អ្នកស្ម័គ្រចិត្ត​កូរ៉េ៥៨​នាក់ ចុះបង្រៀន​សិស្ស​ និង​កុមារ​ក្រីក្រ​កម្ពុជា​ ក្នុងសកម្មភាព​មនុស្សធម៌​

អ្នកស្ម័គ្រចិត្ត​កូរ៉េ៥៨​នាក់ ចុះបង្រៀន​សិស្ស​ និង​កុមារ​ក្រីក្រ​កម្ពុជា​ ក្នុងសកម្មភាព​មនុស្សធម៌​



​សៀមរាប ​៖​ អ្នកស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េខាងត្បូង​ប្រមាណ​ជិត​៦០​នាក់ ​ក្នុង​នោះ​មាន​និស្សិត​ចំនួន​៥០​នាក់​ និង​គ្រូ​៨​នាក់​ បាន​ចុះ​ទៅតាម​សាលារៀន​ និង​មជ្ឈមណ្ឌល​កុមារ​កំព្រា ​ដើម្បី​ស្វែងយល់​ពី​វប្បធម៌ ​និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​ និង​ធ្វើ​សកម្មភាព​សប្បុរសធម៌ ​ព្រមទាំង​ជួយ​បង្ហាត់​បង្រៀន​សិស្សានុសិស្ស និង​កុមារ​ក្រីក្រ​កម្ពុជា។​

អ្នកស្ម័គ្រចិត្ត នៃ​សាកលវិទ្យាល័យ​កាតូលិក​ នៃ​ប្រទេស​កូរ៉េ​បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៧​ បម្រើ​ការងារ​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​,​ហ្វីលីពីន​,​អ៊ូ​បេ​គី​ស្ថាន ​និង​ម៉ុង​ហ្គោ​លី​។ ​នេះ​គឺជា​សកម្មភាព​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សកល​របស់ Global Volunteer Corp ត្រូវបានគេទទួលស្គាល់​ផង​ដែរ​នៅ​កូរ៉េខាងត្បូង​។ ​ស្ថាប័ន​នេះ​បាន​ទទួល​រង្វាន់​ពី​ក្រសួងសុខាភិបាល​ នៃ​ប្រទេស​កូរ៉េខាងត្បូង​នៅ​ក្នុង​ឆ្នាំ​២០១៣​ ក្នុង​ការ​ចូលរួម​ចំណែក​សម្រាប់​ការ​ចែករំលែក ​នៃ​សេចក្ដី​ស្រឡាញ់ ​និង​សុភមង្គល។

បេសកកម្ម​របស់​អ្នកស្ម័គ្រចិត្ត​កូរ៉េ​នៅ​កម្ពុជា​មាន​រយៈពេល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៩​ ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ហើយ​កាលពី​ថ្ងៃអាទិត្យ ​ទី​១០​ ខែ​កក្កដា​នេះ ​ក្រុម​អ្នកស្ម័គ្រចិត្ត​កូរ៉េ​បាន​ជួយ​បង្រៀន​ដល់​សិស្សានុសិស្ស​នៅ​ក្នុង​សាលាបឋមសិក្សា​ពួក ​ដែល​មាន​ទីតាំងនៅ​ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប ​និង​កំពុង​ធ្វើការ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ Missionaries of Charity នៅ​ខេត្ត​សៀមរាប ដើម្បី​ចែករំលែក​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ និង​យកចិត្តទុកដាក់​ដល់​កុមារ​។​

នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ ពួកគាត់​បាន​ធ្វើការ​ថែទាំ​ទារក ​និង​បាន​ធ្វើការ​ជួសជុល​បរិក្ខារ​ និង​ឧបករណ៍​សម្រាប់​ការ​លេង​របស់​កុមារ ​និង​ជួយឧបត្ថម្ភ​អង្ករ​២​តោន​ ទៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ចិញ្ចឹម​ទារក​ និង​កុមារ​ក្រីក្រ​។​

លោក ​ហ្វ្រ​ង់​ស៊ី​ស្កូ គូ​បុ​ន​ម៉ាន់​ ( Fr. Francisco Koo Bonman) មេដឹកនាំ​ The Global Volunteer Corp និង​ជា​ព្រឹទ្ធបុរស ​នៃ​មហាវិទ្យាល័យ​កាតូលិក​នៅ​សាកលវិទ្យាល័យ​កាតូលិក ​នៃ​ប្រទេស​កូរ៉េ​បាន​មានប្រសាសន៍ថា ​«​យើង​មិន​បាន​មក​ទីនេះ​គ្រាន់តែ​ដើម្បី​ជួយ​មនុស្ស​តែមួយ​មុខ​ទេ តែ​យើង​បាន​មក​ទីនេះ​ដើម្បី​ចែករំលែក​ក្ដី​ស្រឡាញ់​ និង​ការថែទាំ​ដោយ​ស្មោះ​របស់​យើង​»​។​

លោក​បន្ត​ថា ​ទីភ្នាក់ងារ Global Volunteer Corp នឹង​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប ​នឹង​បន្ត​រួម​ចំណែក​របស់​ខ្លួន​ដើម្បី​ផ្តល់​​សេចក្ដីស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុកដាក់​រហូតដល់​ថ្ងៃ​ទី​១៨​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ខាងមុខ។

គួរ​បញ្ជាក់​ថា ​សកម្មភាព​ដែល​អ្នកស្ម័គ្រចិត្ត​កូរ៉េ​បាន​ធ្វើ​មាន​ដូចជា ​ការអប់រំ​អនាម័យ បរិស្ថាន បង្រៀន​គណិតវិទ្យា​,​វិទ្យាសាស្ត្រ​សង្គម​,​សិល្បៈ​ និង​ភាសា​កូរ៉េ​,​វប្បធម៌ តេ​ក្វាន់​ដូ និង​របាំ K-pop​ ផង​ដែរ។ ​ជាងនេះទៅទៀត ​ពួកគាត់​បាន​ជួយ​លាបថ្នាំ​ជញ្ជាំង​សាលា​ និង​បាន​គូស​រូបភាព​គួរឲ្យ​ទាក់​ទាញ​សម្រាប់​កុមារ​នៅក្នុង​សាលា​នេះ​ផងដែរ៕

អ្នកស្ម័គ្រចិត្ត​កូរ៉េ៥៨​នាក់ ចុះបង្រៀន​សិស្ស​ និង​កុមារ​ក្រីក្រ​កម្ពុជា​ ក្នុងសកម្មភាព​មនុស្សធម៌​