ត​វ៉ា​រឿង​តុ​លា​ការ​កាត់​ក្ដី​ឱ្យ​អ្នក​ទាម​ទារ​ដី​កេរ​ពី​សង្គម​ចាស់​ឈ្នះ​ក្ដី

ត​វ៉ា​រឿង​តុ​លា​ការ​កាត់​ក្ដី​ឱ្យ​អ្នក​ទាម​ទារ​ដី​កេរ​ពី​សង្គម​ចាស់​ឈ្នះ​ក្ដី



រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​អ្នក​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជា​ច្រើន​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១០​កក្កដា បាន​ជួប​ប្រមូលផ្តុំ​គ្នា ទ​ទួ​ច​សុំ​សម្តេច​តេ​ជោ សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់ ឱ្យ​ជួយ​អន្តរាគមន៍​ដើម្បី​សើរើ​រឿង​ក្ដី​ដីធ្លី​របស់​គាត់ ដែល​ត្រូវ​បាន​អ្នក​ភូមិ​ម្នាក់​ដែល​ជា​ម្ចាស់​ដី​កេរ​ពី​ដូនតា​ប្តឹង​យក​ទាំង​អយុត្តិធម៌ ។

លោក ឈឺ​ន ឈឿ​ប ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ដែល​ជា​ម្ចាស់​ដី និង​ជា​អ្នក​ចាញ់ក្តី​ទាំង​អយុត្តិធម៌ បានឱ្យ​ដឹង​ថា គាត់​និង​គ្រួ​សារបាន​រស់នៅ​លើ​ដី​ទំហំ​ប្រមាណ​៦០​ម៉ែត្រ​គុណ​នឹង ១០០​ម៉ែត្រ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ។ នៅ​ឆ្នាំ ១៩៨០ ភូមិ ឃុំ ក៏​បាន​ចែក​ដី​នោះ​ជា​របប​ភូមិ​ឃុំ​រឹង​មាំ ដើម្បី​ឱ្យ​គាត់​គ្រប់គ្រង​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដ៏​ទៃ​ទៀត​ដែរ ។

នៅ​ឆ្នាំ​១៩៩៥ ស្រាប់តែ​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​យ៉ា​ន់ សាវ ដែល​បច្ចុប្បន្ន​បាន​ស្លាប់​បាត់​ទៅ​ហើយ​បាន​មក​សុំ​ដី​កេរ​នៅ​ផ្នែក​ខាងក្រោយ តែ​គាត់​មិន​ឱ្យ ហើយ​ក៏​បាន​ប្តឹង​ទាមទារ​យក​ដី​របស់​គាត់​ដែល​ជា​អំណោយ​រដ្ឋ​ក្រោយ​ឆ្នាំ​១៩៧៩ ទំហំ​ប្រមាណ​៥៥​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ មួយ​កំណាត់​ខាងក្រោយ​តែ​ម្តង ។

លោក ឈឺ​ន ឈឿ​ប បាន​បន្ត​ទៀត​ថា នៅ​ពេល​មានការ​ប្តឹង​ទាមទារ​យក​ដី​កេរ​ពី​សង្គមចាស់ ស្រាប់តែ​សាលាដំបូង​ខេត្ត ក៏​បាន​ចេញ​ដិ​ការ ប្រគល់​ដី​នោះ​ទៅ​ឱ្យឈ្មោះ យ៉ា​ន់ សាវ ហើយ​ឈាន​ទៅ​អនុវត្ត​សាលក្រម​ឱ្យ​ប្រគល់​ដី តែ​គាត់​មិន​ព្រម​ក៏​មានការ​ប្តឹងផ្តល់​គ្នា រហូត​មក​ដល់​ពេល​នេះ ។ លុះ​ក្រោយមក​ឈ្មោះ យ៉ា​ន់ សាវ ក៏​បាន​ស្លាប់​នៅ​ពេល​ប្តឹងផ្តល់​គ្នា​ដល់​តុលាការ​កំពូល ក៏​បាន​លេច​ឈ្មោះ សាវ សុ​ខឿន ដែល​ត្រូវជា​កូន​ប្តឹង​ទាមទារ​បន្ដ​ទៅ​វិញ ។

តាម​ម្ចាស់​ដី​បាន​ចាត់​ទុក​ថា នេះ​ជា​រឿង​អយុត្តិធម៌ ដែល​គាត់​ខំ​រស់នៅ​លើ​ដី​អំណោយ រដ្ឋ​តាំងពី​ឆ្នាំ​១៩៧៩ ស្រាប់តែ​ម្ចាស់​ដី​កេរ​ពី​សង្គមចាស់​ប្តឹង​ទាមទារ​យក ត្រូវ​បាន​តុលាការ​ប្រគល់​ដី​នោះ ។ បើសិនជា​អ្នកមាន​កេរ​ពី​សង្គមចាស់​ប្តឹង​យក​កេរ​បាន​បែប​នេះ គេ​នាំ​គ្នា​ប្តឹង​គ្រប់​គ្នា​ពេញ​ស្រុក​ខ្មែរ​ទៅ​ហើយ ព្រោះ​ម្នាក់​ៗ​សុទ្ធ​មាន​ដី​គេ​អាករ​ពី​ដូនតា ហើយ​នៅ​ឆ្នាំ​៧៩ ត្រូវ​បាន​គេ​ចូល​មក​រស់នៅ​ដោយ​សេរី និង​បាន​សង្គម​ថ្មី​ប្រគល់​ឱ្យ ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​អ្នក​ភូមិ​ជា​ច្រើន​បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​ឈ្មោះ ឈឺ​ន ឈឿ​ប ដែល​ត្រូវ​បាន​ឃុំ​ចែក​ឱ្យ​ដូច​ប្រជាពលរដ្ឋ​ដ៏​ទៃ​ទៀត​ដែរ តែ​ធ្វើ​ម៉េ​ច​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​គាត់​ចាញ់ បែរជា​យក​ដី​នេះ​ទៅ​ឱ្យ​ម្ចាស់​ដើម​ពី​សង្គម​ទៅ​វិញ ។

លោក ឈឺ​ន ឈឿ​ប ក៏​បាន​សំណូមពរ​ឱ្យ​តុលាការ​កំពូល​មេត្តា​ជួយ​សើរើ​សំណុំរឿង​ដី ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​គាត់​បាន​កាន់កាប់​ដី​នេះ​ផង ។ 

លោក ឈឺ​ន ឈឿ​ប រួម​ទាំង​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​ចំនួន​១៩​នាក់ ដែល​បាន​ផ្តិត​មេដៃ គាំទ្រ​ធ្វើ​សាក្សី ក៏​បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន និង​លោក ជា សុ​ផា​រ៉ា មេ​ត្ត​ជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​ទាំង​ក្រុម​គ្រួសារ ដោយ​អនុគ្រោះ​ផង ៕