តើ​អ្នកដឹង​ថា iPhone 7 មាន​លក្ខណៈ និង​មុខងារ​បែប​ណា​ដែរ​ឬទេ ?

បើ​ទោះជា​ក្រុមហ៊ុន Apple មិន​ទាន់​បញ្ចេញ​ម៉ូ​ដែល​ចុង​ក្រោយបង្អស់​របស់​ខ្លួន​ក្តី តែ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​កំពុង​ផុស​ឡើង​ជុំវិញ​មុខងារ និង​រូបរាង​នៃ​ម៉ូ​ដែល iPhone7 ជំនាន់​ថ្មី​នេះ ។

ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​មួយ​បាន​អះអាង​ថា ក្រុមហ៊ុន Apple នឹង​ផ្តល់​ជូន​នូវ​ជម្រើស​ពណ៌​ថ្មី​មួយ​សម្រាប់ iPhone ជំនាន់​ក្រោយ ។ ខាងក្រោម​នេះ គឺជា​អ្វី​ៗ​ដែល​យើង​បានដឹង​ពី iPhone 7 ៖

-​វា​ប្រហែលជា​មិន​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា iPhone 7 នោះ​ទេ ៖
យោង​តាម​ប្រវត្តិសាស្ត្រ​នៃ​ការ​ដាក់​ឈ្មោះ​តាម​ជំនាន់ iPhone​នីមួយ​ៗ មនុស្ស​ជា​ច្រើន​រំពឹង​ថា iPhone​ជំនាន់​ក្រោយ​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា iPhone 7 ។

ប៉ុន្តែ​ថ្មី​ៗ​នេះ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ចេញពី​គេហទំព័រ​សារព័ត៌មាន​ជប៉ុន Nikkei អះអាង​ថា ម៉ូ​ដែល «iPhone» នឹង​ក្លាយជា​សមាជិក​ថ្មី​មួយ​ក្នុង​ចំណោម​គ្រួសារ iPhone 6 ដោយ​គ្រាន់តែ​បញ្ចេញ iPhone ជំនាន់​ថ្មី​ជាមួយនឹង​លេខ​ម៉ូ​ដែល​ថ្មី «7» តែ​ប៉ុណ្ណោះ ។

យើង​សង្ឃឹមថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ iPhone ជំនាន់​ថ្មី​ដែល​ខុស​ប្លែក​ពី​ជំនាន់​មុន​ៗ​របស់​ខ្លួន ប៉ុន្តែ​ប្រសិនបើ​ពិត​ដូច​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​មែន យើង​ច្បាស់​ជា​ពិបាក​ទទួលយក​ណាស់ ។ នៅ​ពេល​ដែល​យើង​មិនសូវ​ចាប់អារម្មណ៍​ដូច​មុន​ទៅ​លើ​ការ​ដាក់​ឈ្មោះ​របស់​វា ចាប់ពី​ពេល​នេះ​ទៅ យើង​នឹង​ហៅ​វា​ថា «iPhone ជំនាន់​ក្រោយ​»។

-​វា​នឹង​មាន​ម៉ូ​ដែល​២​ផ្សេង​គ្នា​ជាមួយនឹង​ទំហំ​អេ​ក្រង់​ខុស​គ្នា​ផង​ដែរ ៖
iPhone ជំនាន់​ក្រោយ​នឹង​បញ្ចេញ​ទំហំ​២​ផ្សេង​គ្នា​ដូចដែល​ជំនាន់ iPhone 6 អីចឹង​ដែរ រួម​មាន​ស្តង់ដា​អេ​ក្រង់​៤,៧​អុ​ី​ញ ព្រមទាំង​ទំហំ​អេ​ក្រង់​ម៉ូ​ដែល Plus ៥,៥​អីុ​ញ ។

-​វា​នឹង​មាន​រូបរាង​ប្រហាក់ប្រហែល​ទៅ​នឹង iPhone 6/6s ៖
រហូត​មក​ដល់​ពេល​នេះ គ្រប់​ពាក្យ​ចចាមអារ៉ាម​ទាំងអស់​លើក​ឡើង​ថា iPhone ជំនាន់​ក្រោយ នឹង​មិន​មាន​រូបរាង​ខុស​ប្លែក​ច្រើន​ពី​ម៉ូ​ដែល iPhone 6 និង 6s នោះ​ទេ ក្នុង​នោះ​រួម​មាន​ពាក្យ​ច​ច​រាម​អា​រ៉ា​ម​ពី​គេហទំព័រ 9to5Mac និង​រូបភាព​ស្រោម iPhone 7 ក៏​បាន​លេចឡើង​ចេញពី​គណនី Twitter ឈ្មោះ Steve Hemmerstoffer ផង​ដែរ ។

