ឧស្សាហកម្ម​ប្រេង​កំពុង​មានការ​ប្រែប្រួល​ជា​ថ្មី​ម្តងទៀត

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​មានការ​គួប​ផ្សំ​ក្តី​ព្រួយបារម្ភ​ក្នុង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី EU បូក​រួម​ទាំង​ទិន្នផល​របស់​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​កាលពី​ខែមិថុនា ជា​ហេតុ​ធ្វើ​ឱ្យ​ទីផ្សារ​រង្គោះរង្គើ​ឡើង​វិញ ។

ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​៤,៣% និង​ក្រោយមក​ថេរ​ក្នុង​តម្លៃ​៤៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ឆៅ West Texas Intermediate មាន​តម្លៃ​ត្រឹមតែ​៤៦,៦១​ដុល្លារ ដែល​បាន​ធ្លាក់​ចុះ​៥% ភ្លាម​មួយ​រំពេច ។

វិនិយោគិន​នៅ​តែ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​សម្រេច​ដើរ​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ចំពោះ​ពាណិជ្ជកម្ម​សកល និង​កំណើន​ទីផ្សារ​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​អង្គារ ហើយ​ប្រេង​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ ។

ផលិតកម្ម​ទីផ្សារ​នេះ​ក៏​មាន​កំណើន​ច្រើន​ជាង​ការ​រំពឹង​ទុក​ផង​ដែរ ។ យោង​តាម OPEC និង​សហ​ក្រុមហ៊ុន​ផលិត​ប្រេង បានឱ្យ​ដឹង​ថា ផលិតកម្ម​ប្រេង​ឆៅ​បាន​កើនឡើង​២៤០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែមិថុនា ស្មើនឹង​៣២,៨៨​លាន​ដុល្លារ ។ បញ្ហា​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នេះ គឺ​ផ្តើម​ចេញពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​បូម​ប្រេង​ជា​មធ្យម​១,៥៣​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែ​មុន ដោយ​កើនឡើង​៩០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ពី​ខែឧសភា នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Bloomberg ។

ទន្ទឹម​គ្នា​នេះ​ដែរ ផលិតផល​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ធំ​ជាងគេ​លើ​ពិភពលោក បាន​បង្កើន​ផលិតកម្ម​របស់​ខ្លួន​ពី​៧០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ទៅ ១០,៣៣​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ។ យោង​តាម Bloomberg ឱ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បាន​បង្កើន​ការ​ផលិត​នៅ​រដូវក្តៅ​នេះ ដើម្បី​ផ្គត់ផ្គង់​ម៉ាស៊ីនត្រជាក់ និង​ការពារ​កម្តៅ ។

ក្រុមហ៊ុន Barclays និង JPMorgan បាន​ជូនដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​នេះ​ថា ភាព​មិន​ប្រាកដប្រជា​ជុំវិញ​កំណើនសេដ្ឋកិច្ច​ពិភពលោក អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​រួច​ទៅ​ហើយ ។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ការ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក បាន​ជះ​ឥទ្ធិពល​លើ​ទស្សនវិស័យ​នៃ​តម្រូវការ​ប្រេង និង​តម្លៃ​ប្រេង​ផង​ដែរ ។

ក្រុមហ៊ុន Barclays បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​ជូន​អតិថិជន​ថា ៖ « ការ​ធ្លាក់​ចុះ​នៅ​លើ​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ភាព​មិន​ប្រាកដប្រជា​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ផល​ប៉ះពាល់​លើ​តំបន់​សំខាន់​នៃ​កំណើន​តម្រូវ​ប្រេង ទំនងជា​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​កំណើន​តម្រូវការ​នៃ​ឧស្សាហកម្ម​នេះ » ៕