មន្ទីរ​បរិស្ថាន​សៀមរាប​ថា​ឃាតករ​សម្លាប់​លោក កែម ឡី អត់​មានឈ្មោះ​ក្នុង​បញ្ជី

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បាន​បដិសេធ​ថា​បុគ្គល​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់​ដែល​ជា​ជន​ដៃដល់​បាញ់​សម្លាប់​លោក កែម ឡី និង​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ ពុំ​មានឈ្មោះ​ក្នុង​បញ្ជី​បើកប្រាក់​បៀវត្សរ៍​របស់​មន្ត្រីរាជការ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប គឺ​មិនមែន​ជា​មន្ត្រី​បរិស្ថាន ឬ​ជា​មន្ត្រី​បរិស្ថាន​ខេត្តសៀមរាប​នោះ​ទេ ។

ការ​ច្រានចោល​របស់​មន្ត្រី​បរិស្ថាន​ខេត្តសៀមរាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​១១ កក្កដា​បាន​បង្ហាញ​ថា ជនសង្ស័យ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​និង​នយោបាយ​នៅ​ក្នុង​ស្តារ​ម៉ា​តនៃ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​បូកគោ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា​នោះ មានឈ្មោះ​ពិត​« អឿ​ត អាង​»  អាយុ ៤៤​ឆ្នាំ និង មាន​ទីលំនៅ​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​មាន​ឪពុក​ឈ្មោះ អឿ​ត ម្ដាយ​ឈ្មោះ ឯម តាប់ អាយុ ៦៤ ឆ្នាំ ។

ប្រភព​ពី​Facebook ​ដដែល​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​មាន​ប្រពន្ធ ០២​នាក់ និង​មានកូន​ស្រី ១ នាក់​ដោយ​ប្រពន្ធ​ទី​០១ ឈ្មោះ យ៉ាង យឿ​ង ( បាន​លែងលះ​គ្នា​ហើយ ) ប្រពន្ធ​ទី​០២ ឈ្មោះ ហឿ​ម ហ៊​ត់ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​ជនសង្ស័យ និង​មានមុខ​របរ​លក់​ចាប់​ហ៊ួ​យ និង​សាច់​ជ្រូក ។

បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ធ្លាប់​បាន​ចូល​បួស​ជា​សង្ឃ​ក្នុង​ឆ្នាំ​២០១៣ នៅ​វត្ត​ប្រាសាទ​ធ្នង់ ស្ថិត​ក្នុង​ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ហើយ​នៅ​ឆ្នាំ ២០១៥ ជនសង្ស័យ បាន​សឹក​ពី​ព្រះសង្ឃ នៅ​ពេល​មាន​មាន​ជម្លោះ​នៅ​ក្នុង​វត្ត​ពើង​តាន​ន់ នៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ហើយ​ក្រោយ​ពី​សឹក​ជន​នេះ​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​បរិស្ថាន  និង​បាន​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​អង្គរជុំ ៕