ថ្មី​ៗ​នេះ ព័ត៌មាន​ទាក់ទិន​នឹង​រូបរាង iPhone ជំនាន់​ក្រោយ ប្រហែលជា​ស្រ​ដៀង​ទៅ​នឹង​ជំនាន់ iPhone 6/6s អីចឹង​ដែរ ហេតុនេះ​ហើយ​ទើប​ការ​អះអាង​ខាងលើ​ថា iPhone ជំនាន់​ក្រោយ​នឹង​ក្លាយជា​សមាជិកគ្រួសារ iPhone 6 ជា​ជាង iPhone ជំនាន់​ថ្មី ។

-​ក្រុមហ៊ុន Apple ប្រហែលជា​ភ្ជាប់​មក​ជាមួយនឹង​ជម្រើស​ពណ៌​ថ្មី​មួយ ៖
ពាក្យ​ចចាមអារ៉ាម​ដំបូង​ជុំវិញ​ជម្រើស​ពណ៌​ថ្មី​របស់ iPhone ជំនាន់​ក្រោយ គឺ​ចេញពី​គេហទំព័រ MacOtakara ដែល​បាន​អះអាង​ថា វា​នឹង​មាន​ពណ៌​ខៀវចាស់ មើលទៅ​ពិតជា​អស្ចារ្យ​ណាស់ ។

គេហទំព័រ​នេះ​បាន​ធ្វើការ​កែសម្រួល​ដោយ​បាន​ចេញផ្សាយ​ថា iPhone ជំនាន់​ក្រោយ​នឹង​មាន​ពណ៌​ខ្មៅ​វិញ ដែល​មើលទៅ​មាន​សភាព​ខ្មៅ​រលោង និង​ទាន់សម័យ​បំផុត​។ យ៉ាងណាមិញ យើង​មិន​ទាន់​ប្រាកដ​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ​ពណ៌​ទាំង​២​ខាងលើ​នេះ ឬ​តែ​មួយ​ពណ៌​នោះ​ទេ ។

-​វា​នឹង​មាន​កាមេរ៉ា​ភ្លោះ ប៉ុន្តែ​វា​ប្រហែលជា​អាច​បំពាក់​តែ​លើ​ម៉ូ​ដែល Plus ប៉ុណ្ណោះ ៖
យោង​តាម​របាយការណ៍​មួយ​ធ្វើ​ឡើង​ដោយ​លោក Ming-Chi Kuo អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន KGI Securities បានឱ្យ​ដឹង​ថា ម៉ូ​ដែល Plus របស់ iPhone ជំនាន់​ក្រោយ​នឹង​បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ ។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ចចាមអារ៉ាម​ទាក់ទង​នឹង​ស្តង់ដា​ម៉ូ​ដែល iPhone ជំនាន់​ក្រោយ​ថា នឹង​មាន​កាមេរ៉ា​ភ្លោះ​នោះ​ទេ ។

ការ​បែកធ្លាយ​រូបភាព​កាមេរ៉ា​ភ្លោះ​របស់ iPhone ជំនាន់​ក្រោយ​ផ្តើម​ចេញពី​គេហទំព័រ Taiwanese Apple Blog, Apple.Club.tw និង MacRumors ហើយ​ក៏​មាន​ព័ត៌មាន​ផុស​ពី​ការ​រចនា​ស្រោម​សម្រាប់ iPhone ជំនាន់​ក្រោយ​ចេញពី​គណនី Twitter មួយ​ឈ្មោះ Steve Hemmerstoffer ដែល​បាន​បង្ហាញ​ពី​ទំហំ​កាមេរ៉ា​ធំ​ល្មម​អាច​ដាក់​បាន​កាមេរ៉ា​២ ។

