បាក់​ពិ​ដាន​ធ្លាក់​លើក​ម្មការ​នី រង​របួសធ្ងន់​៣​នាក់

ខេត្តកំពង់ឆ្នាំង ៖ ពិ​ដាន​ធ្វើ​ពី​ម្នាងសិលា នៅ​ក្នុង​អាគារ​A របស់​រោងចក្រ​កាត់ដេរ MV បាន​បាក់​ធ្លាក់​ត្រូវក្បាល​កម្ម​ការ​នី​ចំនួន​៣​នាក់​បាន​រង​របួស ហើយ​ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យខេត្ត​ជា​បន្ទាន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុង​រោងចក្រ​កាត់ដេរ MV វេលា​ម៉ោង​៧​និង​៣៥នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​បី​នាក់​មាន​១.​ឈ្មោះ វ៉ា​ន់ ស្រី​តូច អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង បាន​រង​របួស​ចំ​ក្បាល​សន្លប់​ជាង​៣​ម៉ោង ទើប​ដឹងខ្លួន​នៅ​ក្នុង​មន្ទីរពេទ្យ ២.​ឈ្មោះ ស៊ឹ​ម ស្រី​ស្រស់ អាយុ​២៧​ឆ្នាំ មាន​ផ្ទៃពោះ​៦​ខែ រស់នៅ​ក្នុង ភូមិ ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង បាន​រង​របួសធ្ងន់​ត្រង់​ស្មា​ក្បែរ​កញ្ចឹងករ​ផ្នែក​ខាងក្រោយ និង​ទី​៣.​ឈ្មោះ រ៉ែ​ន ភិ​រម្យ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូណ៌ រង​របួស​ក្បាល​ធ្ងន់ ។

ប្រភព​ពី​កម្ម​ការ​នី​ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​នាង​កំពុងធ្វើការ នៅ​ក្នុង​អាគារ​A ជា​អាគារ​ត្រួតពិនិត្យ​សំលៀក​បំពាក់​ក្រោយ​នៃ​ការ​កាត់ដេរ ខណៈនោះ​ស្រាប់តែ​ពិ​ដាន​ម្នាងសិលា​៤​ទៅ​៥​ផ្ទាំង មាន​ទំហំ​ប្រមាណ​កន្លះ​ម៉ែត្រ​៤​ជ្រុង​បាន​ធ្លាក់​មក​ចំ​ក្បាល​ពួក​នាង បណ្តាល​ឲ្យ​ពួក​នាង​ទាំង​៣​នាក់​រង​របួសធ្ងន់ ក្នុង​នោះ​មាន​ម្នាក់​បាន​សន្លប់​ជា​ច្រើន​ម៉ោង​។ ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​បញ្ជូន​ពួក​នាង​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។

ក្រុម​គ្រួសារ​អាណាព្យាបាល សំណូមពរ​ដល់​ប្រធាន​ក្រុមហ៊ុន​រោងចក្រ MV ជួយ​ព្យាបាល​របួស​ពួក​នាង​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ និង​សំណូមពរ​កុំ​ឲ្យ​កាត់​ប្រាក់ខែ​ពួក​នាង​ក្នុង​រយៈពេល​ដែល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ គេ​ឃើញ​តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ផង​ដែរ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។

ដោយឡែក​ជនជាតិ​ខ្មែរ​ម្នាក់​ជា​ប្រធាន​ធនធានមនុស្ស​ក្នុង​រោងចក្រ​បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​ដាច់​ខ្សែលួស ទើប​ពិ​ដាន​៤​ទៅ​៥​ផ្ទាំង​នេះ ធ្លាក់​ចំ​បងប្អូន​កម្មករ​ទាំង​៣​នាក់​។ ក្នុង​ករណី​នេះ ខាង​ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ថ្លៃ​ព្យាបាល​រហូត​ដល់​ជា​សះស្បើយ និង​មិន​កាត់​ប្រាក់ខែ​ពួក​គាត់​ដែរ ព្រោះ​នេះ​ជា​គ្រោះថ្នាក់​ក្នុង​ពេលធ្វើការ​ងារ​។ រីឯ​ពិ​ដាន​នៅ​ក្នុង​អាគារ​នេះ និង​អាគារ​ដទៃ​ទៀត​ក្រុមហ៊ុន​នឹង​ពិនិត្យ​មើល ព្រមទាំង​ដោះ​ដូរ​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​កើតឡើង​ទៀត​៕