ការប្រកួត AFF U16 នៅថ្ងៃនេះ មានការផ្លាស់ប្តូរ ខណៈកីឡាករម៉ាឡេស៊ី ពុលអាហារ

គណៈកម្មការរៀបចំការប្រកួត AFF U16 Championship 2016 បានសម្រេចដោះដូរទីតាំង និងពេលវេលានៃការប្រកួត ដែលនឹងត្រូវធ្វើនៅថ្ងៃអង្គារនេះ ខណៈកីឡាករចំនួន១១នាក់របស់ក្រុមម៉ាឡេស៊ី បានពុលអាហារ រហូតដឹកទៅសម្រាក់ព្យាបាលនៅមន្ទីរពទ្យកាល់ម៉ែត កាលពីយប់ថ្ងៃចន្ទនោះ។

matchcancel5

ការចាញ់ក្រុមU16វៀតណាម ៣-០ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យក្រុមU16ម៉ាឡេស៊ី កំពុងឈរនៅបាតតារាងនៃពូលA ហើយការពុលអាហារ កាលពីយប់ថ្ងៃចន្ទ វាបានក្លាយជាវិបត្តិយ៉ាងធំ ដែលអាចនឹងធ្វើឲ្យក្រុមម៉ាឡេស៊ី ជួបការចាញ់ម្តងទៀត ខណៈពួកគេនៅសល់កីឡាករត្រឹម១២នាក់នោះ។

matchcancel4

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អមជាមួយនឹងមន្រ្តីសហព័ន្ធបាល់ទាត់អាស៊ាន និង ឯកឧត្តម សួស យ៉ារ៉ា សមាជិកនៃរដ្ឋសភាកម្ពុជា មកពីគណ:បក្សប្រជាជនកម្ពុជា បានចុះសួរសុខទុក្ខដល់កីឡាកររបស់ម៉ាឡេស៊ី ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាម៉ោងប្រមាណ១២ រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកក្កដា។ នេះបើតាមការបង្ហាញនៅលើគណនីយហ្វេសប៊ុករបស់លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូរទៅនៃក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែគេនៅមិនទាន់ដឹងថា កីឡាករទាំង១១នាក់របស់ក្រុមម៉ាឡេស៊ី ដែលបានពុលអាហារនោះ មានសុខភាពប្រសើរឡើងវិញបានកម្រិតណានៅឡើយទេ។

matchcancel3

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតរវាងក្រុមU16ម៉ាឡេស៊ី និងក្រុមចាញ់ថ្ងៃបើកឆាកដូចគ្នាគឺ U16ហ្វីលីពីន ដែលគ្រោងធ្វើចាប់ពីរសៀលម៉ោង ៣:៣០ នៅពហុកីឡដ្ឋានជាតិ ថ្ងៃនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួត ពន្យារពេលទៅធ្វើចាប់ពីម៉ោង ៩:៣០ យប់វិញ ដើម្បីទុកពេលឲ្យកីឡាកររបស់ម៉ាឡេស៊ី ដែលពុលអាហារនោះ បានសម្រាកយូរបន្តិច ហើយការលើកពេលនេះ គឺមានឯកភាពពីគ្រប់ភាគីពាក់ព័ន្ធ។

matchcancel2

ដោយឡែកក្រុមU16វៀតណាម និងក្រុមU16អូស្រ្តាលី ដែលគ្រោងធ្វើនៅស្តាតចាស់នោះ ត្រូវលើកមកធ្វើនៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៣:៣០ ទៅ ហើយក្រុមU16សិង្ហបុរី ត្រូវជួបក្រុមU16មីយ៉ាន់ម៉ា ចាប់ពីម៉ោង ៦:៣០ តទៅ នៅពហុកីឡដ្ឋានជាតិ ដដែល៕

matchcancel1