អតិថិជន​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​បង់លុយ របស់​ក្រុមហ៊ុន Sing Meng នឹង​ទទួល​បាន​ទូរទស្សន៍​ទំហំ​ពី ២៤ ទៅ ៣២​អ៊ីង

អតិថិជន​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​បង់លុយ របស់​ក្រុមហ៊ុន Sing Meng នឹង​ទទួល​បាន​ទូរទស្សន៍​ទំហំ​ពី ២៤ ទៅ ៣២​អ៊ីង



ភ្នំពេញ ​៖​ ក្រុមហ៊ុន Sing Meng Telecomm Co.,Ltd ចិន នៅ​កម្ពុជា មាន​គម្រោង​ពង្រីក​ការផ្សាយ​ទូរទស្សន៍​បង់ប្រាក់​របស់​ក្រុមហ៊ុន នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​នៅក្នុង​ការពង្រីក​ការផ្សាយ​នេះ ក្រុមហ៊ុន​គម្រោង​នឹង​ផ្តល់​ទូរទស្សន៍​ទំហំ​២៤ ទៅ ៣២​អ៊ីង ដល់​អតិថិជន​ណា​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​បង់ប្រាក់​រប​ស់​ក្រុមហ៊ុន។

នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Alice Xie នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sing Meng Telecomm Co.,Ltd ចិន ប្រចាំ​កម្ពុជា នាឱកាស​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ព័ត៌មាន។

លោកស្រី​នាយក​ប្រតិបត្តិ​បាន​ជម្រាប​ឲ្យ​ដឹងថា ការពង្រីក​ការផ្សាយ​របស់​ទូរទស្សន៍​បង់ប្រាក់​របស់​ក្រុមហ៊ុន Sing Meng នេះ គឺជា​ជំហាន​ដំបូង នឹង​ជ្រើស​រើសយក​ខេត្ត​ចំនួន​២ ដើម្បី​សាកល្បង ដោយ​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ជួយ​ណែនាំ​ដល់​ក្រុមហ៊ុន ដើម្បី​ដំណើរការ​សាកល្បង​ការផ្សាយ​ទូរទស្សន៍​របស់​ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​កន្លងមក ​បាន​ជួយ​ក្នុងការ​ពង្រីក​វិស័យ​ទូរទស្សន៍​បង់ប្រាក់នៅ​កម្ពុជា។ លោក​ស្រីបាន​ជម្រាប​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​ស្រី មាន​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​នេះ​ច្រើន ហើយ​ក្រុមហ៊ុនបាន​បង្កើន​បុគ្គលិក​ ដែល​ជា​ជនជាតិ​កម្ពុជា​រហូតដល់៨០​នាក់ ហើយ​គោលការណ៍​របស់​ក្រុមហ៊ុន គឺ​ជ្រើសរើស​បុគ្គលិក និង​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន ជា​អ្នក​នៅក្នុង​ប្រទេស។

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោកស្រី​នាយក​ប្រតិបត្តិ​ ក៏បាន​ជម្រាប​ជូន​ពី​គម្រោង​របស់​ទូរទស្សន៍​មជ្ឈិម​របស់​ចិន ដែល​នឹង​រៀបចំ​ពិព័រណ៍​ទាក់ទង​ការងារ​សោតទស្សន៍ នា​ខែតុលា ឆ្នាំ​២០១៦ ខាងមុខនេះ ហើយ​ក្រុមហ៊ុន Sing Meng នឹង​អញ្ជើញ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ផងដែរ។

លោកស្រី Alice Xie ក៏បាន​លើកឡើង​អំពី​ការពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន អំពី​កង្វះខាត​ក្នុង​ការ​រក​ទីផ្សារ សម្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា។ លោកស្រី​បាន​សន្យា​ថា នឹង​បញ្ជូន​អ្នកជំនាញ​ផ្នែក​ទីផ្សារ​មក​សហការ​ជាមួយ​ទូរទស្សន៍​ជាតិក​ម្ពុ​ជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​កម្រិត ចំណូល​មួយ​សមរម្យ ដែល​អាចឈាន​ទៅធ្វើ​ទំនើបភាវូបនីយកម្ម​ស​ម្ភារៈ និង​ការ​ផ្សាយបាន​ដោយ​រលូន។

ជា​កិច្ច​ឆ្លើយតប​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Sing Meng Telecomm Co.,Ltd ដែល​ប្រកាន់​គោលជំហរ​ក្នុងការ​ជ្រើសរើស​បុគ្គលិក​នៅក្នុង​ប្រទេស កម្ពុជា ហើយ​ជាមួយនេះ​ក្រសួង​ព័ត៌មាន នឹងធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ក្នុងការ​បណ្ដុះបណ្ដាល​ម​ន្ត្រី​ជំនាញ​ទីផ្សារ ដើម្បី​ឲ្យ​ទូរទស្សន៍​ជាតិ​កម្ពុជា មាន​ប្រភព​ចំណូល​មួយ​ទៀងទាត់ អាច​ដំណើរ​ការងារ​បាន​ទៅ​រលូន។

ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​បង់ប្រាក់​រប​ស់​ក្រុមហ៊ុន Sing Meng Telecomm Co.,Ltd លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានស្នើ​ដល់​ក្រុមហ៊ុន ឲ្យ​ធ្វើ​តារាង​តម្លៃ​ឲ្យ​បានច្បាស់លាស់ ដើម្បី​អាច​ប្រើប្រាស់​បាន មិន​ត្រឹមតែ​នៅតាម​ខេត្ត​ប៉ុណ្ណោះ​ទេ បើ​មានលទ្ធភាព​អាច​ពង្រីក​ឲ្យ​ទៅដល់​កងកម្លាំងប្រដាប់អាវុធ​ ដែល​ឈរជើង​នៅតាម​ព្រំដែន និង​តំបន់​ឆ្ងាយៗ​អាច​មើល​ទូរទស្សន៍​នេះ​បាន​ផង៕

អតិថិជន​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​បង់លុយ របស់​ក្រុមហ៊ុន Sing Meng នឹង​ទទួល​បាន​ទូរទស្សន៍​ទំហំ​ពី ២៤ ទៅ ៣២​អ៊ីង