ហ្គេម​បាញ់​ត្រី​ក្នុង​សង្កាត់​ទួល​សង្កែ កំពុង​ពង្វក់ស្មារតី​យុវវ័យ​ឲ្យ​ភ្លេច​ការរៀនសូត្រ​

​រហូតមកដល់​ពេលនេះ​នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ នៅតែមាន​ហ្គេម​បាញ់​ត្រី និង​ល្បែងស៊ីសង​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​សមត្ថកិច្ច​នគរបាល​ស​ង្កា​ត់ ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​មិន​ចាត់វិធានការ​បង្ក្រាប ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​សង្កែ អំពាវនាវ​ដល់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​បង្ក្រាប​ហ្គេម​បាញ់​ត្រី និង​ល្បែង​កន្ទុយលេខ ភ្នាល់​បាល់ទាត់​ជាដើម ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​សង្កាត់​ទួល​សង្កែ​។ ការអំពាវនាវ​របស់​ប្រជាពលរដ្ឋ​បែបនេះ គឺ​ដោយសារតែ​ពួកគាត់​អស់ជំនឿ​លើ​អាជ្ញាធរ​សង្កាត់ សមត្ថកិច្ច​សង្កាត់​ទួល​សង្កែ អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែវ ក្នុងការ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ទួល​សង្កែ បាន​ឲ្យ​ដឹងថា​មាន​ហ្គេម​បាញ់​ត្រី​ជាង​១០​កន្លែង​នៅ​ម្ដុំ​ផ្លូវ​រថភ្លើង និង​នៅលើ​ផ្លូវ​២៧១​ទល់មុខ​ស្ថានីយ៍​បូមទឹក​ស្អុយ​ក្នុង​សង្កាត់​ទួល​សង្កែ ត្រូវគេ​បើក​លេង​២៤​ម៉ោង​ធ្វើ​ឲ្យ​ក្មេង​តូចៗ​ជា​សិស្សសាលា​បឋមសិក្សា និង​សិស្ស​អនុវិទ្យាល័យ​ជាច្រើន​មក​ប្រមូល​ផ្ដុំគ្នា​លេង​ហ្គេម​នៅទីនេះ​។ ក្រៅពី​ហ្គេម​បាញ់​ត្រី​និង​ល្បែងស៊ីសង​ផ្សេងៗ​កំពុង​រាលដាល​ក្នុង​សង្កាត់​ទួល​សង្កែ គឺមាន​ក្រុម​បងតូច បងធំ ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់ ចែកចាយ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ចំណុច​ខាងលើនេះ​ផងដែរ​។ ក៏ប៉ុន្តែ​ចៅសង្កាត់ និង​នាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​ទួល​សង្កែ ក៏ដូចជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​អធិការនគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទាំងនោះ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ទាល់តែសោះ​។

​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ​វក់​នឹង​ហ្គេម​បាញ់​ត្រី ក៏ដូចជា​ហ្គេម​ផ្សេងៗ​ទៀត​ក្នុង​សង្កាត់​ទួល​សង្កែ បាន​ឲ្យ​ដឹងថា​កូនចៅ​របស់​ពួកគាត់​វង្វេងស្មារតី​លេង​ចូល​សាលារៀន ហើយ​ទៅ​សំកុក​តែ​កន្លែង​ហ្គេម​បាញ់​ត្រី និង​ហ្គេម​កម្សាន្ត​នៅ​ទីតាំង​ជាង​១០​កន្លែង​ខាងលើ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា អ្នកកាង​ហ្គេម​បាញ់​ត្រី​ឈ្មោះ ហ៊ា​ណូ និង​ហ៊ា​ហេង មាន​ខ្នងបង្អែក​ពី​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​បទល្មើស​គ្រឿងញៀន​ក៏​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។ ដោយសារ​ព្រួយបារម្ភ​នឹង​អនាគត​កូនចៅ​របស់​ពួកគាត់ ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​សង្កែ អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ហ្គេម​បាញ់​ត្រី និង​ល្បែងស៊ីសង​ក្នុង​សង្កាត់​ទួល​សង្កែ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

12439456_555193957976387_254653602229418225_nលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ fc48cfa258597aa3d33cc6226804cbc4 112