បុរស​អេស្ប៉ាញ​សាក់​រូប​ព្រះពុទ្ធ​នៅ​កំភួន​ជើង​ចូល​ភូមា ​ដូច​យក​ទុក្ខ​ដាក់​ខ្លួន

បុរសជាភ្ញៀវទេសចរជនជាតិអេស្ប៉ាញម្នាក់ ដែលបានសាក់រូបព្រះពុទ្ធនៅលើកំភួនជើង កំពុងធ្លាក់ខ្លួនក្នុងស្ថានភាពដ៏ក្តៅគគុកមួយ បន្ទាប់ពីព្រះសង្ឃបានសម្ដែងនូវភាពស្រងាកចិត្ត ចំពោះរូបសាក់នោះ។

បុរស​អេស្ប៉ាញ​សាក់​រូប​ព្រះពុទ្ធ​នៅ​កំភួន​ជើង​ចូល​ភូមា ​ដូច​យក​ទុក្ខ​ដាក់​ខ្លួន

មន្រ្តីប៉ូលិសបាននិយាយប្រាប់ឲ្យដឹង កាលពីថ្ងៃចន្ទ ទី១១ ម្សិលមិញនេះថា ភ្ញៀវទេសចរអឺរ៉ុបនោះបានប្រឈមនឹងការនិរទេស ចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគេប្រទះឃើញគាត់ មានសាក់រូបព្រះពុទ្ធនៅលើកំភួនជើង។ យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា បុរសម្នាក់នោះត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Bagan ដែលជាទីកន្លែងសម្បូរទៅដោយប្រាសាទបុរាណ ហើយក្រោយមកត្រូវគេបញ្ជូនទៅកាន់ទីក្រុង Yangon វិញ។

មន្រ្តីប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា «ព្រះសង្ឃនៅក្នុងទីក្រុង Bagan បានប្រទះឃើញរូបសាក់ព្រះពុទ្ធ នៅលើកំភួនជើងខាងស្តាំរបស់បុរសរូបនោះ ដោយសារតែគាត់ស្លៀកខោខ្លី។ ព្រះសង្ឃបានមានសង្ឃដីកាប្រាប់យើងថា វាមិនសមរម្យឡើយ»។ មន្រ្តីប៉ូលិសសុំមិនបញ្ចេញឈ្មោះម្នាក់ទៀត បាននិយាយដែរថា «យើងនឹងបញ្ជូនបុរសរូបនោះត្រលប់ទៅវិញ ដោយសារតែគាត់បានរំលោភច្បាប់ ក្នុងនាមជាភ្ញៀវទេសចរនៅទីនេះ»។

មន្រ្តីមកពីការិយាល័យរដ្ឋបាល ក្នុងទីក្រុង Bagan បានកំណត់អត្តសញ្ញាណបុរសនោះហើយ ដោយគាត់មានឈ្មោះថា Cesar Hernandez បានធ្វើដំណើរមកប្រទេសមីយ៉ាន់ម៉ា ជាមួយភរិយា។ លោក Kyaw Thu Win ជាមន្រ្តីម្នាក់ បាននិយាយថា «មនុស្សមួយចំនួនបានថតរូបសាក់នៅលើកំភួនជើងបុរសនោះទុក រួចរាយការណ៍មកប៉ូលិស។ ដូច្នេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន របស់គូស្វាមីភរិយាទាំង២នាក់នោះ ប៉ូលិសបានណែនាំឲ្យពួកគេចាកចេញពីទីក្រុង Bagan តែម្តង»។

ជាមួយគ្នានេះដែរ លោក Aung San Win រដ្ឋមន្រ្តីក្រសួងសាសនា និងវប្បធម៌ ក៏បានឲ្យដឹងដែរថា «យើងគ្មានមូលហេតុដើម្បីនិរទេសពួកគាត់ឡើយ យើងគ្រាន់តែណែនាំពួកគាត់ឲ្យថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ ព្រោះតែមនុស្សមួយចំនួនអាចសម្លឹងឃើញថា រូបសាក់នៅលើកំភួនជើងរបស់គាត់ ជាការប្រមាថដល់សាសនាព្រះពុទ្ធ»។

គួរបញ្ជាក់ផងដែរថា ការប្រមាថព្រះពុទ្ធគឺជាបទល្មើសធ្ងន់ធ្ងរមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាក់ស្តែង កាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បុរសជនជាតិនូវែលហ្សេឡង់ម្នាក់ មានឈ្មោះថា Philip Blackwood ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ៦ខែ បន្ទាប់ពីបានបង្ហោះផ្សព្វផ្សាយបារដែលខ្លួនគ្រប់គ្រង នៅក្នុងទីក្រុង Yangon មានរូបព្រះពុទ្ធពាក់កាស ទៅលើបណ្តាញសង្គមហ្វេសប៊ុក៕

ប្រភព៖ sabay

  • បុរស​អេស្ប៉ាញ​សាក់​រូប​ព្រះពុទ្ធ​នៅ​កំភួន​ជើង​ចូល​ភូមា ​ដូច​យក​ទុក្ខ​ដាក់​ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/12  Category:ជីវិតនិងសង្គម
Tags: