បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្រុក​អូរ​យ៉ា​ដាវ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

ចាប់តាំងពី​ចុងខែ​មករា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ​បទល្មើស​ស្តុក​ឈើ​តាម​តំបន់​ព្រំដែន និង​ដឹកឈើ​ឆ្លងកាត់​ស្រុក​អូ​រយ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ បាន​ចុះ​ល្បាត​ហើយ​រកឃើញ​គំនរ​ឈើ​សុ​ក្រំ​នៅ​ចំណុច​ភ្នំ​ថ្ម​ដែល​ស្ថិតនៅ​ចន្លោះ​ភូមិ​ដរ និង​ភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ គំនរ​ឈើ​នោះ​ត្រុ​វ​គេ​ដឹងថា ឈ្មួញ​គរ​ទុក​ត្រៀម​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្បែរ​នោះ​តែម្តង​។

​ប្រភពពី​ប្រជា​សហគមន៍​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា​ឈើ​សុ​ក្រំ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​រកឃើញ​នៅក្នុង​ព្រៃ​នោះ ត្រូវបាន​ឈ្មួញ​ដឹក​មកពី​ស្រុក​លំផាត់ ដែល​ជនល្មើស​កាប់​នៅក្នុង​ព្រៃ​សហគមន៍​ព្រៃ​មាស សហគមន៍​ភូមិ​តា​កុក​ព្នង និង​ព្រៃ​សហគមន៍​មួយចំនួនទៀត​ដែល​នៅ​មិន​ឆ្ងាយ​ពី​បន្ទាត់​ព្រំដែន​។ ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ឈ្មួញ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ បើទោះបី​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​យ៉ាងណាក៏ដោយ​។ មានការ​សង្ស័យថា កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ទំនងជា​មិន​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទើប​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​កន្លងទៅនេះ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ស្របទៅតាម​តួនាទី​របស់ខ្លួន​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​អូ​រយ៉ា​ដាវ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​បណ្ដា​ស្រុក​ផ្សេងៗ​ឆ្លងកាត់​ក្រុង​បាន​លុង យកទៅលក់​នៅ​ស្រុក​យួន​តាមផ្លូវ​ជាតិ​លេខ​៧៨​យ៉ាង​គគ្រឹកគគ្រេង​ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​បន្ត​រាលដាល​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​៕

05 02 04