ស្ត្រី​ម្នាក់​ជា​មេ​ខ្លោង​ នាំអ្នក​ស្រុក​មក​ចាប់​​យក​ដី​គេ​

ខេត្ត​មណ្ឌលគិរី ៖ ​​​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ មាន​ចាស់​ក្មេង ​ប្រុស ​ស្រី ​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ជើង​​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ ក្នុងភូមិរ​វាក់ ឃុំរ​យ៉​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១១​ កក្កដា​ ២០១៦ ដោយ​បាន​ចាញ់​​ឃោសនា​ស្ត្រី​ម្នាក់​មក​ចាប់​​ដី​ក្រុមហ៊ុន​ ។ ​​ខណៈ​នោះ​ គេ​បានឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ខេត្តស្ទឹងត្រែង​ និង​មណ្ឌល​គិរី​​រាប់​សិប​នាក់​​ចុះ​អន្តរាគមន៍ ​ដើម្បី​រក្សា​​សណ្តាប់ធ្នាប់​ និង​អំពើ​ហិង្សា​រវាង​ភាគី​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​ ។

​លោក នុ​ត បឿន អភិបាលរង​ស្រុក​កោះ​ញែក​ឱ្យ​ដឹង​ថា​ នៅ​ចំណុច​ទី​ទាំង​ដែល​ប្រជាពលរដ្ឋ​​ប្រមូលផ្តុំ​គ្នា​នោះ ​ជា​ជ្រោយ​​នៃ​ផ្ទៃដី​របស់​​ខេត្តមណ្ឌលគិរី​ ហើយ​ផ្ទៃដី​នោះ​ជា​របស់​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ច ភើ​ល យ៉​ញ​-​ស្តុក ខម​ភេ​នី លី​មី​ធី​ត ​ក្នុង​ឡូ​ទី​៤ មាន​ផ្ទៃ​ចំនួន​៩.៦១៤​​ហិ​ក​តា សម្រាប់​វិ​នី​យោគ​ដំណាំ​កៅស៊ូ យោង​លិខិត​លេខ ៧២៩⁄០៧៤ ក​សក.​ន​ផ​.ផ​ក ចុះ​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ​២០១១ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ព្រមទាំង​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​០៩ ​កុម្ភៈ ឆ្នាំ​២០១១ ​ផង​ដែរ​ ។

​ស្ត្រី​ដែល​សមត្ថកិច្ច​សង្ស័យ​ថា ​ជា​មេ​ខ្លោង​​ក្នុង​ការ​កែន​ប្រជាពលរដ្ឋ​​ពី​ខេត្ត​ផ្សេង​ រួម​ជាមួយ​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង ​និង​ខេត្ត​រតនគិរី​ផង​នោះ ​បាន​និយាយ​ថា​ ខ្លួន​បាន​រស់នៅ​លើ​ដី​នេះ​ តាំងពី​ឆ្នាំ​២០០៩​ បន្ទាប់​មក​ ត្រូវ​បាន​ក្រុមហ៊ុន​រុះរើ​ឈូស​ឆាយ​ទីតាំង​របស់​គាត់​រស់នៅ​អស់​ ។​ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង ​និង​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់​ថា ​ស្ត្រី​រូប​នោះ​ ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ទេ​ហើយក៏​​មិន​មានការ​បញ្ជាក់​ទីលំនៅ​របស់​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នោះ​ដែរ ​។ ​ស្ត្រី​ដែល​ជាប់​សង្ស័យ​ជា​មេ​ខ្លោង​​ក្នុង​រឿង​ខាងលើ​នេះ​ក៏​បាន​អះអាង​ផ្ទាល់មាត់​ចំពោះ​មុខ​អាជ្ញាធរ​ដែរ​ថា កាលពី​ខ្លួន​មក​​សង់​ខ្ទម​រស់នៅ​ទីតាំង​នោះ​ សុទ្ធ​ជា​ព្រៃ​ដែល​ខ្លួន​គិត​ថា ​ជា​ដី​នៅ​ក្នុង​ខេត្តស្ទឹងត្រែង ​តែ​ក្រោយមក​ទើប​ដឹង​ថា​ ជា​ដី​ខេត្តមណ្ឌលគិរី​ ។