ចំពោះ​រូបរាង​ម៉ូ​ដែល Plus របស់ iPhone ជំនាន់​ក្រោយ​ដែល​មាន​ទំហំ​អេ​ក្រង់​៥,៥​អីុ​ញ និង​កាមេរ៉ា​ភ្លោះ​ខាងលើ​នេះ ត្រូវ​បាន​បែកធ្លាយ​ចេញពី​ទស្សនាវដ្តី Japanese Apple។

-​ទំហំ​របស់​វា​អាច​នឹង​ក្រាស់​ជាង iPhone 6s ៖
ដើម​ឡើយ​ទំហំ​របស់ iPhone ជំនាន់​ក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន Fast Company អះអាង​ថា វា​នឹង​មាន​ទំហំ​ស្តើង​ជាង​ម៉ូ​ដែល iPhone 6s ។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​មួយ​ក្នុង​ចំណោម​ព័ត៌មាន​ផ្សេង​ទៀត ដែល​ភាគច្រើន​ចេញពី​គេហទំព័រ Czech tech បង្ហាញ​ថា iPhone Plus ជំនាន់​ក្រោយ​នឹង​មាន​ទំហំ​៧,៣​មី​លី​ម៉ែត្រ ខណៈ iPhone 6s Plus មាន​ទំហំ​ត្រឹម​៧,១​មី​លី​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។

-​ចំពោះ​កាមេរ៉ា​នឹង​នៅ​តែ​លៀន​ចេញ​មក​ក្រៅ​ទាំង​ពីរ​ម៉ូ​ដែល ៖
ពាក្យ​ចចាមអារ៉ាម​ដំបូង​លើក​ឡើង​ថា កាមេរ៉ា​ដែល​យើង​តែងតែ​ឃើញ​មាន​សភាព​លៀន​ចេញ​មក​ក្រៅ​ផ្នែក​ខាងក្រោយ​នៅ​លើ​ម៉ូ​ដែល iPhone 6s/6s Plus នឹង​មិន​មាន​ទម្រង់​បែប​នោះ​ទៀត​ឡើយ​ចំពោះ iPhone ជំនាន់​ក្រោយ ។

យោង​តាម​គេហទំព័រ MacRumors បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​បំពាក់​កាមេរ៉ា​ស្តើង​ជាង​មុន ដែល​អាច​ឱ្យ​មាន​សភាព​រាបស្មើ​នៅ​ផ្នែក​ខាងក្រោយ​ដូច​ដើម​វិញ នេះ​ក៏​ដោយសារ​តែ​ការ​បំពាក់​កាមេរ៉ា​នៅ​លើ​ម៉ូ​ដែល iPhone 6 និង 6s ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​មិន​ពេញ​ចិត្តជា​ខ្លាំង​ជាមួយនឹង​ការ​រចនា​បែប​នេះ ។ ប៉ុន្តែ​រូបភាព​ដែល​បាន​លេច​ឡើង​ចេញពី​គេហទំព័រ AppleInsider បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កាមេរ៉ា​របស់ Iphone ជំនាន់​ក្រោយ​នឹង​នៅ​តែ​លៀន​ចេញ​មក​ក្រៅ​ដដែល ។

-​វា​នឹង​មិន​ផលិត​ចេញពី​លោហធាតុ​នោះ​ទេ ៖
រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន Apple បាន​ប្រើប្រាស់​វត្ថុធាតុដើម​សំខាន់​ៗ​ចំនួន​៣​ប្រភេទ​សម្រាប់​ផលិត iPhone ដូច​ជា ប្លា​ស្ទិ​ក កញ្ចក់ និង​លោហធាតុ ។ ប៉ុន្តែ​យោង​តាម​គេហទំព័រ DigiTimes បានឱ្យ​ដឹង​ថា iPhone 7 ជំនាន់​ក្រោយ​នេះ​ប្រហែលជា​ផលិត​ឡើង​យ៉ាង​អាថ៌​កំបាំង​បំផុត អាច​ជា​វត្ថុ​ធាតុ​ថ្មី​ខុស​ពី​ម៉ូ​ដែល​មុន​ៗ ។

យ៉ាងណាមិញ មិន​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មី​ទាក់ទិន​នឹង​វត្ថុធាតុដើម​ថ្មី​លេចឡើង​ទៀត​ទេ ចាប់តាំងពី​ពេល​នោះ​មក ដូច្នេះ ទំនងជា​វា​គ្រាន់តែ​ជា​ព័ត៌មាន​ផ្តេសផ្តាស​ប៉ុណ្ណោះ ។

