លោកស្រី THERESA MAY ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ដា​វី​ដ កា​មី​រ៉ូ​ន ដែល​សុំ​លាលែង​ចេញពី​តំណែង​ក្រោយ BREXIT ប្រកាស​នា​ថ្ងៃ​ទី​១១ កក្កដា ថា រដ្ឋមន្ត្រី​មហាផ្ទៃ​លោកស្រី THERESA MAY នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​អង់គ្លេស ចាប់ពី​យប់​ថ្ងៃ​ទី​១៣ កក្កដា ទៅ ។

នៅ​មុខ​សភា DOWNING STREET លោក​កា​មី​រ៉ូ​ន ថ្លែង​ទាំង​ញញឹម​ស្រស់ស្រាយ​ថា លោក​នឹង​ដឹកនាំ​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១២ កក្កដា រួច​នឹង​ចូលរួម​កិច្ចប្រជុំ​ចោទសួរ និង​ឆ្លើយ​នៅ​សភា​នា​ថ្ងៃ​ទី​១៣ កក្កដា បន្ទាប់​មក នឹង​ទៅ​កាន់​ព្រះ​បរមរាជវាំង BACKINGHAM ដើម្បី​ដាក់​ពាក្យសុំ​លាលែង​ថ្វាយ​ព្រះ​មហាក្សត្រី​យា​នី ហើយ​ពេល​នោះ​យើង​នឹង​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​រូប​ដែល​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ព្រះ​បរមរាជវាំង​នោះ​នា​យប់​ថ្ងៃ​ទី​១៣ កក្កដា ។

លោកស្រី THERESA MAY បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ត្រូវ​ចូល​គាល់​ព្រះ​មហាក្សត្រីយា​នី​អេ​លី​ហ្សា​ប៊ែ​តទី​២ ភ្លាម​ៗ ក្រោយ​ការ​សុំ​លាលែង​របស់​លោក​កា​មី​រ៉ូ​ន ។ បន្ទាប់​មក​ទៀត លោកស្រី​នឹង​ទៅ​កាន់​វិមាន​សភា​១០ DOWNING STREET ដើម្បី​កាន់​តំណែង​ថ្មី​ជា​នាយក​រដ្ឋមន្ត្រី ។

លោក​កា​មី​រ៉ូ​ន បាន​ស្វាគមន៍​សេចក្តីសម្រេច​ចិត្ត​របស់​លោកស្រី ANDREA LEADSON រដ្ឋមន្ត្រី​ថាមពល​ដែល​សុខចិត្ត​ដកខ្លួន​ថយ​លែង​ប្រជែង​ជាមួយ​លោកស្រី MAY ។

លោក​គូសបញ្ជាក់​ថា យើង​នឹង​មិន​ចាំបាច់​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​យូរ​ទៀត​ឡើយ ។ ខ្ញុំ​យល់​ថា លោកស្រី ANDREA LEADSON ពិតជា​ធ្វើការ​សម្រេច​ល្អ​សុខចិត្ត​ដកខ្លួន​ថយ ។ ពិត​ណាស់ លោកស្រី THERESA MAY ទទួល​ការ​គាំទ្រ​ច្រើន​ក្នុង​ចំណោម​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម ។ រូប​ខ្ញុំ​ផ្ទាល់​ក៏​រីករាយ​ដែរ ដែល​លោកស្រី THERESA MAY ក្លាយជា​នាយក​រដ្ឋមន្ត្រី ។ លោកស្រី​ជា​មនុស្ស​ខ្លាំង មាន​សមត្ថភាព​លោកស្រី​អាច​មាន​លទ្ធភាព​ជា​អ្នកដឹកនាំ​ដែល​ប្រទេស​ត្រូវការ​ក្នុង​បណ្តា​ឆ្នាំ​ខាង​មុខ ហើយ​​លោកស្រី​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ពី​រូប​ខ្ញុំ​។

លោក​កា​មី​រ៉ូ​ន ប្រកាស​ពី​អ្នក​ឡើង​បន្តវេន​ពី​រូប​លោក​ដោយ​ទឹកមុខ​ញញឹម ហើយ​ថែម​ទាំង​ច្រៀង​សប្បាយ​ទៀត​ផង ៕