លោក​សួន សេរី​រដ្ឋា​ថា ៖​ គ្មាន​ហេតុផល​អី​ដែល​គណបក្ស​កាន់អំណាច​រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី នោះ​ទេ

លោក​សួន សេរី​រដ្ឋា​ថា ៖​ គ្មាន​ហេតុផល​អី​ដែល​គណបក្ស​កាន់អំណាច​រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី នោះ​ទេ



ភ្នំពេញ​ ៖​ ការ​លើកឡើង​របស់​លោក សួន សេរី​រដ្ឋា នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅក្នុង​ស្តា​ម៉ា​តនៃ​ស្ថានីយ​សាំង​កាល់​តិច​កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ហើយ​មាន​ក្រុម​មនុស្ស​ជ្រុលនិយម​មួយចំនួន​បានដាក់​ការសង្ស័យថា ឃាតកម្ម​នោះ គឺជា​ការរៀបចំ​របស់​បក្ស​កាន់អំណាច។

លោក សួន សេរី​រដ្ឋា ដែល​គេ​ធ្លាប់​ដឹង​ថា ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​មិន​សំចៃ​មាត់​នោះ បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ថា គ្មាន​ហេតុផល​អី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​សង្ស័យ គួរតែ​សង្ស័យ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ លោក​បញ្ជាក់ថា “​វា​គ្មាន​ហេតុផល​អី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​ទៅ​រៀបចំ​ផែនការ​សម្លាប់​លោក កែម ឡី ក្នុងពេលដែល​ខ្លួន​កំពុង​រង​សម្ពាធ​គាបសង្កត់​ពី​អន្តរជាតិ​នោះទេ ហើយ​បើ​លើក​នូវ​ហេតុផល​សង្ស័យថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​សម្លាប់​លោក កែម ឡី ព្រោះ​លោក កែម ឡី និយាយ​ប៉ះពាល់​ការដឹកនាំ​របស់​គណបក្ស​នេះ ក៏​គួរតែ​ដាក់​ការសង្ស័យ​នេះ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នៅ​ពី​ក្រោយខ្នង​ដូចគ្នា ព្រោះ​លោក កែម ឡី ធ្លាប់​និយាយ​ប៉ះពាល់​ដល់​ការដឹកនាំ​ភាព​កំសាក និង​អំពើ​​ក្បត់​អ្នកគាំទ្រ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ដែរ​តើ​”​។​

ទាក់ទង​បញ្ហា​នេះដែរ ប្រធាន​គណបក្ស​អំណាច​​​ខ្មែរ លោក សួន សេរី​រដ្ឋា ក៏បាន​ប្រតិកម្ម​ជាមួយ​ក្រុម​មនុស្ស​មួយចំនួន​ដែល​ហួងហែង​សព​លោក កែម ឡី មិន​ឲ្យ​គេ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ។

លោក​ថ្លែងថា ក្នុងនាម​ជា​អ្នកនយោបាយ​ម្នាក់ លោក​សោកស្ដាយ​ដែល​ក្រុម​អ្នក​ផ្កាប់មុខ​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នាំគ្នា​ហួងហែង​ត្រួតត្រា​គ្រប់គ្រង​ពិធី​បុណ្យ​សព​លោក កែម ឡី ដោយ​មិន​ខ្លាចរអា​ចិត្ត​ភរិយា និង​កូនៗ ព្រមទាំង​សាច់​ញាតិ​របស់​សព ដែល​ពួកគេ​កំពុង​មាន​ទុក្ខ​ជា​ទម្ងន់។

លោក សួន សេរី​រដ្ឋា បាន​ថ្លែង​កាល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ថា “​នោះ​គឺជា​បុណ្យសព​លោក កែម ឡី មិនមែនជា​បុណ្យសព​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ រឿង ធី សុវណ្ណ​ថា និង កឹម សុខា ជា​រឿង​ដោយឡែក។ តែ​ខ្ញុំ​មិនដែល​ឮថា ធី សុវណ្ណ​ថា នាង​មាន​បញ្ហា ឬ​មានទំនាស់​ជាមួយនឹង​លោក​បណ្ឌិត កែម ឡី ទេ។ តែ​ក្រុម​អ្នក​ផ្កាប់មុខ​ជាមួយ សម រង្ស៊ី និង កឹម សុខា ក្នុង គណបក្ស​សង្គ្រោះ​ជាតិ​នេះ​វិញ​ទេ ដែល​ធ្លាប់​ដែល​លាប​ពណ៌​ថា លោក កែម ឡី លក់​ក្បាល​ឲ្យ ហ៊ុន សែន នោះ។ សូម​ចេះ​ខ្មាស​ខ្លួន ហើយ​ក្លាហាន​ហ៊ាន​ងប់​មុខ​ទទួលយក​ការពិត​ផង កុំ​យក​សព​បុគ្គល​ឯករាជ្យ​ម្នាក់ ដែលជា​អ្នករងគ្រោះ​ដោយ​ពួក​អ្នកនយោបាយ មក​ធ្វើ​អាជីវកម្ម​នយោបាយ​ថែមទៀត​”​។​