-​វា​នឹង​នៅ​តែ​អាច​ប្រើ​បាន បើ​ទោះជា​ចូល​ទឹក ៖
យោង​តាម​គេហទំព័រ DigiTimes បាន​ចេញផ្សាយ​ថា «​វត្ថុធាតុដើម​ថ្មី​» បូក​បញ្ចូល​ទាំង​ការ​បញ្ចេញ​រូបរាង​ដោយ​មិន​មាន​រន្ធ​កាស​នោះ ជា​ហេតុ​ធ្វើ​ឱ្យ iPhone 7 ជំនាន់​ក្រោយ​នេះ នឹង​ក្លាយជា​ម៉ូ​ដែល​ធន់​នឹង​ការ​ជ្រាប​ទឹក​ជាង​ម៉ូ​ដែល​មុន​ៗ ។

-​វា​អាច​នឹង​មានការ​ត​ភ្ជាប់​ឆ្លាត​វៃ​មួយ ៖
រូបភាព​ផ្នែក​ខាងក្រោយ​របស់ iPhone ជំនាន់​ក្រោយ​ដែល​បាន​ផ្សាយ​ចេញពី​គេហទំព័រ AppleInsider ព្រមទាំង​ការ​បែកធ្លាយ​ដែល​បាន​រៀបរាប់​ពី​ខាង​ដើម បាន​បង្ហាញ​ពី​ចំណុច​៣ នៅ​ផ្នែក​ខាងក្រោម​បង្អស់​នៃ​ស្មា​ត​ហ្វូ​ន​ដែល​មើលទៅ​ហាក់ដូចជា​តំណ​ភ្ជាប់​ឆ្លាត​វៃ ដូចដែល​យើង​បានឃើញ​នៅ​លើ iPad Pro ជំនាន់​ថ្មី​ដែរ ។

ប៉ុន្តែ​រូបរាង​បែកធ្លាយ​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា iPhone ជំនាន់​ក្រោយ មិន​មាន​តំណ​ភ្ជាប់​ឆ្លាត​វៃ​នោះ​ទេ ។ យើង​ពិបាក​ណាស់​ថា តើ​ប្រភព​ណាមួយ​ត្រឹមត្រូវ ព្រោះថា​ពាក្យ​ចចាមអារ៉ាម​នៃ​ការ​បញ្ចេញ​រូបរាង iPhone ជំនាន់​ក្រោយ​មាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ។ យើង​ក៏​មិន​ប្រាកដ​ថា ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​ពិត ឬ​ក៏​យ៉ាងណា​នោះ​ដែរ ។

យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​មាន​វត្តមាន​តំណ​ភ្ជាប់​ឆ្លាត​វៃ​នោះ​នៅ​លើ iPhone ជំនាន់​ក្រោយ​ឬ​ក៏​យ៉ាងណា​នោះ​ទេ ។ យ៉ាងណាមិញ​តំណ​ភ្ជាប់​ឆ្លាត​វៃ​នៅ​លើ iPad Pro អាច​ឱ្យ​យើង​ភ្ជាប់​ទៅ​នឹង​ក្តារ​ចុច​ឆ្លាត​វៃ​បាន ។ ប៉ុន្តែ​មាន​ព័ត៌មាន​លេចឮ​ថា ក្រុមហ៊ុន Apple នឹង​បំពាក់​មុខងារ​តំណ​ភ្ជាប់​ឆ្លាត​វៃ​នៅ​លើ iPhone ។

-​ខ្សែ​ឆូត​ៗ​ពណ៌​ស​នៅ​ផ្ទៃ​ខាងក្រោយ​ប្រហែលជា​មើល​មិនឃើញ​ទៀត​ទេ ៖
យោង​តាម​គេហទំព័រ DigiTimes បានឱ្យ​ដឹង​ថា អង់​តែ​ន​ឆូត​ៗ​ពណ៌​ស​ដែល​យើង​ឃើញ​នៅ​ផ្នែក​ខាងក្រោយ​នៃ​ម៉ូ​ដែល iPhone 6 និង 6s (​ក៏​ដូច​ជា​នៅ​លើ​ម៉ូ​ដែល Plus) ប្រហែលជា​មិន​មាន​ទៀត​ទេ សម្រាប់ iPhone ជំនាន់​ក្រោយ ។

