេះ​ម្ដង​ទៀត​ ដែល​ធ្វើ​ឡើង​ទៅ​ទឹក​ដី​ប្រទេស​​ថៃ ​បាន​​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល B​ ទៀត​។

 

​​ឆ្នាំ​ ២០០៦ កម្ពុជា​មិន​បាន​ចូល​រួម​លេង​ពាន​រង្វាន់​​​​​នេះ​ទេ ដែល​ធ្វើ​ឡើង​នៅ​​ប្រទេស​វៀតណាម។ ​ដល់​ឆ្នាំ​​២០០៧ កម្ពុជា​នៅ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ A ​​​ពេល​នោះ​​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​នៅ​​កម្ពុជា។

 

​​ឆ្នាំ​ ២០០៨ ​ព្រឹត្តិការណ៍​នេះ​ដដែល​​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​​ឥណ្ឌូណេស៊ី ​កម្ពុជា​ មិន​បាន​ចូល​រួម​ទេ។ ​នា​ឆ្នាំ​២០០៩ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​លុប​ចោល​វិញ។ រហូត​ដល់​ឆ្នាំ​២០១០ ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កម្ពុជា​មិន​បាន​ចូល​រួម​ទេ។

 

​រហូត​ដល់​ឆ្នាំ​២០១១ វិញ​កម្ពុជា​ នៅ​តែ​ធ្វើ​មិន​ទាន់​បាន​ល្អ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល B ដែល​កាល​នោះ​ឡាវ​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ចំណែក​នៅ​ឆ្នាំ​២០១២ កម្ពុជា​មិន​ចូល​រួម​នោះ​ទេ។ ​ដល់​ឆ្នាំ​២០១៣ ​ធ្វើ​នៅ​មីយ៉ាន់ម៉ា កម្ពុជា​ចូល​រួម​ម្ដង​ទៀត ដោយ​កាល​នោះ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល A ។

 

​​ឆ្នាំ​២០១៤ ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship ​​ត្រូវ​បាន​លុប​ចោល​វិញ។ ​កន្លង​ទៅ​ថ្មី ៗ នា​ឆ្នាំ​២០១៥ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ពាន​រង្វាន់​នេះ​ម្ដង​ទៀត ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល B។

 

​សរុប​ទៅ​ព្រឹត្តិការណ៍​ AFF U-16 Championship ​កម្ពុជា​ចូល​រួម​បាន​ចំនួន ៦​លើក មិន​ទាន់​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូល​ម្ដង​ឡើយ។ ​គិត​ចាប់​ពី​ពេល​បង្កើត​ដំបូង​រហូត​មក​ដល់​បច្ចុប្បន្ន។ ​

 

ខណៈ​​​ប្រទេស​ដែល​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​​បាន​ទៅ​លើ​ប្រទេស​ថៃ​ឈ្នះ ​៣​ដង (២០០៧, ២០១១ និង​ឆ្នាំ​២០១៥) មីយ៉ាន់ម៉ា​ ធ្លាប់​ឈ្នះ​បាន​ចំនួន ២​លើក​(២០០២ និង​២០០៥) ​ប្រទេស​វៀតណាម​​ធ្លាប់​ឈ្នះ២ លើក​(២០០៦ និង​២០១០​) អូស្ត្រាលី​ធ្លាប់​ឈ្នះ​បាន ១​លើក​នៅ​ឆ្នាំ​២០០៨ ​ម៉ាឡេស៊ី​​ធ្លាប់​ឈ្នះ​មួយ​លើក​ឆ្នាំ​២០១៣ និង​ប្រទេស​ជប៉ុន​​ធ្លាប់​ឈ្នះ​បាន​មួយ​លើក​ឆ្នាំ​២០១២៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​