មហាជន​នឹង​កំណត់​វាសនា​សព​លោក​បណ្ឌិត កែម ឡី

បើទោះបីជាលិខិតកម្មវិធីបុណ្យ បានចែកជូន ញាតិមិត្ត និងភ្ញៀវអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកបណ្ឌិត កែម ឡី ដែលកំពុងតម្កល់នៅវត្តពោធិយារាម (ហៅវត្តចាស់) រៀបរាប់ថា សពនឹងបូជា នៅថ្ងៃចន្ទ ១៨ កក្កដា ក៏ដោយ តែភរិយា និងគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បញ្ជាក់ថា ពិធីបូជាសព អាចនឹងប្រែប្រួល។ ប្រែប្រួល ដោយសារ ក្រុមគ្រួសារសព កំពុងពិចារណាសំណើពីមហាជន ដែលចង់រក្សាសពទុកអោយយូរថ្ងៃ គ្រាន់បានមើលមុខ។

នៅព្រឹកថ្ងៃទីពីរ នៃពិធីបុណ្យសពលោក កែម ឡី មឈូសកញ្ចក់ ត្រូវបានដឹកជញ្ជូនមកដល់ បរិវេណវត្តពោធិយារាម (ហៅវត្តចាស់) សង្កាត់ជ្រោយចង្វារ ជាទីតម្កល់សពអ្នកវិភាគនយោបាយកម្ពុជា។ សពរបស់លោក កែម ឡី នឹងត្រូវរំកិល ទុកក្នុងមឈូសកញ្ចក់នៅ រសៀលម៉ោង ៤ បន្ទាប់ពីខកខានមិនបានរំកិលនៅពេលព្រឹក ដោយសារមហាជនមកគោរពវិញ្ញាណក្ខន្ធច្រើនកុះករពេក។ នេះបើតាមការបញ្ជាក់ពី លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា ដែលជាសមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី។

ញាតិមិត្ត និងមហាជន ដែលបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកបណ្ឌិត កែម ឡី អាចទទួលបាន លិខិតកម្មវិធីបុណ្យ ដែលរៀបរាប់ថា សពនឹងបូជា នៅថ្ងៃចន្ទ ១៨ កក្កដា នៅវត្តចាស់ តែភរិយារបស់លោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានបញ្ជាក់បន្ថែមថា ទាំងក្រុមគ្រួសារ និងគណកម្មការរៀបចំសព នឹងពិចារណាឡើងវិញ តបតាម មតិមហាជន ដែលស្នើអោយរក្សាសព ទុករយៈពេលយូរជាងនេះ ដើម្បីចង់ឃើញមុខ លោកបណ្ឌិត កែម ឡី ក្នុងនាមជា វីរៈបុរសម្នាក់តទៅទៀត។

លោក ទឹម ម៉ាឡៃ សមាជិកគណៈកម្មការរៀបចំបុណ្យសព បញ្ជាក់ថា ការចាក់ការពារសព ព្រមទាំង មឈូសកញ្ចក់ នឹងត្រូវប្រើប្រាស់ ដើម្បីរក្សាសពលោក កែម ឡី ក្នុងរយៈពេលមួយ ដែលមិនទាន់បានកំណត់ជាក់លាក់។ តែការរក្សាទុកសពរយៈពេលយូរ អាចប្រឈមនឹងការចំណាយ ចំណាត់ការគ្រប់គ្រង ការគិតគូពីហានិភ័យផ្សេងទៀត។ សពលោកបណ្ឌិត កែម ឡី នឹងតម្កល់ទុក ១០ថ្ងៃ នៅវត្តចាស់ ហើយអាចនឹងត្រូវបូជាតាមប្រពៃណីខ្មែរ នៅពេលណាមួយ អាស្រ័យលើ មហាជន ដោយសារ ក្រុមគ្រួសារ ចាត់ទុក សពលោក កែម ឡី ជាបុគ្គលសាធារណៈមួយរូបដែរ។

សមាជិកគណៈកម្មការរៀបចំបុណ្យសព បង្ហើបអោយដឹងថា ប្រសិនបើ សពលោកបណ្ឌិត កែម ឡី មិនអាចតម្កល់យូរថ្ងៃ ក្នុងវត្តពោធិយារ៉ាម សពអាចនឹងរំកិលទៅតម្កល់នៅ ស្រុកកំណើតរបស់លោក កែម ឡី នាស្រុកត្រាំកក់ ខេត្តតាកែវ៕

ប្រភពៈ RFI


Related Posts