រយៈ​ពេល​១២ម៉ោង ផ្លេកបន្ទោរ​១ម៉ឺន​ដង​បាញ់​ពាសពេញ​ផ្ទៃមេឃ នៃ​ទីក្រុង​ហុងកុង

ផ្លេកបន្ទោរ​ចំនួន ១ម៉ឺន បាន​បាញ់​ពាសពេញ​ផ្ទៃមេឃ នៃ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃសៅរ៍ ទី០៩ និង ថ្ងៃអាទិត្យ ទី១០ កន្លង​ទៅ​នេះ ក្នុង​អំឡុង​ពេល​មាន​ព្យុះ​រន្ទះ រយៈ​ពេល​១២ម៉ោង។

 

យោង​តាម​កាសែត South China Morning Post បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស៊ើបការណ៍ Hong Kong Observatory បាន​និយាយ​ថា ចំនួន​នៃ​ផ្លេកបន្ទោរ​នេះ ពិត​ជា​ខ្ពស់​ខ្លាំង​ណាស់​សម្រាប់​ព្យុះ​ក្នុង​រដូវក្តៅ​នេះ។ កំណត់​ត្រា​ចាស់ កាល​ពី​ខែ​កក្កដា ឆ្នាំ២០០៥ គេ​កត់ត្រា​ចំនួន​ផ្លេកបន្ទោរ បាន​ត្រឹមតែ ៩៩៦៦គ្រាប់​ប៉ុណ្ណោះ ក្នុង​រយៈពេល​២៤ម៉ោង។ ទោះ​បី​ជា​យ៉ាង​ណា ដោយ​សារ​តែ​ផ្លេកបន្ទោរ​ចំនួន ១ម៉ឺន​គ្រាប់ ដែល​បាន​បាញ់​ក្នុង​ឆ្នាំ២០១៦​នេះ ស្ថិត​ក្នុង​ពេល​២ថ្ងៃ ដូច្នេះ​ហើយ​វា​មិន​ត្រូវ​បាន​គេ​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ឡើយ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្យុះ​រន្ទះ និង​ផ្លេកបន្ទោរ​នេះ បាន​ចាប់ផ្តើម​កាល​ពី​យប់​ថ្ងៃសៅរ៍ និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃអាទិត្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​បង្ហោះ​រូបភាព​ជា​ច្រើន បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនីយភាព​នៃ​ផ្លេកបន្ទោរ ដែល​បាន​ផ្ញើ​ដោយ​សាធារណជន។
បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស៊ើបការណ៍​ថត​បាន​ផ្លេកបន្ទោរ ចំនួន៥ ៩០៥គ្រាប់ នៅ​ពាក់​កណ្តាល​យប់​ថ្ងៃសៅរ៍ ដែល​ភាគច្រើន​បាញ់​ទៅ​លើ​កោះ Lantau Island និង តំបន់ New Territories ក្នុង​ទីក្រុង​ហុងកុង។ រីឯ ៤ ០៩៥គ្រាប់​ផ្សេង​ទៀត បាន​បាញ់​នៅ​ព្រឹក​ថ្ងៃអាទិត្យ។

 

លោក Tam Yee-ting ជា​អ្នក​ស៊ើបការណ៍​ម្នាក់ បាន​ពន្យល់​ប្រាប់​ថា «សីតុណ្ហភាព​ខ្ពស់​កាល​ពី​ថ្ងៃសៅរ៍ បាន​ជួយ​សម្រួល​ដល់​ធាតុអាកាស ក្នុង​ការ​កើន​ឡើង​នៃ​ខ្យល់​ក្តៅ​ពី​ដី ហើយ​បង្កើត​ខ្យល់​មិន​ស្ថិតស្ថេរ។ កត្តា​នេះ​ផ្ដល់​នូវ​យន្ត​ការ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង និង​ផ្គរ​កើត​ឡើង»៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ channelnewsasia

http://www.channelnewsasia.com/news/asiapacific/10-000-lightning-flashes/2947088.html