ព័ត៌មាន​ចចាមអារ៉ាម​មក​ពី​វេ​ប​សាយ​ចិន CN Beta តាម​រយៈ​គេហទំព័រ Phone Arena បានឱ្យ​ដឹង​ថា អង់​តែ​ន​ទាំងនោះ​នឹង​នៅ​តែ​មាន​ដដែល ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​រចនា​ឡើង​វិញ ដូច្នេះ​ហើយ​វា​អាច​នឹង​មើល​មិនឃើញ​ឡើយ ។

ជា​ការ​ពិត​ណាស់ រូបរាង​ដែល​បាន​លេច​ចេញ​ឡើង​បង្ហាញ​ថា ខ្សែ​ឆូត​ៗ​នៅ​ផ្នែក​ខាងក្រោយ iPhone បាន​យក​ចេញ ទុក​តែ​ខ្សែ​ឆូត​ដែល​នៅ​ផ្នែក​ខាងលើ និង​ជ្រុង​ខាងក្រោម​តែ​ប៉ុណ្ណោះ ។

-​វា​នឹង​មិន​មាន​រន្ធ​ដោត​កាស​នោះ​ទេ ៖
យោង​តាម​គេហទំព័រ Japanese Apple blog Mac Otakara បានឱ្យ​ដឹង​ថា iPhone ជំនាន់​ក្រោយ ប្រហែលជា​គ្មាន​រន្ធ​កាស​នោះ​ទេ​។ រីឯ​រូបភាព​ស្រោម​ដែល​រចនា​ឡើង​សម្រាប់ iPhone ជំនាន់​ក្រោយ ក៏​មិនឃើញ​មាន​ប្រហោង​រន្ធ​ដោត​កាស​ដែរ ។ វា​មាន​ន័យ​ថា យើង​អាច​ប្រើ​រន្ធ​ដែល​ជា​ធម្មតា​សម្រាប់​ដោយ​សាក​ថ្ម មក​ជា​រន្ធ​សម្រាប់​ស្តាប់​ចម្រៀង​វិញ ហើយ​ជម្រើស​ដទៃ​ទៀត គឺ​អាច​ប្រើ​ជា​កាស Bluetooth ។

-​វា​ប្រហែលជា​មាន​ឧបករណ៍​បំពង​សំឡេង​២ ៖
យោង​តាម​របាយការណ៍​មួយ​របស់ Barclay បានឱ្យ​ដឹង​ថា ឧបករណ៍​បំពង​សំឡេង​ទី​២ អាច​មាន​វត្ត​មាននៅ​កន្លែង​រន្ធ​ដោត​កាស ។
រូបភាព​បែកធ្លាយ​ស្រោម iPhone ជំនាន់​ក្រោយ​ដដែល​នេះ ក៏​បាន​បង្ហាញ​ពី​ការ​បាត់បង់​រន្ធ​ដោត​កាស​ផង​ដែរ ថែម​ទាំង​មាន​ចន្លោះ​សម្រាប់​ឧបករណ៍​បំពង​សំឡេង​២​ផង​ដែរ ។
យ៉ាងណាមិញ មាន​ព័ត៌មាន​បែកធ្លាយ​ផ្សេង​ទៀត​បញ្ជាក់​ថា មាន​ឧបករណ៍​បំពង​សម្លេង​តែ​១​ប៉ុណ្ណោះ​ដូច​ជំនាន់ iPhone 6s អីចឹង​ដែរ ។

-​វា​ប្រហែលជា​អាច​សាក​ថ្ម​បាន​ដោយ​មិន​ចាំបាច់​ដោត​ខ្សែ (wireless charging) ៖
យោង​តាម Fast Company បានឱ្យ​ដឹង​ថា យើង​ប្រហែលជា​អាច​បញ្ចូល​ថ្ម iPhone ជំនាន់​ក្រោយ​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ​ទៀត​ទេ ។ ការ​សាក​ថ្ម​ដោយ​មិនបាច់​ប្រើ​ខ្សែ​អាច​ជា​ជម្រើស​មួយ​សម្រាប់ iPhone ជំនាន់​ក្រោយ ។

