រឿង​សមុទ្រ​ចិន​ខាងត្បូង​ក្រុង​ប៉េ​កាំ​ង​មិន​បន្ទន់ឥរិយាបថ​មុន​ការ​សម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ

ប្រទេស​ចិន​នា​ថ្ងៃ​ទី​១២ កក្កដា រង់ចាំ​មើល​ដោយ​ជំហរ​ម៉ឺងម៉ាត់ សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ (​អាជ្ញាកណ្តាល​) ក្រុង​ឡា​អេ ស្តី​ពី​ជម្លោះ​ដែនដី​ដ៏​ចម្រូងចម្រាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

ក្រុង​ប៉េ​កាំ​ង​ឱ្យ​ដឹង​រួច​ហើយ​ថា ខ្លួន​នឹង​ពុំ​ទទួលយក​សាលក្រម​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​នោះ​ឡើយ ។

តុលាការ​អចិន្ត្រៃយ៍​ម​ជ្ឈ​ត្ត​ការ CPA ត្រូវ​ចេញ​ការ​សម្រេចចិត្ត​នា​ថ្ងៃ​ទី​១២ កក្កដា នៅ​ទីក្រុង​ឡា​អេ ទាក់ទិន​នឹង​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​ហ្វ៊ី​លី​ពី​ន ។ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ក្រុង​ប៉េ​កាំ​ង​លើក​ឡើង​ថា តុ​​លា​ការ​នោះ​ពុំ​មាន​សមត្ថកិច្ច​លើ​រឿង​នេះ​ឡើយ​និង​ថា​ខ្លួន​នឹង​ពុំ​ទទួលស្គាល់​សាលក្រម​ដែល​តាម​ពិត​ប៉ះពាល់​ដល់​បុព្វហេតុ​ជាតិ​របស់​ខ្លួន​ឡើយ ។

សារព័ត៌មាន​ទាំងឡាយ​របស់​ចិន​នា​ថ្ងៃ​ទី​១២ កក្កដា ចេញផ្សាយ​ក្រោម​ចំណងជើង​ធំ​ៗ​ថា «​ម​ជ្ឈ​ត្ត​ការ​ពុំ​មាន​សុពលភាព​ឡើយ​» ។ អ្នក​ជំនាញការ​ចិន​ម្នាក់​និយាយ​ថា ម​ជ្ឈ​ត្ត​ការ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រំលោភ​បំពាន​លើ​ច្បាប់​អន្តរជាតិ ។ តុលាការ​ម​ជ្ឈ​ត្ត​ការ​ពុំ​ត្រូវ​ប្រើ​ក្នុង​គោលដៅ​នយោបាយ​ឡើយ ។ សមុទ្រ​នេះ​ជា​សមុទ្រ​ដែល​អ្នកនេសាទ​ចិន​រស់ និង​ស្លាប់​។

សារព័ត៌មាន​ផ្លូវការ​ចិន​អះអាង​ថា ក្រុង​ប៉េ​កាំ​ង​ពុំ​ដកថយ​មួយ​ជំហាន​ណា​ឡើយ ក្រោយ​សាលក្រម​របស់​តុលាការ CPA រួច​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង អះអាង​កាល​ពី​ដើម​ខែកក្កដា ថា ចិន​នឹង​ធ្វើការ​សម្របសម្រួល​ណាមួយ​លើ​អធិបតេយ្យភាព​របស់​ខ្លួន​ឡើយ ៕