ស្ពាន​បុរាណ​តាអោ​ង​ទទួល​ការ​អភិរក្ស​និង​ថែទាំ

ខេត្តសៀមរាប ៖ ស្ពាន​តាអោ​ង គឺជា​ស្ពាន​បុរាណ​មួយ​វែង​ជាងគេ​ក្នុង​ចំណោម​ស្ពាន​ទាំង​១៤ ស្ថិត​នៅ​ភូមិ​កំបោរ​អ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវ​បេង​ពី​អង្គរ​ទៅ​បាកាន (​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​) កសាង​ឡើង​ក្នុង​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​ដែល​គ្រឹះ និង​តួ​របស់​វា​ធ្វើ​អំពី​ថ្មបាយក្រៀម លម្អ​ដោយ​បង្កាន់ដៃ​ថ្មភក់ មាន​បណ្តោយ​ប្រវែង ៧៧​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ និង​កម្ពស់​៦​ម៉ែត្រ ។

លោក​ឈាន រ​ដ្ឋា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​ស្ពាន​បុរាណ​នេះ​កំពុង​ទ្រុឌទ្រោម​ខ្លាំង​បណ្តាល​មក​ពី​អាយុកាល​ផង និង​ធម្មជាតិ​ផង ។ ជា​ពិសេស​នៅ​រដូវវស្សា ទឹក​តែងតែ​ហូរ​នាំ​កម្ទេចកម្ទី និង​កំណាត់ឈើ ធំ​ៗ​ពី​ខាងលើ​ធ្វើ​ឲ្យ​កកស្ទះ​រន្ធ​តា​ដេ​វ និង​បុក​តួ​ស្ពាន បណ្តាល​ឲ្យ​តួ​ស្ពាន​ផ្នែក​ខាងជើង​ទទួល​រង​ការ​ខូចខាត​ធ្ងន់ ។ ដូច្នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​បេតិកភណ្ឌ​ជាតិ​នេះ អ្នកជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិរក្ស​និង​ថែទាំ មាន​ដូច​ជា ការ​ដាំ​បង្គោល​ទប់ស្កាត់​មិន​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់ ពោល​គឺ​អនុញ្ញាត​ឲ្យ​តែ​រថយន្ត​ធុន​តូច​ចំណុះ​ត្រឹម​៣​តោន​ឆ្លងកាត់​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​រៀង​រាល់​ខែ​ក្រុមការងារ​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ តែងតែ​ទៅ​សម្អាត​ជា​ប្រចាំ​ចំពោះ​ស្ពាន​បុរាណ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេង​ពី​ប្រាសាទ​បេង​មាលា​ទៅ​ដល់ទី​ប្រជុំជន​ខ្វាវ និង​ស្ពាន​បុរាណ​១១ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​បាគង​ទៅ​ដល់​កំពង់ក្តី ដូច​ជា​សម្អាត​កម្ទេចកម្ទី និង​កំណាត់ឈើ​ដែល​តែងតែ​កកស្ទះ​ចរន្តទឹក​ហូរ​នៅ​តាម​រន្ធ​តា​ដេ​វ កាត់​សម្អាត​កូន​រុក្ខជាតិ​ដែល​ដុះ​នៅ​ក្បែរ និង​លើ​តួ​ស្ពាន​បុរាណ និង​ចាក់​ដី​បំពេញ​ជង្ហុក​ការពារ​ការ​ហូរ​ច្រោះ ។ ក្នុង​គោលបំណង​អភិរក្ស និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ៕