លោក កែ គឹ​ម​យ៉ា​ន ដាប់​អភិបាលស្រុក​ស្វាយចេក រឿង​ភក់ជ្រាំ​មុខ​ផ្សារ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​តឿន​អភិបាលស្រុក​ឲ្យ​ស្ថាបនា​ផ្លូវ​ខាង​មុខ​ផ្សារ ត្រូវ​ចាក់​បេតុង​កុំ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជីវករ​រិះគន់​ភក់ជ្រាំ​ជា​ច្រើន​ឆ្នាំ​ហើយ គ្មាន​ចំណាត់ការ​ធ្វើ ទុក​ឲ្យ​មានការ​ពិបាក​ចេញចូល​។ អាជីវករ​បាន​ប្រាប់​ថា ផ្សារ​ឃុំ​រលួស ស្រុក​ស្វាយចេក​នេះ ខាង​មុខ​ផ្សារ​មាន​ភក់ជ្រាំ និង​សំរាម​ចាក់ចោល​ដែល​ធ្វើ​អោយ​ប៉ះពាល់​បរិស្ថាន​ជា​ច្រើន​ឆ្នាំ​ហើយ ដែល​គ្មាន​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​យកចិត្តទុកដាក់​ឡើយ ចេញចូល​តាម​មុខ​ផ្សា​លែង​រួច​ទៅ​ហើយ ឃើញ​តែ​មក​វាស់វែង បំណង​ធ្វើ​តូប​លក់​នៅ​ខាង​មុខ​ផ្សា​បន្ត​ទៀត​ឬ​យ៉ាងណា​។

អាជីវករ​សំណូមពរ​សុំ​ឲ្យ​លោក ឃូរ ពៅ អភិបាលស្រុក​ស្វាយចេក និង​ម្ចាស់​ហ៊ុន​ផ្សារ ត្រូវ​យកចិត្តទុកដាក់ ស្ថាបនា​ខាង​មុខ​ផ្សារ​ឲ្យ​បាន​ស្អាត​សមរម្យ ជា​ផ្សារ​ដែល​មាន​សោភ័ណ​ភាព បរិស្ថាន​ល្អ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ចេញចូល​ទិញ​ទំនិញ​បាន​ប្រសើរ​។ គួរ​រំលឹក​ថា លោក​ឧបនាយករដ្ឋមន្ត្រី  កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​តឿន​រំលឹក​ដល់​លោក ឃូរ ពៅ អភិបាលស្រុក​ស្វាយចេក ត្រូវ​យកចិត្តទុកដាក់​មើល​ផ្សារ ឃុំ​រលួស ដែល​ប្រជាពលរដ្ឋ​រិះគន់​ថា មិន​យក​ភ្នែក​មើល ទុក​ភក់ជ្រាំ  និង​ចោល​សំរាម​បណ្តាល​ធុំក្លិន​ប៉ះពាល់​បរិស្ថាន​។

ត្រូវ​មាន​វិធានការ​ស្ថាបនា​ឲ្យ​បាន​ឆាប់ ដើម្បី​អោយ​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​។ លោក ឃូរ ពៅ អភិបាលស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ផ្សារ​ឃុំ​រលួស​នេះ មិនមែន​ជា​ផ្សា​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ  គឺ​បង្កើត​សមាគម​ន៍​មួយ​ដែល​រៃ​លុយ​គ្នា ពី​អាជីវករ ហើយ​បង្កើត​ជា​ផ្សារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ  តែ​នៅ​ខាង​មុខ​ផ្សារ​ដែល​មិន​ទាន់​ស្ថាបនា​នោះ​គឺ ខាង​សាលាស្រុក​កំពុង​រក​ដៃគូ​ស្ថាបនា​ឲ្យ​បាន​ឆាប់ នៅ​ពេល​ដែល​គ្មាន​ភ្លៀង​ធ្លាក់ តាម​ការ​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​៕