កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

ក្មេង​ប្រុស​ជនជាតិ​តួកគី អាយុ​៩ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Mehmet Sumbul បាន​អះអាង​ថា រាយ​កាយ​របស់​គេ​ដើរ​តួនាទី​ដូច​ជា​មេដែក​អីចឹង ដោយ​អាច​ឆក់​យក​លោហធាតុ​មក​ជាប់​ស្បែក​របស់​គេ​បាន។ Mehmet រស់នៅ​ជាមួយ​ឪពុកម្តាយ នៅ​ក្នុង​ទីក្រុង Antalya ប្រទេស​តួកគី។ ឪពុកម្តាយ​របស់ Mehmet បាន​និយាយ​ថា ពួក​គេ​បាន​ដឹង​ថា Mehmet មាន​សមត្ថភាព​ពិសេស​នេះ នៅ​ពេល​ដែល Mehmet បាន​សាកល្បង បន្ទាប់​ពី​មើល​បុរស​ម្នាក់​សម្ដែង​សមត្ថភាព​ស្រដៀង​គ្នា​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍។

 

កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

បើ​តាម​វីដេអូ​ឃ្លិប​មួយ​ខ្សែ ដែល​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​អ៊ីនធឺណិត បាន​បង្ហាញ​ឲ្យ​ឃើញ Mehmet សម្តែង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ ដោយ​យក​ស្លាបព្រា និង​សម​ដែក ដាក់​លើ​ទ្រូង និង​ខ្នង​របស់​គេ ស្រាប់​តែ​ស្លាបព្រា និង​សម​ដែក​ទាំងនោះ​ឆក់​ជាប់​តែម្តង។ Mehmet បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា រាងកាយ​របស់​គេ​ក៏​អាច​ឆក់​យក វីស ចាន​គោះ​បារី​ដែក ទូរសព្ទ​ដៃ និង វត្ថុ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាន​ផ្ទុក​ទៅ​ដោយ​លោហធាតុ។ «នៅ​ពេល​ដែល​ខ្ញុំ​ខឹង ម៉ាញេទិច​នៅ​ក្នុង​ខ្លួន​របស់​ខ្ញុំ​រឹត​តែ​ខ្លាំង»។ នេះ​បើ​តាម​សម្តី Mehmet បាន​ប្រាប់​អ្នកកាសែត។

 

លោក Huseyin ឪពុក​បង្កើត​របស់ Mehmet បាន​ប្រាប់​ឲ្យ​ដឹង​ថា «Mehmet អាច​ឆក់​យក​ប្រដាប់​ប្រដា​តូចៗ​ក្នុង​ផ្ទះបាយ​ជា​ច្រើន… ខ្ញុំ​មិន​យក​គេ​ទៅ​មន្ទីរពេទ្យ​ទេ ដោយ​សារ​តែ​គេ​គ្មាន​បញ្ហា​សុខភាព… គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ឯ​សាលា ហើយ​ក៏​ពូកែ​ខាង​កីឡា​ដែរ»។
គួរ​បញ្ជាក់​ផង​ដែរ​ថា មនុស្ស​ដែល​មាន​សមត្ថភាព​ដ៏​ចម្លែក​នេះ ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា «មនុស្ស​ម៉ាញេទិច» ហើយ​ជួនកាល​ពួកគេ​អាច​ឆក់​យក​ប្រភេទ​សម្ភារៈ​ផ្សេងៗ ដូចជា កញ្ចក់ ពរ្សឺឡែន ឈើ និង ប្លាស្ទិក ជាដើម។ ទោះ​បី​ជា​យ៉ាង​ណា អ្នកវិទ្យាសាស្រ្ត​ជាច្រើន បាន​អះអាង​ថា ការ​ពិត​វា​មិនមែន​ជា​សមត្ថភាព​ដ៏​អស្ចារ្យ​អ្វី​ឡើយ ប៉ុន្តែ​វា​អាច​ជា​អាការៈ​ជាតិខ្លាញ់​នៅ​លើ​ស្បែក​ខុសធម្មតា​ទៅ​វិញ​ទេ៕

កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

កុមារ​ដែក​ឆក់ មាន​ជាតិ​ម៉ាញេទិច​ក្នុង​ខ្លួន អាច​ឆក់​លោហធាតុ​ជាប់​ខ្លួន​បាន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail