ហួសចិត្ត ! អាយុ​ដូច​គ្នា ស្លាប់​ក្នុង​ម៉ោង​ដូច​គ្នា

ខេត្តក្រចេះ ៖ យុវជន​ម្នាក់ និង យុវតី​ម្នាក់ មាន​អាយុ​ស្របាល​គ្នា បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​ម៉ោង​តែ​មួយ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ទាំង​២​ករណី​នេះ មួយ​ករណី​បង្ក​ឡើង​ដោយសារ​រថយន្ត​កូរ៉េ​បុក​ជាមួយ​ម៉ូតូ​នៅ​ក្រុង​ក្រចេះ បណ្តាល​ឲ្យ​ស្លាប់​យុវតី​ម្នាក់ និង​មួយ​ករណី​ទៀត​កើតឡើង​នៅ​ស្រុក​ស្នួល បង្ក​ឡើង​ដោយ​ខ្លួនឯង ជិះ​ម៉ូតូ​ធំ​បុក​បង្គោល​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​យុវជន​ម្នាក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ មាស ស្រី​និ​ច អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​យុវតី​រង​គ្រោះ​បាន​ជួប​ហេតុការណ៍ ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​នៅ​ក្រុង​ក្រចេះ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១​កក្កដា ដោយ​អ្នក​បើរ​រថយន្ត​នោះ​បាន​គេចខ្លួន​បាត់ ។ ចំណែកឯ​យុវជន​ម្នាក់​ទៀត​ឈ្មោះ រី បា​ស៊ី​ស អាយុ​១៦​ឆ្នាំ រស់នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១១​កក្កដា​ដូច​គ្នា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង ខណៈ​ដែល​យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​បុក​បង្គោល​ចរាចរណ៍​លើ​ផ្លូវជាតិ ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល បណ្តាល​ឲ្យ​ផ្លោង​បាក់​.​ក​ស្លាប់​ភ្លាម​ៗ ។

នៅ​ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​២​កន្លែង​ក្នុង​ពេល​តែ​មួយ​បណ្តាល​ឲ្យ​យុវជន​ម្នាក់ និង យុវតី​ម្នាក់ អាយុ​ស្របាល​គ្នា​បាន​ស្លាប់​នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ដាក់​ការ​សន្និដ្ឋាន​ថា គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​ការ​បើក​របរ​លើស​ល្បឿន និង​ការ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន ៕