-​វា​ប្រហែលជា​មិន​មាន home button នោះ​ទេ ៖
យោង​តាម​វេ​ប​សាយ DigitTimes តាម​រយៈ​គេហទំព័រ tech site i4U បានឱ្យ​ដឹង​ថា Home button របស់ iPhone ដែល​យើង​តែងតែ​ចុច ក៏​ដូច​ជា​កន្លែង​សម្រាប់​ស្កេ​ន​ម្រាមដៃ ប្រហែលជា​ត្រូវ​បាន​ជំនួស ដែល​យើង​មិន​អាច​មើលឃើញ​ឡើយ​ចំពោះ Iphone ជំនាន់​ក្រោយ​នេះ ។ ប៉ុន្តែ​យើង​នៅ​តែ​ឃើញ​មាន home button នៅ​ក្នុង​រូបភាព​ដែល​បាន​បែកធ្លាយ​នា​ពេល​កន្លង​មក ។ យ៉ាងណាមិញ យើង​មិន​ទាន់​ដឹង​ថា តើ​វា​សម្រាប់​ចុច​ដូច​លើក​មុន ឬ​យ៉ាងណា​នោះ​ទេ ។

-​វា​នឹង​មាន​ថាមពល​ថ្ម​ខ្លាំង​ជាង​ម៉ូ​ដែល​មុន​ៗ ៖
ពាក្យ​ចចាមអារ៉ាម​ចេញពី​វេ​ប​សាយ​ចិន MyDrivers.com អះអាង​ថា iPhone ជំនាន់​ក្រោយ​នឹង​មាន​ថាមពល​ថ្ម​ខ្លាំង​ជាង​ជំនាន់​ថ្ម iPhone 6s ។ រីឯ​រូបភាព​បែកធ្លាយ​ខាងលើ​ដែល​ចេញពី​គេហទំព័រ 9to5Mac ក៏​បាន​និយាយ​ដូច​ការ​អះអាង​ខាងលើ​ដែរ ។

ប៉ុន្តែ​ការ​បែកធ្លាយ​ដំបូង​លើក​ឡើង​ថា ចំពោះ​ម៉ូ​ដែល Plus របស់ iPhone ជំនាន់​ក្រោយ​នឹង​មាន​ថាមពល 3,100 mAh ។ រីឯ​ព័ត៌មាន​បែកធ្លាយ​ទី​២​អះអាង​ថា វា​នឹង​មាន​ថាមពល​ថ្ម​ត្រឹម 2,810 mAh ប៉ុណ្ណោះ ។ ពិត​ណាស់​យើង​មិនដឹង​ថា ព័ត៌មាន​មួយ​ណា​ជា​ប្រភព​ច្បាស់ការ​នោះ​ឡើយ ។

-​ក្រុមហ៊ុន Apple នឹង​ប្រកាស iPhone ជំនាន់​ក្រោយ​នៅ​ខែកញ្ញា ខាង​មុខ​នេះ ៖
ដូចដែល​ម៉ូ​ដែល iPhone ពី​មុន​ៗ​ដែរ ក្រុមហ៊ុន Apple ប្រហែល​នឹង​ប្រកាស iPhone ជំនាន់​ក្រោយ​នៅ​ដើមខែ​កញ្ញា ។

-​វា​នឹង​មាន​តម្លៃ​យ៉ាងតិច​ណាស់​៦៥០​ដុល្លារ ៖
ម៉ូ​ដែល iPhone 6s ដែល​មិន​មាន​ជាប់កិច្ចសន្យា​ពីរ​ឆ្នាំ ដាក់​លក់​ក្នុង​តម្លៃ​៦៤៩​ដុល្លារ និង iPhone 6s Plus តម្លៃ​៧៤៩​ដុល្លារ​។ ភាគច្រើន​នៃ iPhone ជំនាន់​មុន​ៗ​ក៏​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះ​ដែរ ។

នា​ពេល​នេះ នៅ​សហរដ្ឋអាមេរិក​មិន​បាន​ផ្តល់​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ទេ ។ ដូច្នេះ អ្នក​មិន​អាច​ទិញ iPhone ក្នុង​តម្លៃ​២០០​ដុល្លារ​បាន​ឡើយ ៕