រមាស់​ដៃ​ពេក ដក​កាំភ្លើង​បាញ់​ផ្អើល​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ទំនងជា​រមាស់​ដៃ​ពេក​ហើយ​មើលទៅ​បានជា​នៅ​សុខ​ៗ​ស្រាប់តែ​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​មេឃ​១​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជាប់​ខាងជើង​របង​សារមន្ទីរ​ជាតិ តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨ ទិស​ដៅ​ពី​លិចទៅ​កើត មួយសន្ទុះ​ក្រោយមក​បាន​ជិះ​ត្រឡប់​ក្រោយ​វិញ ហើយ​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​ឡើង​លើ​១​គ្រាប់​បង្ក​ការ​ភ្ញាក់ផ្អើល រួច​ក៏​ជិះ​គេចខ្លួន​បាត់ ។

បើ​តាម​ខាង​អាវុធហត្ថ​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ទទួល​ដំណឹង​ថា មាន​បុរស​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង បាន​ដក​កាំភ្លើង​បាញ់​១​គ្រាប់​ឡើង​លើ រួច​ជិះ​គេចខ្លួន​បាត់ ពេល​ដែល​កំលាំង​អាវុធហត្ថ​ទៅ​ដល់ បាន​ត្រឹមតែ​រក​ឃើញ​សំបក​គ្រាប់ រួច​យក​ទៅ​រក្សា​ទុក​តែ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ប៉ុណ្ណោះ ៕