ការ​បាត់​បង់ជីវិត​លោក​បណ្ឌិត កែម ឡី ជា​ការ​បាត់បង់​ធនធាន​បញ្ញវន្ត​ម្នាក់

ក្នុង​ពេល​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ លោក សឺ​ន ស៊ូ​ប៊ែ បាន​លើក​ឡើង​ថា ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី គឺជា​ការ​បាត់បង់​ធនធាន​បញ្ញវន្ត​ម្នាក់ ឬ​វីរបុរស​មួយ​ដែល​មាន​សេចក្តី​ក្លាហាន ដែល​ហ៊ាន​និយាយ​អ្វី​ដែល​ត្រឹមត្រូវ និង​ជា​អ្នក​ដែល​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្តែង​មតិ ។

លោក សឺ​ន ស៊ូ​ប៊ែ ជា​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូប និង​អតីត​សមាជិក​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​បាត់បង់​ជីវិត​របស់​លោក បណ្ឌិត កែម ឡី នោះ​ថា មក​ពី​លោក​ហ៊ាន​ក្នុង​បញ្ចេញមតិ​ទាមទារ​សេរីភាព ។ ហើយ​សម្រាប់​ឃាតករ​ដៃដល់​បាញ់​សម្លាប់​លោក​បណ្ឌិត​នោះ​គ្មាន​អ្នក​ណា​ជឿ​នោះ​ទេ ។ 

ចំណែក​លោក លី ឡាយ​ស្រេង មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​លើក​ឡើង​ថា​សម្រាប់​កាលៈទេសៈ​នេះ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គួរ​ចេញ​នូវ​តម្លាភាព​ក្នុង​ការ​ទទួលខុសត្រូវ​យ៉ាងណា​ក៏​ដោយ​រក​ឲ្យ​បានឃើញ​ទៅ ។ ពេល​នេះ​ចាប់​បាន​ហើយ គួរ​សួរ​ឲ្យ​បានដឹង​ឫសគល់​ក្នុង​សំណុំរឿង ។
លោក លី ឡាយ​ស្រេង បាន​បញ្ជាក់​ថា «​អ្នកមាន​គម្រោង​សម្លាប់​នេះ​មិន​ចំណេញ​នោះ ទេ គឺ​មាន​តែ​ខាត​ទៅ​វិញ​» ។

ចំណែក​លោក ឡៅ ម៉ុង​ហៃ បាន​អះអាង​ថា រឿង​ដែល​កើតឡើង​នោះ​ជា​រឿង​នយោបាយ ប៉ុន្តែ​មិន​បាន​ចោទប្រកាន់​ចំពោះ​បុគ្គល​ណាមួយ​នោះ​ទេ ។ លោក​ថា​ការ​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី មានការ​រៀបចំ​គម្រោង​យូរហើយ ។ មិនមែន​ជា​រឿង​ជំពាក់​លុយ​ដូច​អ្វី​ដែល​ឃាតករ​សារភាព​ចំពោះ​មុខមន្ត្រី​សមត្ថកិច្ច​នោះ​ទេ ។

លោក អេ​ង ឆៃ​អ៊ា​ង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ឃាតករ​មិន​គួរ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម​ឡី នោះ​ទេ ព្រោះថា​លោក​មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​អ្វីមួយ​នោះ​ទេ ។ គឺ​លោក​គ្រាន់​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ម្នាក់​តែ​ប៉ុណ្ណោះ ។

លោក​បាន​ទទូច​ដល់​សមត្ថកិច្ច​ត្រូវ​តែ​ខិតខំ​ស្រាវជ្រាវ​រក​ឃាតករ និង​អ្នក​ដែល​នៅ​ពីក្រោយ  ជាង​នេះ​ស្នើ​សុំ​ឲ្យ​យក​កាមេរ៉ា​សុវត្ថិភាព ដែល​ដាក់​នៅ​ស្តុ​ប​បូកគោ និង​ស្តារ​ម៉ាត ធ្វើការ​ត្រួតពិនិត្យ រហូត​ឈាន​ដល់​ចាប់​ឃាតករ និង​អ្នក​នៅ​ពីក្រោយ ៕