តាម​លោក សួន សេរី​រដ្ឋា អះអាងថា អ្នកណា​ក៏​គេ​មាន​សិទ្ធិ​ទៅ​ចូលរួម​មរណទុក្ខ សំរួម​កាយ​ចិត្ត គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត ដើម្បី​ជូន​ដំណើរ​នៅ​វេលា​ចុងក្រោយ​នេះ​ដែរ។ បើ​គ្រួសារ ប្រពន្ធ​កូន សាច់​ញាតិ គេ​គេ​មិន​ជំទាស់ គេ​មិន​ស្នើ​ហាម​ឃាត់ គឺ​គ្មាន​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ ឬ​គណបក្ស​ណា​មាន​សិទ្ធិ​ចេញ​មក​ហួងហែង​ទេ។

សូមបញ្ជាក់ថា លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា អមដោយ​លោក គីម សេង​លី ជា​អនុប្រធាន​គណបក្ស​បាន​យក​កម្រងផ្កា​ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ ជាមួយគ្នា​នោះ លោក​សួន សេរី​រដ្ឋា បានប្រកាស​ផ្តល់​ការឧបត្ថម្ភ​ជួយ​កូនៗ​របស់លោក កែម ឡី ឲ្យ​បាន​បន្ត​ការសិក្សា​រហូត​ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ​ផង​ដែរ។

តាម​លោក​សួន សេរី​រដ្ឋា បញ្ជាក់​ថា ឆ្លងកាត់​សភាពការណ៍ និង​ព្រឹត្តិការណ៍​ដូចគ្នានេះ តាំងពី​ឆ្នាំ​១៩៩៨ មក គឺ​ដូចជា​ករណី​លោកស្រី ពិសិដ្ឋ ពិ​លិ​កា ករណី​ព្រ​តេជគុណ សម ប៊ុនធឿន (​លោកគ្រូ​វិបសនា​របស់លោក​សួន សេរី​រដ្ឋា​) ករណី​លោក ជា វិជ្ជា (​ជា​មិត្តភក្តិ​របស់លោក​សួន សេរី​រដ្ឋា​) និង​អ្នក​ដទៃទៀត​ដូចជា​លោក ឈុត វុទ្ធី ហើយ​ឥឡូវ​ដល់​លោក កែម ឡី ទៀត។

អ្នកនយោបាយ​ភាគច្រើន​គេ​ចូលចិត្ត​យក​មុខ​មាត់ សម្ដែង​មតិ​ឈឺចាប់​នៅមុខ​ម៉ាស៊ីន​ថត​របស់​អ្នកសារព័ត៌មាន ហើយ​សម្ដែង​ការគាំទ្រ​ដូច​ភ្លើងចំបើង ដែល​ក្រោយពេល​បូជា​សាកសព​រលាយ​អស់ហើយ ក៏​ចប់​ទៅ​អស់រលីង​ជាមួយគ្នា​ដែរ តែ​ពេលនេះ លោក​មិន​ចង់​សភាពការណ៍​បែបនេះ​កើត​ដដែលៗ​ជា​ដដែល​ទៀត​ទេ ទើប​លោក​សម្រេចចិត្ត​ប្រកាស​ផ្តល់​ការឧបត្ថម្ភ​ជួយ​កូនៗ​របស់​លោក កែម ឡី ឲ្យ​បាន​បន្ត​ការសិក្សា​រហូត​ចប់​ថ្នាក់បរិញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ បើ​ពួកគេ​មិន​រត់ចោល​សាលា​ទេ​។

លោក សួន សេរី​រដ្ឋា អះអាងថា នេះ​មិនមែន​ជាការ​កេងចំណេញ​នយោបាយ​ទេ តែ​គឺជា​ការស្រឡាញ់​ការអប់រំ​ ដែល​លោក​តែងតែ​ជួយ​ និង​ផ្តល់ឱកាស​ដល់​អ្នក​ចង់​សិក្សា​គ្រប់គ្នា ព្រោះ​លោក​ជឿជាក់ថា អំណាច​នៃ​ការអប់រំ គឺអាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំងអស់​។ យើង​មិន​អាចជួយ​ឲ្យ​ជីវិត​គាត់​រស់​វិញ​ទេ តែ​យើង​អាចជួយ​ឲ្យ​ឧ​ត្ត​ម​គតិ​របស់គាត់​នៅរស់​រហូត ហើយ​យើង​អាច​បន្ត​ជួយ​គ្រាប់ពូជ​របស់គាត់​ឲ្យ​រស់នៅ​មាន​ក្តីសង្ឃឹម​កក់ក្តៅ​រហូត​ផងដែរ៕