យុវវ័យ​ប្រជ្រៀត​គ្នា​ចូល​ទស្សនា​ល្ខោនខោល

រាជធានី​ភ្នំពេញ ៖ ជា​មោទនភាព​មួយ​សម្រាប់​អ្នក​រៀបចំ​កម្មវិធី​សម្តែង​ល្ខោនខោល​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ព្រោះ​មាន​អ្នកចូលរួម​ទស្សនា​ភាគច្រើន​ជា​យុវវ័យ​ពី​គ្រប់​ទិស​ទី រហូត​អ្នកខ្លះ​អត់​កន្លែង​អង្គុយ​ក៏​នាំ​គ្នា​ឈរ​ទស្សនា ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៦ នៅ​សាល​សម្តែង​នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ការ​សម្តែង​ល្ខោនខោល​លើកយក​រឿង​រាមកេរ្តិ៍​ឈុត​«​ថ​លត​យ័ន្ត​» សម្តែង​ដោយ​សិល្បករ​សាស្ត្រាចារ្យ​នៃ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​។ អ្នក​ទស្សនា​ជាង​មួយ​ពាន់​នាក់​ប្រជ្រៀត​គ្នា​ចូល​ទស្សនា​ល្ខោនខោល​ដែល​ជា​ការ​សម្តែង​ពិសេស ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​ថា​រដ្ឋាភិបាល​ថៃ​ត្រៀម​ដាក់​បញ្ចូល​របាំ​ពាក់​របាំងមុខ ឬ​ល្ខោនខោល​(Khon Masked Dance) ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ។

ក្រុម​យុវជន​បាន​បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ដែល​បាន​ចូលរួម​ទស្សនា ហើយ​ថា​វា​ជា​ការ​ចូលរួម​ចំណែក​ថែរក្សា​ការពារ និង​លើកទឹកចិត្ត​ដល់​សិល្បករ​ល្ខោនខោល ។ ក្រៅពី​ក្រុម​សិល្បករ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​សម្តែង​នោះ ។

ការ​សម្តែង​បើក​ឆាក​ដោយ​របាំ​ជូនពរ រួច​ហើយ​ការ​សម្តែង​ល្ខោនខោល​រឿង​រាមកេរ្តិ៍​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​ខាងក្រៅ​សាល​តាម​រយៈ​ការ​បញ្ចាំង​បន្ត​ផ្ទាល់​ពី​ក្នុង​សាល​ទះដៃ​កងរំពង​ជាមួយនឹង​ក្តី​រំភើប​ដោយ​មាន​មោទនភាព និង​សម្តែង​ការ​សា្វ​គម​ន៍​ក្រុម​សិល្បករ ។

លោក​សួរ គី​ម​សេង ជា​គ្រូបង្ហាត់​ល្ខោនខោល​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​មាន​ប្រសាសន៍​ថា «​ការ​បង្កើត​កម្មវិធី​សម្តែង​នេះ​ឡើង គឺ​លោក​និង​សាស្ត្រាចារ្យ​ចង់​ឲ្យ​មហា​ជន​បាន​ស្គាល់​អំពី​ទស្សនីយភាព​សិល្បៈ​របស់​ខ្មែរ​ដ៏​មាន​វ័យ​ចំណាស់​ស្ទើរតែ​បាត់បង់ នោះ​គឺ​ល្ខោនខោល ហើយ​ក៏​ចង់​ឲ្យ​មហាជន​ងាក​មក​ចាប់អារម្មណ៍​លើ​ល្ខោនខោល និង​ចង់​ឲ្យ​ល្ខោនខោល​នេះ​មាន​ប្រជាប្រិយភាព​ដូច​បណ្តា​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ដែរ ។ ការ​ជ្រើសរើស​ទីតាំង​ដែល​រៀបចំ​កម្មវិធី ព្រោះតែ​ទី​នេះ​ជា​ថ្នាល​សម្រាប់​បណ្តុះ​សិល្បករ និង​ចង់​ឲ្យ​គេ​ដឹង​ដែរ​ថា​តើ​ទី​នេះ​មានការ​បណ្តុះបណ្តាល​អ្វីខ្លះ​ដល់ ក្មេង​ៗ​ជំនាន់​ក្រោយ​» ។ ទោះជា​យ៉ាងណា​ក្តី លោក​សួរ គី​ម​សេង ព្រួយបារម្ភ​ថា​ដោយសារ​តែ​ល្ខោនខោល​មិន​ត្រូវ​បាន​គេ​និយម​លេង​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ ដូច្នេះ​នាំ​ឲ្យ​សិស្ស​ដែល​ចាប់​យក​ជំនាញ​នេះ​មាន​តិចតួច ហើយ​ពួក​គេ​បាក់ទឹកចិត្ត ព្រោះតែ​មិន​មានការ​គាំទ្រ​ខ្លាំង ។

លោក​សួរ គី​ម​សេង មិនដឹង​ថា នឹង​មានការ​សម្តែង​ល្ខោនខោល​បែប​នេះ​កើតឡើង​នៅ​ពេល​ណា​ទៀត​ទេ តែបើ​មានការ​គាំទ្រ​លោក និង​ក្រុមការងារ​រក​វិធី​សម្តែង​ម្តងទៀត ៕