លោក ខៀវ កា​ញា​រី​ទ្ធ ៖ ករណី​បាញ់​សម្លាញ់​លោក​បណ្ឌិត កែម ឡី រដ្ឋាភិបាល​ជា​អ្នក​ខាត

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា ករណី​បាញ់​សម្លាញ់​លោក​បណ្ឌិត កែម ឡី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​រាជរដ្ឋាភិបាល ហើយ​ជា​អ្នក​ដែល​ខាត ។

លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​បាត់​បង់ជីវិត​លោក​បណ្ឌិត កែម ឡី មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​ទូ​ទាំង​អន្តរជាតិ​ក៏​មានការ​ភ្ញាក់ផ្អើល និង សោកស្តាយ​ដែរ ។ ទ​ន្ធឹ​ម​នឹង​នេះ ក៏​មានការ​សម្តែង​មតិ​ផ្សេង​ៗ​គ្នា រហូត​ដល់​អ្នកខ្លះ​គិត​បែប​នេះ អ្នកខ្លះ​គិត​បែប​នោះ និង​ខ្លះ​ទៀត​ប្រាប់​សមត្ថកិច្ច​ឲ្យ​ធ្វើ​បែប​នេះ និង​ធ្វើ​បែប​នោះ ។

លោក​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ​គិត​ថា មិន​គួរ​ប្រាប់​នោះ​ទេ ឬ​មិន​គួរ​បង្ហាត់​ត្រី​ឲ្យ​ចេះ​ហែល​ទឹក​នោះ​ទេ គឺ​ទុក​ឲ្យ​អ្នកជំនាញ​ធ្វើ​ការងារ​នោះ​ចុះ ។ ហើយ​យើង​នាំ​គ្នា​តាមដាន​រឿង​នេះ​តទៅ​ទៀត វា​យ៉ាងណា ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​រឿង​នេះ​សម្រាប់​ផ្ទាល់ខ្លួន​ខ្ញុំ យ៉ា ង​នេះ​ថា នៅ​ពេល​ណា​មាន​ឧក្រិដ្ឋកម្ម​កើតឡើង ហើយ​ដំបូង យើង​ត្រូវ​ដាក់​សំណួរ​ថា តើ​ឧក្រិដ្ឋ​កម្ម​នោះ​អ្នក​ណា​ជា​អ្នក​ចំណេញ? យើង​ដឹង​ហើយ​ថា រាជរដ្ឋាភិបាល​យើង​បច្ចុប្បន្ន​នេះ​សំខាន់​បំផុត​បាន​ខិតខំ​ណាស់​ធ្វើ​យ៉ាងណា​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​កំពុង​មាន​ស្ថេ​រ​ភាព និង​មាន​ប្រជាធិបតេយ្យ ។ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ​នោះ ហើយ​អស់លោក​ក៏​ចាំ​បាន​ដែរ​ថា លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​លើក​ឡើង​ថា ការ​រិះគន់​គឺជា​អំបិលម្រេច នៃ​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ក្នុង​ន័យ​នេះ​បាន​បង្ហាញ​ថា ប្រសិនបើ​ប្រទេស​ដែល​កាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ មិន​មានការ​រិះគន់ ក៏​មិនល្អ​នោះ​ទេ ។ ដូច្នេះ​សម្រាប់​កម្ពុជា គឺ​ការ​រិះគន់​ជា​ការ​ធម្មតា ហើយ​លោក​បណ្ឌិត កែម ឡី ក៏​មិនមែន​ជា​អ្នក​ទី​១ ដែល​រិះគន់​អំពី​ដំណើរការ​រដ្ឋាភិបាល និង​ដំណើរការ​សង្គម​កម្ពុជា ។ យើង​មាន​មនុស្ស​ច្រើន​ណាស់ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន មាន​ករណីរ​នេះ​កើតឡើង ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​ឲ្យ​មាន​សេរីភាព ។ ទោះបីជា​មានការ​ចាប់ខ្លួន​ជន​ស្ស័​យ​បាញ់​សម្លាប់​យ៉ាង​ក្តី ក៏​យើង​នៅ​តែ​តាមដាន​បន្ត​ទៀត ហើយ​យើង​គួរ​ទុក​ឲ្យ​អ្នកជំនាញ​ធ្វើការ​ស៊ើបសួរ​បន្ត​ចៀសវាង​ធ្វើ​អត្ថាធិប្បាយ​បង្វែង​ខុស ហើយ​ធ្វើ​ឲ្យ​ការ​លើក​ឡើង​របស់​សាធារណជន​មួយ​ចំនួន​លើក​ឡើង​ទៅ​រក​ផ្លូវខុស​បាន​» ។

លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​នឹង​មិន​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះនោះ​ទេ គឺ​នឹង​ខិតខំ​បន្ត​ការ​នឹង​រហូត ធ្វើ​យ៉ាងណា​រក​ឲ្យ​ឃើញ​ពន្លឺ​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ អ្នក​ដែល​ខាត​បំផុត​នោះ​គឺ​រាជរដ្ឋាភិបាល ពីព្រោះ​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ មានការ​រិះគន់ ដោយ​សេរី ។ ហើយ​កន្លង​មកនេះ ក្រសួង​ព័ត៌មាន​បាន​ខិតខំ​ពន្យល់​រាល់​ទិវា​សារព័ត៌មាន​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ កុំ​ឲ្យ​មានកា​ភ័យ​បារម្ភ ។

លោក ខៀ​រ កា​ញា​រី​ទ្ធ បន្ថែម​ថា ករណី​នេះ​បាន​កំពុង​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ទាំងមូល ហើយ​បញ្ហា​នេះ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​បំភ្លឺ​លើក​បញ្ហា​ងងឹត​នេះ ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​អំពី​បញ្ហា​សង្គម​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ស្តារ​ម៉ាត (Star Mart) ស្តុ​ប​បូកគោ ស្ថិត​នៅ​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ខណៈ​កំពុង​អង្គុយ​ទទួលទាន​កាហ្វេ ។ លោក​ត្រូវ​ឃាតករ​បាញ់​២​គ្រាប់ ក្នុង​នោះ​១​គ្រាប់​ចំ​ក្បាល និង​១​គ្រាប់​ទៀត​ចំ​ដើមដៃ​ធ្លាយ​ដល់​ក្រោម​ដោះ ហើយ​ឃាតករ​ដែល​បាញ់​សម្លាប់​លោក កែម ឡី ម្នាក់​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ៕