ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​គ្នា

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ក្នុង​៤​ករណី​ផ្សេង​គ្នា ក្នុង​នោះ​២​នាក់​ចាប់​តាម​ដីកា និង​២​នាក់​ចាប់​ជាក់ស្តែង ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ជាមួយនឹង​ថ្នាំ​ញៀន​៣៣​កញ្ចប់ ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នោះ​មាន ១-​ឈ្មោះ ហោ ប៉េង​ហាក់ ហៅ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ផ្ទះ​កណ្តាល​លើ ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ​, ២-​ឈ្មោះ មាស សុ​ភណ្ឌ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ល្វា​យ​ត្បូង ឃុំ​ល្វា​លើ ស្រុក​ចំការលើ​, ៣-​ឈ្មោះ យ៉ែ​ម សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ និង ៤-​ឈ្មោះ ថៃ ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​តាំង​ក្រាំង ឃុំ​ជាលា ស្រុក​បា​ធា​យ ។

លោក​វរសេនីយ៍ទោ សោម រស់ ប្រាប់​បន្ត​ថា ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ចំការ​អំពៅ ភូមិ​ព្រែក​ពោធិ៍​ក្រោម ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ មាន​ករណី​ជួយ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដោយ​មានការ​អនុញ្ញាត​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង លោកស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​បាន​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉េង ហាក់ ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង និង​លុយ​ខ្មែរ​៦​ម៉ឺន​រៀល​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ករណី​ទី​២ ឈ្មោះ មាស សុ​ភណ្ឌ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ លោក ហៃ ណៃ​ហេង ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយ​ទាប ស្រុក​កំ​ការ​លើ កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​មូលដ្ឋាន​ស្រុក​ចំការលើ រួច​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ។ ករណី​ទី​៣ ឈ្មោះ យ៉ែ​ម សា​រ៉ុ​ម ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា ដោយ​ចោទប្រកាន់​ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ភូមិ​ឃុំ​ជាមួយនឹង​អ្នក​ទី​២​ដែរ  ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជាក់​ថា ករណី​ទី​៤ វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ដោយ​មាន​កិច្ចសហការ​ការិយាល័យ​គ្រឿងញៀន​ខេត្ត និង ស្រុក​នោះ រហូត​ដល់​ឈាន​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថៃ ណាត  ដោយ​បាន​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣០​កញ្ចប់ ក្នុង​នោះ​ធំ​១​កញ្ចប់ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ផង​ដែរ ៕