សិល្បករ​ខ្មែរ​និយាយ​ទាំង​រឿង​អាជីព និង​ជីវិត​ឯកជន​តាមរយៈ ​PNN

សិល្បករ​ខ្មែរ​និយាយ​ទាំង​រឿង​អាជីព និង​ជីវិត​ឯកជន​តាមរយៈ ​PNN



សិល្បករ​ខ្មែរ​គ្រប់​ទម្រង់​សុទ្ធតែ​ធ្លាប់​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ពី​ស្ថានភាព​អាជីព ជោគជ័យ ឧបសគ្គ ជីវភាព បញ្ហា​ចម្រូងចម្រាស និង​ជីវិត​ឯកជន​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ ភី​អិន​អិន។

ក្រោយ​ដំណើរការ​ផ្សាយ​ជា​ផ្លូវការ​បាន​មួយឆ្នាំ​ពេញ​គឺ​ចាប់តាំងពី​ថ្ងៃទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ មក ភី​អិន​អិន ទទួលបាន​ការគាំទ្រ​ខ្លាំង​ក្នុង​ការ​រាយការណ៍​ពី​ព្រឹត្តិការណ៍​សិល្បៈ និង​ជោគជ័យ​ធំៗ​របស់​សិល្បករ​ខ្មែរ នៅក្នុង​នោះ​ភី​អិន​អិន ក៏​ត្រូវបាន​សិល្បករ​ចាត់ទុកជា​ស្ថាប័ន​ឯករាជ្យ​ដែល​ផ្សាយ​ចេញ​នូវ​ព័ត៌មាន​សិល្បៈ​ប្រកបដោយ​វិជ្ជាជីវៈ។

កត្តា​ទាំងនេះហើយ ដែល​បានផ្ដល់​ទំនុកចិត្ត​ដល់​អ្នកទស្សនា​លើ​រាល់​ព័ត៌មាន​ដែល​ភី​អិន​អិន ផ្សាយ​ចេញ​ជុំវិញ​រឿងរ៉ាវ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​នៅ​កម្ពុជា រាប់បញ្ចូល​ទាំង​រឿង​ជីវិត​ឯកជន​របស់​តារា និង​បុគ្គល​ល្បីៗ​ក្នុង​វិស័យនេះ​ផងដែរ​។

ទន្ទឹមនឹង​គ្នា​នេះ សិល្បករ និង​បុគ្គល​ពាក់ព័ន្ធ​តែងមាន​ទំនុកចិត្ត​ក្នុងការ​លាតត្រដាង​ពី​ជីវិត​សិល្បៈ និង​ជីវិត​ឯកជន​តាមរយៈ​កម្មវិធី​ព័ត៌មាន​សិល្បៈ​របស់​ភី​អិន​អិន​។

ទូរទស្សនិកជន​ក៏បាន​ទស្សនា​ព្រឹត្តិការណ៍​សិល្បៈ និង​ការ​បង្ហាញ​ម៉ូត​ធំៗ តំបន់​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​ព័ត៌មាន​កម្សាន្ត​របស់​ភី​អិន​អិន​ ដែលមាន​ផ្សាយ​ជូន​ទស្សនា​នៅក្នុង​កម្មវិធី​ព័ត៌មាន «​កម្ពុជា​ល្ងាច​នេះ​» រៀងរាល់ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៧ ដល់​៨​យប់ និង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​វេលា​ម៉ោង​១១ ដល់​១១:៣០ នាទី​ថ្ងៃត្រង់។

លើសពី​ការរាយការណ៍ និង​ផ្សាយ​ជូន​ព័ត៌មាន​នៅក្នុង​ឧស្សាហ​កម្មនេះ ភី​អិន​អិន បានរួម​ចំណែក​បំផុស និង​ជំរុញ​វិស័យ​សិល្បៈ​ដោយបាន​បង្កើត​កម្មវិធី​កំពូល​តារា ឬ Super Star រហូត​ស្វែង​រកឃើញ​ជយលាភី​ដែលមាន​ទេពកោសល្យ​សិល្បៈ ហើយ​បច្ចុប្បន្ន​តាមរយៈ​កម្មវិធី​នេះ ម្ចាស់​ជយលាភី​កំពុង​ពង្រឹង​អាជីព​របស់ខ្លួន​លើ​វិថី​សិល្បៈ​។

ដោយ​ឈរ​លើ​គោលការណ៍​ពង្រឹង និង​ជំរុញ​ការផលិត​នៅក្នុង​ស្រុក និង​ស្រប​ទៅតាម​ការណែនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ចាក់ផ្សាយ​តែ​ភាពយន្ត និង​កម្មវិធី ផលិត​ក្នុងស្រុក​នៅ​ក្នុង​ម៉ោង​មាស​ផង​នោះ ភី​អិន​អិន បាន​ឈានមុខ​គេ​ក្នុង​ការផលិត​កម្មវិធី​កម្សាន្ត និង​ជីវិត​ពិត ដែល​មាន​រហូតដល់​ទៅ​១៥​កម្មវិធី​កំពុង​ចាក់ផ្សាយ​ជូន​ទស្សនា​ជា​រៀងរាល់ថ្ងៃ។

ស្របពេល​ជាមួយគ្នានេះដែរ​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា​នេះ ក៏បាន​យកចិត្តទុកដាក់​លើ​ការផលិត​ភាពយន្ត និង​ភាពយន្ត​ភាគ​ទូរទស្សន៍ ដោយបាន​ផ្ដល់ទុន​ផលិត​យ៉ាង​សន្ធឹកសន្ធាប់​ដល់​ផលិតករ​ខ្មែរ ដើម្បី​លើក​កម្ពស់​គុណភាព​ភាពយន្ត​ខ្មែរ និង​បំពេញ​តម្រូវការ​កម្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។ ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដំបូង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់ ទូរទស្សន៍​ភី​អិន​អិន​នៅ​ដើមខែ​កញ្ញា ខាងមុខនេះ៕
សិល្បករ​ខ្មែរ​និយាយ​ទាំង​រឿង​អាជីព និង​ជីវិត​ឯកជន​តាមរយៈ ​PNN