នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ លោក យ៉ង ភារ​ម្យ បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ដើម្បី​ផលប្រយោជន៍​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​នៅក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​បច្ចុប្បន្ន មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ជា​អ្នក​បើកដៃ​ឲ្យ​ជនល្មើស​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់​យ៉ាង​សុខ​ស្រួល​បំផុត​។ ការដែល​លោក យ៉ង ភារ​ម្យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ផងដែរ ទើប​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​ជនល្មើស​ចូល​ព្រៃ​កាប់​ឈើ ដឹកជញ្ជូន​តាម​រទេះគោ​ក្របី តាម​គោយន្ត និង​តាម​រថយន្ត​កែច្នៃ​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិនឃើញ​មន្ត្រី​បរិស្ថាន​ក្រោម​ការគ្រប់គ្រង​របស់លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​ក្រុមមន្ត្រី​បរិស្ថាន ក្រោម​ការគ្រប់គ្រង​រប​ស់លោក យ៉ង ភារ​ម្យ តែងតែ​កំណត់​ឲ្យ​អ្នក​ដឹកជញ្ជូន​ឈើ​បង់លុយ​តាម​ការកំណត់ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ក៏ដូចជា​លោក យ៉ង ភារ​ម្យ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ជាបន្ទាន់ ក្នុងខណៈដែល​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កំពុង​បន្ត​កើតមាន​ឥតឈប់ឈរ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​កាប់​ដឹក​ចេញពី​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​នោះ មាន​ឈ្មួញ​ដែលជា​មន្ត្រី​យោធា​ភូមិ​ភិ​៣ និង​ឈ្មួញ​មួយចំនួនទៀត​ប្រមូល​ទិញ​ដឹកជញ្ជូន​ចូល​ខេត្តកំពង់ស្ពឺ ហើយ​ឆ្លងកាត់​ស្រុក​ឈូក ស្រុក​កំពង់ត្រាច ខេត្ត​កំពង​ត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​ច្រក​តន់​ហន់ ដោយ​គ្មាន​សមត្ថកិច្ច​ណា​រំខាន​នោះទេ​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱ​រ៉ា​ល់ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តកំពង់ស្ពឺ តាម​អំពើ​ចិត្ត​៕

Pic125 Pic126 Pic127 Pic128