មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ជុំវិញ​មរណភាព​លោក​បណ្ឌិត កែម ឡី

មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ជុំវិញ​មរណភាព​លោក​បណ្ឌិត កែម ឡី



ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កើតឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តានតឹង មុន​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ និង​បោះ​ឆ្នោតជាតិ​មក​ដល់​នៅ​ឆ្នាំ​២០០៧​ខាង​មុខ ។ ទោះបីជា​មានការ​មើលឃើញ​បែប​នេះ​ក្តី ក៏​ត្រូវ​អ្នកវិភាគ​ខ្លះ​ៗ​វា​លឿន​ពេក ដែល​មានការ​វាយតម្លៃ​ស្ថានការណ៍​នេះ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា លើ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​ឧក្រឹដ្ឋ​កម្ម ឬ​នយោបាយ ត្រូវ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់ ។

ក្រោយ ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្កោលទោស​ករណី​ឃាតកម្ម​បាញ់ប្រហារ​យ៉ាង​ ឃោរឃៅ​នេះ​ ដោយ​សម្តេច​តេ​ជោ បានឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ម៉ឺងម៉ាត់​ ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះដែរ ។ គណបក្សប្រឆាំង​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត វែកញែក​ដោយ​ឯករាជ្យ ដើម្បី​រក​យុត្តិធម៌​ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ។

អង្គការ ​ឃ្លាំមើល​ពិភពលោក (Global Witness) ដែល​មុន​នេះ​បាន​ចេញ​របាយការណ៍​ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ ​១​ប្រាវ​បាន​ប្រកាស​ថ្កោលទោស​ជា​ខ្លាំង ​ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ។ អង្គការ​អន្តរជាតិ​នេះ​ បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ លើ​ករណី​បាញ់​សម្លាប់​នេះ ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិតប្រាកដ​ មក​ផ្តន្ទាទោស មិនមែន​តែ​ខ្មាន់កាំភ្លើង​នេះ​ទេ ។ 

Global Witness ក៏​ទទូច​ឱ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា​ថ្កោលទោស​ឱ្យ​ខ្លាំងក្លា និង​ទាមទារ​ការ​ស៊ើបអង្កេត ​ដោយ​ឯករាជ្យ ចំពោះ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ (LICADHO) បាន​ដកស្រង់​សម្តី​ ដោយ​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា ស្នើ​ឱ្យ​អាជ្ញាធរ ​ស៊ើបអង្កេត​ឯករាជ្យ រក​យុត្តិធម៌ រក​ឫសគល់​ពិត ​អ្នក​នៅ​ពីក្រោយ​ឃា​កម្ម​លើ​លោក កែម ឡី ដើម្បី​យក​មក​ផ្តន្ទាទោស និង​សូម​យកចិត្តទុកដាក់​បង្ហាញ​ហេតុផល​នៃ​ការ​បាញ់​សម្លាប់​នេះ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​រឿង​នយោបាយ ។

លោក​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ជា​ការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ ដែល​ក្លាហាន​ហ៊ាន​និយាយ​រិះគន់​ត្រង់​ៗ ​ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ន័យ​ស្ថាបនា ។

នាយិកា​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សម្តែង​ការ​សោកស្តាយ ហើយ​បាន​ហៅ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ ។ អ្នកស្រី​ថា ឃាតកម្ម​នេះ​ជា​ការ​ប្រ​ឆាំ​​ង​នឹង​សាសនា និង​ច្បាប់ ។ អ្នកស្រី​ស្នើ​ឱ្យ​មានការ​ស៊ើបអង្កេត ​ស្រាវជ្រាវ​ឱ្យ​បាន​ដិត​ដល់​ រក​អ្នក​ប្រព្រឹត្តិ​ពិតប្រាកដ ។ លោក​បណ្ឌិត កែម ឡី ជា​ស្ថាបនិក​នៃ​ក្រុម «​ខ្មែរ​ដើម្បី​ខ្មែរ​» ដែល​ជា​ក្រុម​តស៊ូ​មតិ​មូលដ្ឋាន ។ ជា​ញយ​ៗ​លោក​បាន​រិះគន់​ពី​បញ្ហា​អវិជ្ជមាន​នានា ​ស្តី​ពី​សង្គម និង​នយោបាយ ។

ស្ថាបនិក «​វេទិកា​អនាគត​» លោក អ៊ូ វី​រៈ បាន​ហៅ​លោក​បណ្ឌិត កែម ឡី ថា ជា​វីរៈបុរស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ក្លាហាន​បញ្ចេញមតិ​ ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា «​លោក ជា​វីរៈបុរស​ ក្នុង​ដួងចិត្ត​ប្រជាជន​ខ្មែរ​ទាំងអស់គ្នា ។ យើង​បាត់បង់​មនុស្ស​ល្អ​ម្នាក់ ​ដែល​ចូលរួម​ធ្វើ​ការងារ​សង្គម នយោបាយ ដើម្បី​ជំរុញ​កម្ពុជា ដើរទៅ​មុខ ។ វា​ជា​ការ​បាត់បង់​ដ៏​ធំធេង​មួយ​» ។

ចំណែក​ឯកអគ្គរដ្ឋទូត​ចក្រភព​ អង់គ្លេសលោក ប៉ីល ឡុ​ង​ហឺ​ស (Bill Longhurst) ថ្លែង​ថា លោក​រន្ធត់ និង​សោកសង្រេង​ ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ។ លោក​ថា នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ។

អ្នកស្រី ចក់ សុភាព ក៏​បាន​អំពាវនាវ​តាម​រយៈ​វិទ្យុ​ ដែល​ផ្សាយ​ជា​ខេមរៈភាសា កាលពី​ថ្ងៃ​ទី​១០ កក្កដា ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ចូលរួម​បញ្ចេញមតិ ស្តី​ពី​បញ្ហា​សង្គម និង​នយោបាយ ដើម្បី​រុញច្រាន​កម្ពុជា​ឱ្យទៅ​មុខ «​ខ្ញុំ​ចូលរួម​សោកស្តាយ ហើយ​ពេល​នេះ ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​ទាំងអស់​នឹង​បន្ត​ចូលរួម​ក្នុង​សង្គម​នយោបាយ​បន្ត​ទៀត បើ​ទោះជា​មានរឿង​នយោបាយ​ កើតឡើង​ដែល​យើង​មើលទៅ​ស្ថានភាព​កំពុង​វឹកវរ ។ មាន​តែ​ការ​ចូលរួម​របស់​យើង​ទាំងអស់​គ្នា ដើម្បី​លទ្ធិប្រជាធិបតេយ្យ​» ៕