សហជីព​សេរី​កម្មករ​ថ្លែង​ថា ការ​សម្លាប់​លោក កែម ឡី ជា​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​កម្រោល

លោក ម៉ា​ន់ សេង​ហាក់ អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា ការ​បាញ់ប្រហារ​លោក​បណ្ឌិត កែម ឡី គឺជា​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​កម្រោល និង​បង្ក​អ​ស្ថិរភាព​សង្គម​នៅ​កម្ពុជា​ផង​ដែរ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សហជីព​សេរី​កម្មករ​បាន​កត់​សម្គាល់ថា លោក​បណ្ឌិត កែម ឡី គឺជា​បញ្ញវន្ដ​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​កម្ពុជា​ដ៏​សកម្ម​ម្នាក់ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​នៅ​ចំណុច​ហាង​លក់ទំនិញ (Star Mart) នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ ។

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​អំពើ​ដ៏​កំសាក ថោកទាប សាហាវព្រៃផ្សៃ​របស់​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អធម ពោល​គឺជា​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ទាំង​កម្រោល និង​បង្ក​អ​ស្ថិរភាព​សង្គម​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ​មេខ្លោង​ឋិត​នៅ​ពីក្រោយ​ខ្នង​ឃាតក​ជន​ដៃដល់ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​បន្ថែម​ទៀត សំដៅ​ពង្រឹង​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​នៅ​កម្ពុជា ។

សហជីព​សេរី​កម្មករ (FTUWKC) សូម​ចាត់​ទុក​ថា មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ក្នុង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​ដ៏​ព្រៃផ្សៃ​នេះ គឺជា​ការ​បាត់បង់​បញ្ញវន្ដ​មួយ​រូប ដែល​ជា​ធនធានមនុស្ស​បណ្ដុះ​គំនិត​សិក្សា​ស្រាវជ្រាវ​កិច្ចការ​សង្គម​កម្ពុជា ដ៏​សំខាន់​និង​គួរ​ឲ្យ​សោកស្ដាយ​ក្រៃ​លែង​៕