ដក​កាំភ្លើង​បាញ់មេឃ​​ ២​គ្រាប់លេង នៅ​ក្បែរ​សារមន្ទីរ​ជាតិរួច​គេច​ខ្លួន​បាត់​

ដក​កាំភ្លើង​បាញ់មេឃ​​ ២​គ្រាប់លេង នៅ​ក្បែរ​សារមន្ទីរ​ជាតិរួច​គេច​ខ្លួន​បាត់​



ភ្នំពេញ ៖ ស្នូរ​សំឡេង​ផ្ទុះ​កាំភ្លើង​ចំនួន​២​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិត​ខាង​ ដោយសារ​បុរស​៣​នាក់​បាន​ដក​កាំភ្លើង​ខ្លី​ចេញពី​ចង្កេះ​បាញ់​កម្សាន្ត​លេង​ និង​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ កាលពី​វេលា​ម៉ោង​២២​យប់​ ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច ជាប់​របង​នឹង​របង​សារមន្ទីរ តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៨ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​ គេ​បាន​ឃើញ​បុរស​៣ នាក់​ ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​លេខ​១៧៨ ទិសដៅ​ពី​លិច​ទៅ​កើត មួយសន្ទុះ​ក្រោយមក ​បាន​ជិះ​ត្រឡប់មកវិញ ហើយ​បាន​ដក​កាំភ្លើង​ខ្លី​ចេញពី​ចង្កេះ​បាញ់​ឡើង​លើ​២​គ្រាប់ ​រួច​ក៏​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្ដង។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយ​កើត​ហេតុ ​កម្លាំង​អាវុធហត្ថ​បាន​មក​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ ​រក​ឃើញ​សំបក​ការទុស្ស​១​គ្រាប់ ​តែ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ គេ​មិន​ឃើញ​មាន​វត្ត​មាន​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​នោះ​ទេ​។ ​បន្ទាប់មក​ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​រើស​យក​សំបក​គ្រាប់​ទៅ​ពិនិត្យ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​៕