អាច​ចូល​លេង​កូរ៉េ​ខាង​ជើង​ ដោយ​​មិនបាច់​មាន​​លិខិតឆ្លង​ដែន

​តាម​សារ​ព័​​ត៌​មាន​​របស់​ប្រទេស​ចិន​​បាន​​អះអាង​​​កាលពី​ថ្ងៃ​ចន្ទ​​ថា ប្រទេស​កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឱ្យ​​ភ្ញៀវ​ទេសចរ​​ជនជាតិ​ចិន​ ចូល​លេង​​ប្រទេស​របស់​ខ្លួន ​ដោយ​មិន​ចាំបាច់​មាន​​លិខិត​ឆ្លង​ដែន​ ចំពោះ​ដំណើរ​កម្សាន្ត​កន្លះ​ថ្ងៃ ។ ដោយសារ​ប្រទេស​ដែល​ផ្តាច់ខ្លួន​ពី​គេ​នេះ​ កំពុង​តែ​រក​ប្រភព​ចំណូល​ពី​ប្រទេស​ដទៃ​ បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ម្តង​ហើយ​​ម្តងទៀត​ ក្នុង​ពេល​មិនយូរ​ប៉ុន្មាន​នេះ​ ។

ក្រុមហ៊ុន​សារ​ព័​​ត៌​មាន Xinhua បាន​ធ្វើការ​រាយការណ៍​​​ថា ការ​ចូល​លេង​ដោយ​មិន​ចាំបាច់​មាន​​លិខិតឆ្លងដែន​ ដែល​​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍​​ អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជនជាតិចិន​ ធ្វើ​ដំណើរ​កម្សាន្ត​ពី​ក្រុង Dandong ដែល​នៅ​ព្រំដែន​ចូល​មក​​កាន់ ក្រុង Sinuju របស់​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ក្នុង​បរវេ​ណ​មួយ​​ដែល​បាន​កំណត់​គឺ​ប្រហែល​៣០,០០០​ម៉ែ​ត្រ​​បួន​ជ្រុង ​។ ភ្ញៀវ​ទេសចរ​​នឹង​ត្រូវធ្វើ​ដំណើរ​​ទៅ​តាម​​កញ្ចប់​​ដំណើរ​កម្សាន្ត​មួយ​ប្រភេទ​​បាន​​កំណត់​ ។

​ភ្ញៀវ​ទេសចរ​បង់ថ្លៃ​ចំនួន​៣៥០​យ័ន ឬ​៥២​ដុល្លា​រ​ សម្រាប់​ដំណើរ​កម្សាន្ត​នេះ​ ។ អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ទេសចរណ៍ ​ដែល​បាន​រៀបចំ​​ដំណើរ​កម្សាន្ត​នេះ​ បាន​ប្រាប់ Xinhua ថា​ បរិវេណដំណើរ​កម្សាន្ត​នេះ​ អាច​លាតសន្ធឹង​ដល់​ទៅ១៣០,០០០​ម៉ែ​ត្រ ​បួន​ជ្រុង​នៅ​ថ្ងៃ​ខាង​មុខ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ឱ្យ​​បាន​កាន់តែ​​ច្រើន ​។

​Xinhua បាន​បន្ត​ថា ភ្ញៀវ​ទេសចរ​​ជនជាតិ​ចិន​ប្រហែល​១០,០០០​នាក់​ បាន​ធ្វើ​ដំណើរ​ពី​ក្រុង Dandong ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​រៀងរាល់ថ្ងៃ ​។ ​ប្រទេស​ចិន ​គឺជា​មិត្ត​ដ៏​ជិត​ស្និទ្ធ និង​ជា​ដៃគូ​​ពា​ណិ​ជ្ច​កម្ម​ដ៏​សំខាន់​​បំផុត ប៉ុន្តែ​ប្រទេស​ចិនមិន​យល់​ព្រមទៅ​លើ​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ដូច​ប្រទេស​ដទៃ​ទេ ​។

​ប៉ុន្តែ​កាលពី​​អាទិត្យ​មុន ប្រទេស​ចិន​បាន​ធ្វើការ​រិះគន់​​ទៅ​លើ​សេចក្តីសម្រេច​របស់​សហរដ្ឋ​អា​មេ​រិ​ក ​ដែល​បាន​ចុះ​​លោក Kim Jong Un ដែល​ជា​អ្នកដឹកនាំ​របស់​ប្រទេស​កូ​រ៉េខាងជើង ចូល​ក្នុង​បញ្ជី​នៃ​អ្នក​រំលោភ​បំពាន​​លើ​សិទ្ធិ​មនុស្ស​ ។

​របាយការណ៍​អន្តរជាតិ​ជឿជាក់​ថា​ ទណ្ឌកម្ម​ដែល​បាន​ផ្តោត​​ទៅ​លើ​វិស័យ​ធនាគារ​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន និង​ធ្វើ​ពា​ណិ​ជ្ច​កម្ម​ធនធានធម្មជាតិ បាន​ធ្វើ​​ឱ្យ​មានការ​លំបាក​ ក្នុង​ការ​នាំ​​ចូល​ប្រាក់​បរទេស​ មក​ក្នុង​ប្រទេស​ ។