បង្ក្រាប​ទីតាំង​កន្ទុយលេខ​២​កន្លែង ឃាត់ខ្លួន​មេ​ឆ្នោត​៤​នាក់

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​កន្ទុយលេខ ដុះ​ស្លែ​ចំនួន​២​កន្លែង ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ប៉េសេ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ចុះ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​០៤​និង ២០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ធ្វើការ​ឃាត់ខ្លួន​មេ​កន្ទុយលេខ ប្រុស​ស្រី ០៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​បាន​ប្រាប់​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​គឺ កម្លាំង​អាជ្ញាធរ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ទាំង​២​ខាងលើ​នេះ​សម្ងំ​លួចលាក់ បើក​រកស៊ី​កត់​កន្ទុយលេខ​ខុសច្បាប់​យូរ​មក​ហើយ ទើប​នៅ​វេលា​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ខាងលើ ដោយ​មានការ​សម្របសម្រួល និង​ឯកភាព​ពី​លោក តុ​ប ឈុ​ន​ឡុ​ង ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​អាជ្ញាធរ​ចម្រុះ ចុះ​មក​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ខណៈ​ទីតាំង​ទាំង​២​កំពុង​ទទួល​កត់​ឆ្នោត​។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចុះ​បង្ក្រាប អាជ្ញាធរ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤​នាក់​(​ស្រី​០២​នាក់​) ដកហូត​វត្ថុ​តាង ក៏​ដូច​ជា​ឧបករណ៍​សម្រាប់​កត់​ឆ្នោត មួយ​ចំនួន​ធំ​ផង​ដែរ ។ ក្រោយ​ការ​ឃាត់ខ្លួន​ពួក​គេ​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