សមាជិកសភា​អាស៊ាន៖ ការ​សម្លាប់​លោក កែម ឡី ជា​សោកនាដកម្ម​សម្រាប់​អាស៊ាន

លោក Charles Santiago ប្រធាននៃអង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្សនេះ បានថ្លែងថា លោក កែម ឡី គឺជាបុគ្គល «ដែលមិនខ្លាចនឹងងើបឡើងតវ៉ា ដើម្បីការពារអ្វីដែលជាភាពត្រឹមត្រូវ» នោះទេ។

វ៉ាស៊ីនតោន — អង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) បានហៅអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ថាជាសោកនាដកម្មដ៏រន្ធត់មួយមិនត្រឹមសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់អាស៊ានទាំងមូលផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អង្គការនេះ ដែលបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី១១ ខែកក្កដា គឺមួយថ្ងៃក្រោយពីលោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅចំកណ្តាលទីក្រុងភ្នំពេញ។

អង្គការដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនេះ បានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា «ការបាត់បង់លោក កែម ឡី គឺជារឿងដ៏សង្វេគ ហើយប្រទេសកម្ពុជា បានបាត់បង់នូវវីរជននៃភាពឯករាជ្យនយោបាយ និងរដ្ឋាភិបាលស្អាតស្អំដ៏ពិតប្រាកដមួយរូប»។

លោក Charles Santiago ប្រធាននៃអង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្សនេះ បានថ្លែងថា លោក កែម ឡី គឺជាបុគ្គល «ដែលមិនខ្លាចនឹងងើបឡើងតវ៉ា ដើម្បីការពារអ្វីដែលជាភាពត្រឹមត្រូវ» នោះទេ។

លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ ខណៈលោកកំពុងនៅតុកាហ្វេក្នុងហាងមួយកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ ក្រោយពីហេតុការណ៍បាញ់ប្រហារនោះ។

អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះថា «‍ជួប សម្លាប់» ដែលឈ្មោះនេះត្រូវបានអ្នកខ្លះជឿថា ជាឈ្មោះប្រឌិត។

យោងតាមព័ត៌មានតាមបណ្ដាញសង្គម ជនសង្ស័យមានឈ្មោះដើមថា អឿត អាង ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ការពិតនៅឡើយទេ។

អង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតជាបន្ទាន់មួយ ដោយឯករាជ្យ ទៅលើករណីឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី ដើម្បីធានាបាននូវយុត្តិធម៌ពិតប្រាកដនិងឥតលម្អៀង។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះទៀតសោត លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានាឲ្យបាន «នូវការអនុលោមតាមសេចក្ដីប្រកាសស្ដីពីសិទ្ធិមនុស្សរបស់អាស៊ាន និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀត‍ស្តីពីសិទ្ធិមនុស្ស»។

អង្គការសមាជិកសភាអាស៊ាន ដើម្បីការពារសិទ្ធិមនុស្ស ក៏បានសង្កត់ធ្ងន់ថា «‍ប្រសិនបើប្រទេសកម្ពុជានឹងក្លាយជាសមាជិកដ៏ជោគជ័យមួយរបស់សហគមន៍អាស៊ាន នោះកម្ពុជា ត្រូវតែធានាថា ប្រជាពលរដ្ឋដែលធ្វើការតស៊ូមតិដើម្បីការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម ដែលនេះគឺជាបុព្វហេតុដែលលោក កែម ឡី បានពលីជីវិតរបស់លោក ទទួលបានសេរីភាពក្នុងការបន្តបំពេញការងាររបស់ពួកគេដោយមិនមានការភ័យខ្លាចដោយការបំភិតបំភ័យឬទណ្ឌកម្មហិង្សានោះឡើយ»៕

ប្រភពៈ VOA


Related Posts