មន្ត្រី​​​ធ្លាក់​​​​យស​​​នឹង​​​មិន​​​​ប្រឈម​​​​នឹង​​​​​​​​​​វិធាន​​​​​​ការ​​​​​​​ផ្លូវ​​​​​​ច្បាប់​ចំពោះ​​​​ការ​​​កេង​​​​បន្លំ​

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយកាលពីម្សិលមិញថា អតីតប្រធានធ្លាក់ស័ក្តិនៃមន្ទីរកសិកម្មខេត្តកោះកុងមិនត្រូវបានផ្តន្ទាទោសទេ ទោះបីសារភាពថា បានទទួលប្រាក់ចំណេញពីការលក់ដីរដ្ឋខុសច្បាប់ក៏ដោយ។ ការស៊ើបអង្កេតដោយក្រសួងនេះបានធ្វើឡើងដោយមានពាក្យបណ្តឹងមកពីមន្ត្រីមន្ទីរកសិកម្មខេត្តប្រាំនាក់កាលពីខែឧសភា បានរកឃើញថា លោក មាស សុភាព នៅពេលនោះជាប្រធានមន្ទីរខេត្តបានលក់ដីឡូត៍ទំនេរមួយកន្លែងទំហំ៣,៧ហិកតាក្នុងក្រុងខេមរភូមិន្ទ ក្នុងតម្លៃ៣២០.០០០ដុល្លារ។ លោករដ្ឋមន្ត្រី សាខុន បាននិយាយថា “លោក មាស សុភាព សារភាពថា គាត់ពិតជាបានលក់ដីរដ្ឋេនះមែន ហើយឥឡូវនេះគាត់បានប្រគល់ដីនេះឱ្យទៅរដ្ឋវិញហើយ”។ លោក សាខុននិយាយបន្ថែមថា លោកបានសន្និដ្ឋានថា អតីតប្រធានមន្ទីររូបនេះក៏បានប្រគល់ប្រាក់សងគេវិញដែរ។ លោក សាខុន បាននិយាយថា “ខ្ញុំគិតថាគាត់បានប្រគល់ប្រាក់ឱ្យទៅអ្នកទិញ ដើម្បីយកដីមកវិញ” ដោយលោកអះអាងថា លោកមិនស្គាល់អត្តសញ្ញាណអ្នកទិញនោះទេ។ លោក សាខុន បាននិយាយថា ទោះបីជាការកេងបន្លំទ្រព្យសម្បត្តិរដ្ឋត្រូវមានទោសជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំក៏ដោយ ក៏លោក សុភាព នឹងមិនប្រឈមនឹងផ្លូវច្បាប់ដែរ ហើយនៅតែមានឈ្មោះបើកប្រាក់ខែរបស់ក្រសួងដដែល។ លោករដ្ឋមន្ត្រីបាននិយាយថា “យើងមិនបញ្ជូនគាត់ទៅតុលាការទេ ពីព្រោះយើងមានការយោគយល់ដល់គាត់ ហើយគាត់មានផលលំបាកក្នុងជីវភាពគ្រូសារ”។ រដ្ឋមន្រ្តីរូបនេះបាននិយាយថា ដោយសារតែគ្មានពាក្យបណ្តឹងជាផ្លូវការដាក់ដោយមន្ត្រីដែលលាតត្រដាងអំពីអំពើពុករលួយរបស់លោក សុភាព ហើយក្រសួងក៏គ្មានអំណាចដើម្បីជំរុញឲ្យមានការចោទប្រកាន់គាត់បានដែរ។ លោក សាខុន បាននិយាយថា “យើងមិនអាចចាប់ខ្លួនគាត់បានទេ ហើយក៏មិនអាចបញ្ជូនគាត់ទៅកាន់តុលាការដែរ ពីព្រោះអ្នកក្រោមបង្គាប់របស់គាត់ពុំបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ទេ ហើយគេចាប់ផ្តើមនៅស្ងៀមស្ងាត់ ព្រោះលោក សុភាព បានប្រគល់ដីនេះមកឱ្យរដ្ឋវិញហើយ”។ លោករដ្ឋមន្ត្រីបាននិយាយថា លោក សុភាព ត្រូវបានដកចេញពីតំណែងកាលពីសប្តាហ៍មុន គឺប្រហែលពីរខែក្រោយពីបទល្មើសគាត់បានដឹងឮ ហើយក៏ទម្លាក់គាត់ទៅជានាយករងមជ្ឈមណ្ឌលឯកសារ និងព័ត៌មានកសិកម្មរបស់ក្រសួង។ អ្នកឯកទេសខាងច្បាប់ លោក សុខ សំអឿន បាននិយាយថា តាមពិតក្រសួងនិងអង្គភាពប្រឆាំងអំពើពុករលួយមានអំណាចអនុវត្តតាមវិធានការច្បាប់បន្ថែមទៀតប្រឆាំងលោក សុភាព។ លោកបាននិយាយថា “ព្រោះ…គាត់ជាមន្ត្រីរដ្ឋាភិបាល គាត់ក៏ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយដែរ។ ខ្ញុំមិនចង់និយាយថា ជាកាតព្វកិច្ចទេ… ប៉ុន្តែគេមានអំណាច…. រដ្ឋាភិបាលអាចដាក់ពាក្យបណ្តឹងបាន”។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបាននិយាយថាលោក សុភាពគួរតែបណ្តេញចេញពីការងារទាំងស្រុង ហើយផ្តន្ទាទោសភ្លាមៗ។ លោក កុល បាននិយាយថា”ខ្ញុំគិតថាគាត់គួរតែត្រូវបានដកចេញពីការងារទាំងស្រុង ហើយត្រូវបញ្ចប់ការងារទាំងស្រុង។ ម្យាងទៀត វិធានការផ្លូវច្បាប់ត្រូវតែអនុវត្តតាមអ្វីដែលច្បាប់បានចែង”។ លោកបាននិយាយថា ការបន្តមានការងារនិងការការពាររបស់លោក សុភាពឲ្យរួចពីច្បាប់ គឺបញ្ជាក់ឱ្យឃើញថា មានលក្ខណៈពិសេសដែលជារឿយៗផ្តល់ឱ្យមន្រ្តីរដ្ឋាភិបាលទាំងនោះ។ លោកបាននិយាយថា “រឿងនេះបានក្លាយជាការអនុវត្តធម្មតានៅក្នុងស្ថាប័នរដ្ឋាភិបាលឬស្ថាប័នសាធារណៈផ្សេងៗ។ បញ្ហានេះគឺជាទម្រង់និទណ្ឌភាព ហើយក៏ជាគំរូអាក្រក់មួយដែរ”៕មាំ វិបុល         © 2016, […]

The post មន្ត្រី​​​ធ្លាក់​​​​យស​​​នឹង​​​មិន​​​​ប្រឈម​​​​នឹង​​​​​​​​​​វិធាន​​​​​​ការ​​​​​​​ផ្លូវ​​​​​​ច្បាប់​ចំពោះ​​​​ការ​​​កេង​​​​បន្លំ​ appeared first on The Cambodia Daily.