​លោក នុ​ត បឿន អភិបាលរង​ស្រុក​កោះ​ញែក​បាន​បញ្ជាក់​ថា ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មក​ប្រមូលផ្តុំ​គ្នា​នោះ​ មាន​មួយ​ចំនួន​ជា​​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំ​ផាត់​ខេត្តរតនគិរី​ និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។តំណាង​ក្រុមហ៊ុនផេ​ស៊ី​ហ្វិ​ចឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផេ​ស៊ីហ្វិ​ច​បែងចែក​ជា​បួន​ឡូ​ផ្សេង​ពី​គ្នា ដោយ​បាន​វិនិយោគ​លើ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល ហើយ​ចំណុច​ដែល​ប្រជាពលរដ្ឋ​មានការ​ប្រមូលផ្តុំ​គ្នា​នោះ​ គឺ​ស្ថិត​នៅ​ក្នុង​ឡូ​ទី​៤​មាន​ផ្ទៃដី​ចំនួន​៩.៦១៤​ហិ​កតា​ ដែល​កំពុង​អនុវត្ត​ដាំ​ដុះ​តាម​គោល​ការ​ក្រសួងកសិកម្ម ​។​

អ្នកតំណាង​ក្រុមហ៊ុន​នោះ​​បាន​បន្ត​ថា ​នេះ​ជា​លើក​ទី​៦​ហើយ​ ដែល​ប្រជាពលរដ្ឋ​មានការ​ប្រមូលផ្តុំ​គ្នា​ត្រៀម​​វាស់ដី​ចែក​គ្នា​សង់​ទី​កន្លែង​រស់នៅ​ដោយ​មាន​ស្ត្រី​មេ​ខ្លោង​ម្នាក់ ​ជា​អ្នក​បំផុសបំផុល​ដឹកនាំ​ក្រោម​ការ​ញុះញង់​ថា ​មាន​ដី​ទំនេរ​សម្រាប់​រស់នៅ​ និង​ធ្វើ​ដំណាំ​បាន ​ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​ នាំ​គ្នា​មក​យ៉ាង​គគ្រឹក​ក​គ្រេង​ទាំង​មិនដឹង​​ ។

​ស្ថិត​ក្នុង​ស្ថាន​ការ​ដែល​កំពុង​សម្របសម្រួល​រវាង​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ ប្រជា​ព​រដ្ឋ​ទាំងនោះ​ បាន​ស្នើ​សុំ​ឱ្យ​​អាជ្ញាធរ​អនុញ្ញាតឲ្យ​ពួក​​គេ​រស់នៅ​លើ​ផ្ទៃដី​នោះ​ ដោយសម្អាង​​ថា ​ពួក​ខ្លួន​ពុំ​មាន​ដី​សម្រាប់​រស់នៅ​ទេ ដោយឡែក​អាជ្ញាធរ​ស្រុក​ ​បាន​ធ្វើការ​សម្រប​សម្រួល​ថា ​ទីតាំង​នេះ​ជា​ដី​របស់​ក្រុម​ ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​នៅ​បាន​ទេ តែ​អាជ្ញាធរ​នឹង​​រក​ទីតាំង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​ នៅ​ជា​បណ្តោះអាសន្ន​បាន​ក្រៅពី​តំបន់​ដី​ខាងលើ​នេះ ហើយ​ប្រ​សិន​ប្រជាពលរដ្ឋ​ណា​ដែល​អះអាង​ថា ​ខ្លួន​ពុំ​មាន​ដី​រស់នៅ​ពិតមែន​នោះ​ សុំ​ឱ្យ​​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន នៅ​បច្ចុប្បន្ន​មក​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ថា​ ពិតជា​អត់​ដី​រស់នៅ​មែន  ទើប​អាច​​ចំណាត់ការ​បន្ត​បាន​ ។

​ក្រោយ​ការ​សម្របសម្រួល​​អូស​បន្លាយ​ពេលវេលា​​ពី​ព្រឹក​ រហូត​ម៉ោង​ជិត​១៣​រសៀល​ថ្ងៃ​ទី​១១ ​កក្កដា ​ប្រជា​ពល​​រដ្ឋ​បាន​រំសាយ​តាម​សំណូមពរ​របស់​អាជ្ញាធរ​សុំ​បន្ទាប់​បិ​ដឹង​ច្បាប់​ថា​ ពួក​ខ្លួន​ចាញ់​ឃោសនា​របស់​គេ​ ។