ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​១៦​នាក់​ថ្មី​ទៀត​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ

ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ១៦​នាក់​ថ្មី​ទៀត បាន​ស្ម័គ្រ​ចិត្ត​វិល​ទៅ​ប្រទេស​វៀតណាម វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា។ ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ១៦​នាក់​នេះ​មាន​ស្រី​បី​នាក់ និង​កុមារ​បី​នាក់។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់​ថា ក្រុម​ការងារ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.(UNHCR) គឺ​ជា​អ្នក​សម្របសម្រួល​ដល់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង ១៦​នាក់​ទៅ​កាន់​ស្រុក​កំណើត​វិញ។ រីឯ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំងអស់​នេះ គឺ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​របស់​ជន​ម៉ុងតាញ៉ា​ដែល​យល់​ព្រម​វិល​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ បន្ទាប់​ពី​រង់ចាំ​ការ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជន​ភៀស​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​មិន​បាន​សម្រេច៖ «ក្នុង​ការ​ជូន​ដំណើរ​ត្រឡប់​ទៅ​វិញ ខាង យូ.អិន ជា​អ្នក​សម្របសម្រួល​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន។ ចំណែក​ខាង យូ.អិន ក៏​បាន​ជូន​ដំណើរ​រហូត​ទៅ​ដល់​ប្រទេស​វៀតណាម។ គាត់​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ទៀត»

ចាប់​ពី​ចុង​ឆ្នាំ​២០១៤ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ជាង ២០០​នាក់ បាន​រត់​ចេញ​ពី​ភាគ​កណ្ដាល​ប្រទេស​វៀតណាម មក​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ ជន​ភៀស​ខ្លួន​វៀតណាម ចំនួន ១៣​នាក់ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ហ្វីលីពីន តាម​រយៈ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ បច្ចុប្បន្ន​នៅ​សល់​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា កំពុង​រស់នៅ​ជំរំ​ស្នាក់​នៅ​ឯ​ទីក្រុង​ភ្នំពេញ​ចំនួន​ជាង ១៦០​នាក់​ទៀត។

ដោយឡែក​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន តួលេខ​សរុប​មាន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ចំនួន ៦៩​នាក់ ត្រូវ​បាន​អម​ដំណើរ​ដោយ យូ.អិន.អេច្ឆ.ស៊ី.អ វិល​ទៅ​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។