អភិបាលខេត្ត​កំពង់ធំ៖ ​​សក្ដានុពលក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្មរបស់ខេត្ត គឺកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ស្រូវ 

អភិបាលខេត្ត​កំពង់ធំ៖ ​​សក្ដានុពលក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្មរបស់ខេត្ត គឺកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ស្រូវ 



កំពង់ធំ ៖ ​​លោក​អ៊ុត សំអន​ អភិបាលខេត្ត​កំពង់ធំ  បានមានប្រសាសន៍ប្រាប់អភិបាលរង​ខេត្ត​សុរិន្ទថា ​សក្ដានុពល ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម នៅ​ក្នុង​ខេត្តកំពង់ធំ ដែល​កំពុងតែ​ត្រូវ​បាន​យកចិត្តទុកដាក់ មានដំណាំ​កៅស៊ូ ដំឡូង​មី ស្វាយចន្ទី ស្រូវ អង្ករ និង​ដំណាំ​ជាច្រើន​ទៀត។

ប្រសាសន៍​នេះ​ត្រូវ​បាន​លើកឡើង ក្នុង​ពិធី​សំណេះសំណាល ​ចំណង​មេត្រីភាព ខេត្តកំពង់ធំ និង​ខេត្ត​សុរិន្ទ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​កំពង់ធំ ក្រោយពី​បាន​ធ្វើ​កិច្ច​ស្វាគមន៍​ គណៈប្រតិភូ​ថៃ ដែល​អញ្ជើញ​មក​សួរសុខទុក្ខ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​អាជ្ញាធរ ​មន្ត្រីរាជការ ក្នុង​ខេត្ត​កំពង់ធំ រួចមក។

លោក​ ឆៃ​សិទ្ធ ផានី​ផុង អភិបាលរង​ខេត្ត​សុរិន្ទ បាន​កោតសរសើរ​ចំពោះ​ ចំណងមិត្តភាព​រវាង​ខេត្ត​ទាំងពីរ ​ដើម្បី​ជំរុញ​ដល់​ការ​ចុះហត្ថលេខា អនុស្សរណៈ នូវ​កិច្ចព្រមព្រៀង​យោគយល់​គ្នា នូវ​ចំណង​មេត្រីភាព​រវាង​ខេត្ត​សុរិន្ទ និង​ខេត្តកំពង់ធំ។ ចំពោះ​បញ្ហា​ការ​រុករាន បំផ្លាញ​ព្រៃឈើ យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់ ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​២ និង​រក្សា​សម្ពន្ធ​មេត្រីភាព​ជាមួយគ្នា ហើយ​ក្រុមការងារ​ទាំងពីរ នឹង​ជួប​​ពិភាក្សា​គ្នា។

លោក​គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ចាប់​អំឡុង​ឆ្នាំ​២០១៣ កន្លងមកនេះ ខេត្ត​ទាំង​២ បានធ្វើការ​ទំនាក់ទំនង ប្រជុំ​ជាមួយគ្នា​រហូតមក ដោយ​សមាសភាព​ថ្នាក់ដឹកនាំ​ខេត្ត​សុរិន្ទ​មានការ​ផ្លាស់ប្ដូរ ទើប​ធ្វើ​ឲ្យ​ការងារ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ មានការ​យឺតយ៉ាវ ដោយ​ផ្អែក​ទៅ​លើ​ឯកសារ ពង្រាង​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះហត្ថលេខា អនុស្សរណៈ​យោគយល់​គ្នា ដែល​ត្រូវបាន​ផ្តោតទៅលើ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ពាណិជ្ជកម្ម បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វប្បធម៌​សិល្បៈ និង​វិស័យ​ឯកជន​មួយចំនួនទៀត ដើម្បី​ឲ្យ​តាម​មន្ទីរ​ជំនាញ​វិស័យ​ខេត្ត​ទាំង​២ ធ្វើ​ការងារ​ជាមួយគ្នា ដោយមាន​លោក​អភិបាលខេត្ត​ទាំងពីរ ជា​ប្រធាន។

ក្នុង​កិច្ច​ពិភាក្សា​រវាង​ខេត្ត​ទាំងពីរ ត្រូវបាន​ឯកភាព​គ្នា​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន និង​បង្កើន​ល្បឿន​នៃ​ការ ចុះ​កិច្ចព្រមព្រៀង នូវ​សេចក្តីព្រៀង​ក្នុង​ដំណើរ​ការ​ចង​សម្ពន្ធ​មេត្រីភាព​រវាង​ខេត្ត​សុរិន្ទ និង​ខេត្តកំពង់ធំ និង​អនុវត្ត​តាមច្បាប់​ប្រទេស​ទាំងពីរ។ ចុងក្រោយ​គណៈប្រតិភូ​ទាំង​២​បានប្រគល់​វត្ថុ​អនុស្សាវរីយ៍ ទៅវិញទៅមក៕

អភិបាលខេត្ត​កំពង់ធំ៖ ​​សក្ដានុពលក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្មរបស់ខេត្ត គឺកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ស្រូវ 

អភិបាលខេត្ត​កំពង់ធំ៖ ​​សក្ដានុពលក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្មរបស់ខេត្ត គឺកៅស៊ូ ដំឡូង​មី ស្វាយចន្ទី ស្រូវ