​មន្ត្រីការទូត​អាល្លឺម៉ង់​បញ្ជាក់​ជំហរ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

មន្ត្រីការទូត​អាល្លឺម៉ង់​បាន​បញ្ជាក់ថា បើទោះជា​អ្នកការទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​មានការ​ផ្លាស់ប្តូរ​មុខតំណែង​តាម​អាណត្តិ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​គោលជំហរ​របស់​ប្រទេស​អាល្លឺម៉ង់​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។ មន្ត្រីការទូត​អាល្លឺម៉ង់​បាន​បញ្ជាក់ថា ប្រទេស​អាល្លឺម៉ង់​នឹង​បន្ត​ជួយ​ប្រទេស​កម្ពុជា​តាម​លទ្ធភាព​ដែល​ខ្លួន​អាចធ្វើ​បាន​។

​លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្មីៗ​នេះ​បានមក​ពិភាក្សា​ការងារ និង​ជម្រាបលា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ខណៈ​លោក​នឹងត្រូវ​បញ្ចប់​អាណត្តិ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ក្នុងជំនួប​ខាងលើនេះ​លោក Joachim Baron von Marschall បាន​បញ្ជាក់ថា ទោះបីជា​គាត់​ត្រូវ​បញ្ចប់​អណ​ត្តិ​ក៏ដោយ ក៏​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ក្រោយៗ​មក​បន្ដ​ពី​គាត់ ក៏ដូចជា​គោលជំហរ​របស់​ប្រទេស​អាល្លឺម៉ង់​នឹង​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ជិតស្និទ្ធ​ដូច​អ្វីដែល​គាត់​បានធ្វើ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។  លោក Joachim Baron von Marschall  បាន​សង្កត់ធ្ងន់ថា គោលជំហរ​របស់​ប្រទេស​អាល្លឺម៉ង់ គឺ​នៅតែ​បន្ត​ពិភាក្សា និង​ធ្វើ​កិច្ចការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​រិះរក​មធ្យោបាយ​បំបែក​ភាពទាល់ច្រក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ធ្វើយ៉ាងណា​ឈានទៅរក​ការបោះឆ្នោត​ដោយ តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​ឲ្យ​បាន​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ច្រើន​រូប​ផ្សេងទៀត បាន​ជួបពិភាក្សា​ការងារ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក ហ្គា​ត មូ​ល័​រ រដ្ឋមន្ត្រី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​ថា ការជួបពិភាក្សា​ការងារ​នេះ គឺជា​កាយវិការ​ដ៏​ប្រពៃ​មួយ​របស់​ប្រទេស​អាល្លឺម៉ង់ ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅ​សហគមន៍​អឺរ៉ុប ដោយបាន​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​ការតស៊ូ​ដ៏​ស្វិតស្វាញ​របស់​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស និង​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា​៕

13627173_1402202806463681_1685903733437516387_n 13612146_1402202753130353_811384789630493192_n