កង​ម៉ា​រី​ន​ថៃ​បាញ់​កម្ទេច​នាវា​នេសាទ​វៀតណាម

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា នាវិក​ម្នាក់​បាត់​ខ្លួន អ្នកនេសាទ​២​នាក់​រង​របួស ហើយ​នាវា​២​គ្រឿង​ត្រូវ​លិច​កាលពី​ថ្ងៃ​ទី​៨ កក្កដា កន្លង​មកនេះ ដោយសារ​ការ​បាញ់ប្រហារ​របស់​កងកម្លាំង​នាវាចរណ៍​ថៃ​លើ​នាវា​នេសាទ​វៀតណាម​៣​គ្រឿង ។

យោង​តាម​អ្នក​យក​ព័ត៌មាន​របស់ VNA ថា នាវា​ទាំង​៣​គ្រឿង​នេះ​ចុះបញ្ជី​ក្នុង​ខេត្ត​បេន​ឌ្រី ភាគ​ខាងត្បូង​វៀតណាម ហើយ​ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក​ថៃ ។ ចំណែក​លេខា​ធិ​ការ​ទី​មួយ​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ថៃ​លោក NGUYEN HAI NGOC គូសបញ្ជាក់​ថា អ្នកនេសាទ​ទាំង​២​នាក់​ដែល​រង​របួស​ម្នាក់​មាន​អាយុ​២៨​ឆ្នាំ ហើយ​ម្នាក់​ទៀត​អាយុ​​២៥​ឆ្នាំ មាន​ដើម​កំណើត​នៅ ខេត្ត​បេន​ឌ្រី ត្រូវ​បាន​បញ្ជូន​មក​កាន់​ដែនដី​តាម​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ។ អ្នកនេសាទ​២​នាក់​នេះ​ត្រូវ​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ឯ​មូលដ្ឋាន​កង​​ម៉ា​រី​ន​ថៃ​មួយ ហើយ​ត្រូវ​បញ្ជូន​មក​កាន់​តុលាការ​នា​ថ្ងៃ​ទី​១១ កក្កដា ជាប់ចោទ​ពី​ការ​លុកលុយ និង​ចូល​នេសាទ​ដោយ​ខុសច្បាប់ ។

លេខា​ទី​មួយ​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ថៃ​អះអាង​ថា ការ​បាញ់ប្រហារ​លើ​បណ្តា​នាវា​បរទេស​ដែល​រំលោភ​បំពាន​ចូល​ដែនទឹក ប្រទេស​មួយ​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ ។

កាលពី​ថ្ងៃ​ទី​៨ កក្កដា នាវា​នេសាទ​វៀតណាម​៣​គ្រឿង​ជាមួយ​អ្នកនេសាទ​១៨​នាក់​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​ថៃ ត្រូវ​ដេញ​តាម ហើយ​រង​ការ​បាញ់ប្រហារ​របស់​កងទ័ពជើងទឹក​ថៃ ។ នាវា​២​គ្រឿង​របស់​វៀតណាម​ត្រូវ​បាញ់​លិច រួច​នាវិក​ម្នាក់​លើ​នាវា​មួយ​គ្រឿង​ត្រូវ​បាត់​ខ្លួន ។ ចំណែក​នាវា​វៀតណាម​ទី​៣​មួយទៀត​ត្រូវ​ចាប់ ។

នេះ​ជា​ការ​បាញ់ប្រហារ​លើក​ទី​២​ហើយ​របស់​កងទ័ពជើងទឹក​ថៃ ប្រឆាំង​នាវា​នេសាទ​វៀតណាម ។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ បណ្តា​នាវាចម្បាំង​ថៃ​បាន​បាញ់ប្រហារ​លើ​នាវា​នេសាទ​វៀតណាម បណ្តាល​ឱ្យ​នាវិក​ម្នាក់​ស្លាប់ ហើយ​២​នាក់​ទៀត​រង​របួស ។

បន្ទាប់​ពី​រឿង​នេះ ក្រសួងការបរទេស​វៀតណាម​បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​អមនុស្សធម៌​ប្រើ​កម្លាំង ឬ​ការ​គំរាមកំហែង​ប្រឆាំង​ពួក​អ្នកនេសាទ​វៀតណាម ហើយ​ស្នើ​ដល់​ថៃ​ឱ្យធ្វើ​ការ​ស៊ើបអង្កេត និង​ដាក់ទោស​បណ្តា​បុគ្គល​ដែល​ទាក់ទិន ៕