បុរស​អេស្ប៉ាញ​សាក់​រូប​ព្រះពុទ្ធ​នៅ​កំភួន​ជើង​ចូល​ភូមា ​ដូច​យក​ទុក្ខ​ដាក់​ខ្លួន

បុរស​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​អេស្ប៉ាញ​ម្នាក់ ដែល​បាន​សាក់​រូប​ព្រះពុទ្ធ​នៅ​លើ​កំភួន​ជើង កំពុង​ធ្លាក់​ខ្លួន​ក្នុង​ស្ថានភាព​ដ៏​ក្តៅគគុក​មួយ បន្ទាប់​ពី​ព្រះសង្ឃ​បាន​សម្ដែង​នូវ​ភាព​ស្រងាក​ចិត្ត ចំពោះ​រូប​សាក់​នោះ។

 

បុរស​អេស្ប៉ាញ​សាក់​រូប​ព្រះពុទ្ធ​នៅ​កំភួន​ជើង​ចូល​ភូមា ​ដូច​យក​ទុក្ខ​ដាក់​ខ្លួន

 

មន្រ្តី​ប៉ូលិស​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​ចន្ទ ទី១១ ម្សិលមិញ​នេះ​ថា ភ្ញៀវ​ទេសចរ​អឺរ៉ុប​នោះ​បាន​ប្រឈម​នឹង​ការ​និរទេស ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​គាត់ មាន​សាក់​រូប​ព្រះពុទ្ធ​នៅ​លើ​កំភួន​ជើង។ យោង​តាម​សារព័ត៌មាន AFP បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្នុង​ទីក្រុង Bagan ដែល​ជា​ទីកន្លែង​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ ហើយ​ក្រោយ​មក​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង Yangon វិញ។

 

មន្រ្តី​ប៉ូលិស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «ព្រះសង្ឃ​នៅ​ក្នុង​ទីក្រុង Bagan បាន​ប្រទះ​ឃើញ​រូប​សាក់​ព្រះពុទ្ធ នៅ​លើ​កំភួន​ជើង​ខាង​ស្តាំ​របស់​បុរស​រូប​នោះ ដោយ​សារ​តែ​គាត់​ស្លៀក​ខោ​ខ្លី។ ព្រះ​សង្ឃ​បាន​មាន​សង្ឃដីកា​ប្រាប់​យើង​ថា វា​មិន​សមរម្យ​ឡើយ»។ មន្រ្តី​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត បាន​និយាយ​ដែរ​ថា «យើង​នឹង​បញ្ជូន​បុរស​រូប​នោះ​ត្រលប់​ទៅ​វិញ ដោយ​សារ​តែ​គាត់​បាន​រំលោភ​ច្បាប់ ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​នៅ​ទី​នេះ»។

 

មន្រ្តី​មក​ពី​ការិយាល័យ​រដ្ឋបាល ក្នុងទីក្រុង Bagan បាន​កំណត់​អត្តសញ្ញាណ​បុរស​នោះ​ហើយ ដោយ​គាត់​មាន​ឈ្មោះ​ថា Cesar Hernandez បាន​ធ្វើ​ដំណើរ​មក​ប្រទេស​មីយ៉ាន់ម៉ា ជា​មួយ​​ភរិយា។ លោក Kyaw Thu Win ជា​មន្រ្តី​ម្នាក់ បាន​និយាយ​ថា «មនុស្ស​មួយ​ចំនួន​បាន​ថត​រូបសាក់​នៅ​លើ​កំភួន​ជើង​បុរស​នោះ​ទុក រួច​រាយការណ៍​មក​ប៉ូលិស។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន របស់​គូ​ស្វាមី​ភរិយា​ទាំង​២នាក់​នោះ ប៉ូលិស​បាន​ណែ​នាំ​ឲ្យ​ពួក​គេ​ចាកចេញ​ពី​ទីក្រុង Bagan តែ​ម្តង»។

 

ជា​មួយ​គ្នា​នេះ​ដែរ លោក Aung San Win រដ្ឋមន្រ្តីក្រសួងសាសនា និងវប្បធម៌ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា «យើង​គ្មាន​មូលហេតុ​ដើម្បី​និរទេស​ពួក​គាត់​ឡើយ យើង​គ្រាន់​តែ​ណែនាំ​ពួក​គាត់​ឲ្យ​ថែរក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​តែ​មនុស្ស​មួយ​ចំនួន​អាច​សម្លឹង​ឃើញ​ថា រូប​សាក់​នៅ​លើ​កំភួន​ជើង​របស់​គាត់ ជា​ការ​ប្រមាថ​ដល់​សាសនា​ព្រះពុទ្ធ»។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រមាថ​ព្រះពុទ្ធ​គឺ​ជាបទល្មើស​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ជាក់ស្តែង កាល​ពី​ខែ​មីនា ឆ្នាំ២០១៥ កន្លង​ទៅ​នេះ បុរស​ជនជាតិ​នូវែលហ្សេឡង់​ម្នាក់ មាន​ឈ្មោះ​ថា Philip Blackwood ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ បន្ទាប់​ពី​បាន​បង្ហោះ​ផ្សព្វផ្សាយ​បារ​ដែល​ខ្លួន​គ្រប់គ្រង នៅ​ក្នុង​ទីក្រុង Yangon មាន​រូប​ព្រះពុទ្ធ​ពាក់​កាស ទៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent